WHO ៖ ក្មេង​ជំទង់​អង្គុយ​យូរ ប្រឈម​ហានិភ័យ​សុខភាព ជំងឺ​បេះដូង និង ជំងឺផ្លូវចិត្ត​

577
ចែករម្លែក

​ការសិក្សា​មួយ​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​វិច្ឆិកា​បាន​ព្រមាន​ថា ក្មេង​ជំទង់​នៅ​ទូទាំង​ពិភពលោក​កំពុង​ធ្វើឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​របស់​ពួកគេ ដោយ​មិន​បានធ្វើ​លំ​ហាត់ប្រាណ​គ្រប់គ្រាន់​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធាត់​និង​ជំងឺ​សរសៃឈាម​បេះដូង​។​

​ការសិក្សា​ផ្អែកលើ​ទិន្នន័យ​ពី​ប្រជាជន ១,៦ លាន​នាក់​នៅក្នុង​ប្រទេស​ចំនួន ១៤៦ បាន​រកឃើញថា​ក្មេង​ជំទង់​ជាង ៨០ ភាគរយ​ដែលមាន​អាយុ​ចន្លោះ​ពី ១១ ទៅ ១៧ ឆ្នាំ​មិនបាន​បំពេញ​តាម​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ការធ្វើ​លំ​ហាត់ប្រាណ​យ៉ាងហោចណាស់​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ​នោះទេ​។​

​លោកស្រី ព្យូ​ណា ប៊ូល អ្នកឯកទេស​ខាង​សុខភាព​និង​លំ​ហាត់ប្រាណ​និង​ជា​សហ​អ្នកនិពន្ធ​នៃ​ការស្រាវជ្រាវ​នេះ បាន​និយាយថា “​បួន​នាក់​ក្នុងចំណោម​ក្មេង​ជំទង់​ប្រាំ​នាក់​មិន​ទទួលបាន​នូវ​ភាព​រីករាយ​និង​អត្ថប្រយោជន៍​សុខភាព​រាងកាយ​និង​សុខភាព​ផ្លូវចិត្ត​ពី​ការហាត់​ប្រាណ​ទៀងទាត់​នោះទេ​”​។​

​លោកស្រី​បាន​ជំ​រុញឱ្យ​អ្នកធ្វើ​គោលនយោបាយ​ទូទាំង​ពិភពលោក “​ធ្វើ​សកម្មភាព​ពី​ឥឡូវនេះ​ទៅ​ដើម្បី​សុខភាព​របស់​មនុស្ស​ជំនាន់​នេះ​និង​អនាគត​ក្មេងជំនាន់ក្រោយ​”​។​

​នៅ​ទូទាំង​ពិភពលោក ក្មេងស្រី​គឺ​អសកម្ម​ជាង​ក្មេងប្រុស ជាមួយ​ក្មេងស្រី ៨៥ ភាគរយ និង​ក្មេងប្រុស ៧៨ ភាគរយ ដែល​ត្រូវបាន​ស្ទង់​មតិ មិនបាន​សម្រេច​គោលដៅ​នៃ​ការហាត់​ប្រាណ​ប្រចាំថ្ងៃ​នោះទេ​៕ ដោយ៖ កញ្ញាដាលីស

ក្មេង​ជំទង់​ប្រឈម​ជំងឺ​ធាត់​និង​ជំងឺ​បេះដូង​ដោយសារ​អសកម្ម​នៅ​មួយកន្លែង​យូរពេក