ក្រុមមន្ត្រី​អ៊ីរ៉ាក់​និយាយថា​បាតុករ​៨​នាក់​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នៅ​កណ្តាល​ក្រុង​បា​កដាដ​

219
ចែករម្លែក

​ក្រុមមន្ត្រី​អ៊ីរ៉ាក់​និយាយថា មនុស្ស ៨ នាក់​បាន​ស្លាប់​និង​យ៉ាងហោចណាស់ ៩០ នាក់​បាន​រងរបួស​កា​ល​ពីថ្ងៃ​ព្រហស្បតិ៍​ទី​២១​វិច្ឆិកា​នៅក្នុង​ការប៉ះទង្គិច​គ្នា​ជាថ្មី​នៅ​កណ្តាល​ទីក្រុង​បា​កដាដ ដែលជា​ការប៉ះទង្គិច​គ្នា​ដ៏​សាហាវ​បំផុត​រវាង​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​និង​កងកម្លាំង​សន្តិសុខ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​។​

​ក្រុមមន្ត្រី​សន្តិសុខ​និយាយថា ដោយឡែក​ប៉ូលិស​ម្នាក់​ត្រូវបាន​សម្លាប់​និង ៦ នាក់​ផ្សេងទៀត​រងរបួស​នៅពេល​គ្រាប់បែក IED បាន​ផ្ទុះ​នៅ​ភាគ​ឦសាន​ទីក្រុង​បា​កដាដ​។​

​ក្រុមមន្ត្រី​សន្តិសុខ​និង​មន្ទីរពេទ្យ​បាន​និយាយថា​មនុស្ស​ម្នាក់​ត្រូវបាន​សម្លាប់​នៅពេល​កងកម្លាំង​សន្តិសុខ​គប់​គ្រាប់បែក​សំឡេង​ទៅលើ​ហ្វូង​បាតុករ​នៅលើ​ស្ពាន​យុទ្ធសាស្ត្រ​ស៊ីណា​ក់​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។​

​មុននេះ ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​នៅលើ​ផ្លូវ​រ៉ាស៊ី​តនៃ​ក្រុង​បា​កដាដ ដែលជា​មជ្ឈមណ្ឌល​វប្បធម៌​ល្បី​ខាង​អគារ​ចាស់ៗ និង នៅលើ​ស្ពាន​អា​រ៉ា​។ កងកម្លាំង​សន្តិសុខ​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត ឧស្ម័ន​បង្ហូរទឹកភ្នែក និង គ្រាប់បែក​សំឡេង ដើម្បី​បំបែក​ក្រុមបាតុករ​រាប់សិប​នាក់ ដែល​បណ្តាល​ឱ្យស្លាប់​និង​របួស​ជាច្រើន​នាក់​។​

​ក្រុមអ្នកតវ៉ា​បាន​កាន់កាប់​ផ្នែក​សំខាន់ៗ​នៃ​ស្ពាន​ធំៗ​ចំនួន ៣ របស់​ក្រុង​បា​កដាដ​គឺ​ស្ពាន​ស៊ីណា​ក់ ស្ពាន​អា​រ៉ា និង ស្ពាន​ជួរ​ម៉ូ​ហ៊ី​យ៉ា ដែល​ឆ្ពោះ​ទៅដល់​តំបន់​បៃតង ដែលជា​ទីតាំង​ធំ​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​។ កងកម្លាំង​សន្តិសុខ​ត្រូវបាន​ដាក់ពង្រាយ​នៅ​ត្រើយម្ខាង​ទៀត​ដើម្បី​បណ្តេញ​ពួកគេ​ពី​ការចូល​តំបន់​បៃតង ដែលមាន​អគារ​រដ្ឋាភិបាល​និង​ស្ថានទូត​បរទេស​ផ្សេងៗ​រួមទាំង​សហរដ្ឋ​អាម៉េរិក​ផង​។​

​បាតុករ​២​នាក់​ទៀត​ស្លាប់​នៅពេល​កំប៉ុង​ឧស្ម័ន​បង្ហូរទឹកភ្នែក​ផ្ទុះ​ចំពួក​គេ និង​ម្នាក់ទៀត​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​ពិត អំឡុង​ការប៉ះទង្គិច​គ្នា​នៅលើ​ផ្លូវ​រ៉ា​ស៊ីត​។ បាតុករ​៤​នាក់​ទៀត​ស្លាប់​ពេល​ប្រយុទ្ធ​គ្នា​ជាមួយ​ប៉ូលិស​នៅក្បែរ​ស្ពាន​អា​រ៉ា​និង​ស្ពាន​ស៊ីណា​ក់​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​៕ ដោយ៖​កញ្ញាដាលីស

បាតុករ​៨​នាក់​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​នៅ​ក្រុង​បា​កដាដ​កាលពី​ថ្ងៃ​ព្រហស្បតិ៍

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ