លោក​ត្រាំ​ជូនពរ​លោក​ផ​ម​ផេ​វ​ប្រសិនបើ​គាត់​លាឈប់​ដើម្បី​ឈរឈ្មោះ​ប្រជែង​កៅអី​ព្រឹទ្ធសភា​

360
ចែករម្លែក

​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​វិច្ឆិកា​ថា លោក​នឹង​គាំទ្រ​រដ្ឋមន្ត្រី​ក្រសួងការបរទេស ម៉ៃ ផ​ម​ផេ​វ ប្រសិនបើ​គាត់​លាឈប់​ដើម្បី​ឈរឈ្មោះ​ជា​ព្រឹទ្ធសមាជិក​ខណៈដែល​អ្នក​ការទូត​កំពូល​របស់​អាម៉េរិក​រូ​ប​នេះ​កាន់តែ​ផុង​ជ្រៅ​ទៅ​នៅក្នុង​ឆាកល្ខោន​ចោទប្រកាន់​ដើម្បី​ដកតំណែង​។​

​ការ​ជូនពរ​របស់លោក​ត្រាំ​ចំពោះ​លទ្ធភាព​ចាកចេញ​របស់​សម្ព័ន្ធមិត្ត​របស់លោក​គឺជា​ការបញ្ជាក់​ជា​សាធារណៈ​លើកដំបូង​ថា​លោក​ផ​ម​ផេ​វ​កំពុង​ពិចារណា​ឈរឈ្មោះ​ប្រជែង​កៅអី​ព្រឹទ្ធសភា​នៅ​ឆ្នាំក្រោយ​ក្នុង​រដ្ឋ​កំណើត​របស់លោក​គឺ​កាន់​សាស​។​

​ដោយ​តែងតែ​ប្រុងប្រយ័ត្ន​ជានិច្ច​មិន​ធ្វើឱ្យ​លោក​ត្រាំ​ខកចិត្ត លោក​ផ​ម​ផេ​វ​មានការ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​បង្ហាញ​លម្អិត​ក្នុង​សេចក្តីថ្លែងការណ៍​របស់​លោក​ទេ​ស្តីពី​ការ​ឈរឈ្មោះ​ប្រជែង​កៅអី​ព្រឹទ្ធសភា ខណៈដែល​ដំណើរ​ញឹកញាប់​របស់លោក​ទៅកាន់​រដ្ឋ​កាន់​សាស​និង​បទសម្ភាសន៍​ជា​ទៀងទាត់​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​រដ្ឋ​មហា​តំបន់​វាលទំនាប​នេះ​មិនអាច​បិទបាំង​បានឡើយ​នូវ​បំណង​របស់លោក​ចង់​ក្លាយជា​ព្រឹទ្ធសមាជិក​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កម្មវិធី “Fox and Friends” លោក​ត្រាំ​បាន​និយាយថា លោក​ផេ​ម​ផេ​វ​ប្រាប់​គាត់​ថា “​មើល ខ្ញុំ​សុខចិត្ត​បន្ត​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​” ប៉ុន្តែ​ថា​គាត់ “​ស្រឡាញ់​កាន់​សាស​”​។​

​លោក​ត្រាំ​និយាយថា “​ប្រសិនបើ​គាត់​គិតថា​មានឱកាស (​គណបក្ស​សាធារណរដ្ឋ​) នឹង​បាត់បង់​អាសនៈ​នោះ ខ្ញុំ​គិតថា​គាត់​នឹងធ្វើ​ដូច្នេះ ហើយ​គាត់​នឹង​ឈ្នះ​ភ្លូកទឹកភ្លូកដី​ព្រោះ​ពួកគេ​ស្រឡាញ់​គាត់​នៅ​រដ្ឋ​កាន់​សាស​”​។​

​កាន់​សាស​គឺជា​រដ្ឋ​សម្បូរ​អ្នកគាំទ្រ​បក្ស​សាធារណរដ្ឋ​ខ្លាំង​បំផុត​និង​មិនបាន​បោះឆ្នោត​ជ្រើសរើស​អ្នក​មកពី​បក្ស​ប្រជាធិបតេយ្យ​ឱ្យ​អង្គុយ​កៅអី​ព្រឹទ្ធសភា​តាំងពី​ឆ្នាំ ១៩៣២ ជា​រយៈពេល​យូរ​បំផុត​ដែល​រដ្ឋ​មួយ​បាន​បិទ​គណបក្ស​មួយ​ក្នុងចំណោម​គណបក្ស​ធំៗ​ពីរ​របស់​អាម៉េរិក​៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​ជូនពរ​លោក​ផ​ម​ផេ​វ​បើ​គាត់​ចង់​ប្រជែង​កៅអី​ព្រឹទ្ធសភា​នៅ​រដ្ឋ​កាន់​សាស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ