៤៥​ឆ្នាំ​បន្ទាប់ពី​និក​សុន ប្រធានាធិបតី​អាម៉េរិក​ម្នាក់ទៀត​ប្រឈម​ការ​ចោទ​ទោស​ទម្លាក់​តំណែង​

1011
ចែករម្លែក

​នៅ​ថ្ងៃ​៧​សីហា ឆ្នាំ​១៩៧៤ មេដឹកនាំ​កំពូល​៣​រូប​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​ធ្វើដំណើរ​ទៅកាន់​សេត​វិមាន និង​បាន​ប្រាប់​ប្រធានាធិបតី រី​ឆាត និក​សុន ថា ការគាំទ្រ​របស់​បក្ស​​កំពុង​រលាយ​ហើយ រីឯ​ការ​ចោទ​ទោស​ទម្លាក់​មុខតំណែង​ជា​ការជៀស​មិន​ផុត​។​

​លោក​បាន​លាឈប់​នៅ​ថ្ងៃ​បន្ទាប់​។​

៤៥​ឆ្នាំ​ពិតជា​លឿន​មែន ប្រធានាធិបតី​អាម៉េរិក​មួយរូប​ទៀត​លោក​ដូណាល់ ត្រាំ កំពុង​ប្រឈម​ការ​ចោទ​ទោសកំហុស​ហើយ​ទម្លាក់​ចេញពី​មុខតំណែង​ដោយ​ពួក​សមាជិកសភា​។​

៤៥​ឆ្នាំ​បន្ទាប់ពី​លោក​រី​ឆាត និក​សុន លាឈប់​ពី​តំណែង ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ រង​ការ​គំរាម​ជាមួយនឹង​ការ​ចោទ​ទោស​ទម្លាក់​តំណែង​

​តែ​ទោះជា​យ៉ាងណា មិន​ដូច​និក​សុន​ទេ លោក​ត្រាំ យ៉ាងហោចណាស់​ក៏​នៅ​សប្បាយ​បាន​មួយ​រយៈពេល​ធំ ដោយសារ​តែ​ការគាំទ្រ​ពី​ក្រុម​សមាជិក​សភា​បក្ស​សាធារណរដ្ឋ និង​លោក​​ក៏​មិន​បាន​ព្រលយ​ពាក្យ​ថា​រូបលោក​នឹងត្រូវ​«​ក្រុម​ប្រមាញ់​ធ្មប់​»​ថ្ពក់​ទាញ​ទម្លាក់​បានឡើយ​។​

​ខេ​វិន ម៉ា​ត​សុន សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សកល​វិទ្យាល័យ​Ohio​បាន​និយាយថា «​ផ្នែក​នៃ​រឿង​វ៉​ត​ធើ​ហ្កេ​ត​និង​ការស៊ើបអង្កេត គេ​ឃើញ​ពួក​សាធារណរដ្ឋ​បែកបាក់ ការគាំទ្រ​និក​​សុន​មាន​បញ្ហា​។​រឿង​ឥឡូវ​វា​ស្វិតស្វាញ​ជាង​។​ការគាំទ្រ​ខាង​ម្ខាងៗ​វា​ខ្លាំង​ជាង​កាល​ពី​សម័យ​វ៉​ត​ធើ​ហ្កេ​ត​»​។​

​សូមបញ្ជាក់​ថា​លោក​ត្រាំ ត្រូវបាន​ចោទប្រកាន់​ថា​បាន​ផ្អិប​ជំនួយ​យោធា​ទៅ​អ៊ុយ​ក្រែន​ដែល​បាន​មាន​សង្គ្រាម​ជាមួយ​រុស្ស៊ី ក្នុង​បំណង​បង្ករឿង​សំអុយ​នយោបាយ​លើ​គូប្រជែង​​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០២០​មកពី​គណបក្ស​ប្រជាធិបតេយ្យ​លោក ចូ បៃ​ដិន ។​

​អា​ដាំ សីហ្វ ប្រធាន​គណៈកម្មការ​សភា​ដែល​គ្រប់គ្រង​ដោយប​ក្ស​ប្រជាធិបតេយ្យ បាន​ដឹកនាំ​ធ្វើការ​ស៊ើបអង្កេត​រឿង​ចោទ​ទោស​ទម្លាក់​មុខតំណែង​នេះ ។​លោក​អះអាង​ថា ការ​​ប្រព្រឹត្ត​របស់​ត្រាំ​«​អាក្រក់​ហួស​ពីអ្វី​ដែល​និក​សុន​បានធ្វើ​»​។​

​ដោយ​និយាយ​យោង​ទៅ​ការ​ទម្លុះ​ទ្វារ​ចូល​ឆែកឆេរ​នៅ​សណ្ឋាគារ​វ៉​ត​ធើ​ហ្កេ​ត​នា​ឆ្នាំ​១៩៧២​ដែល​នាំ​ដល់​ការបិទបាំង​ភស្តុតាង​និង​នៅ​ទីបំផុត​លោក​និក​សុន​លាឈប់​នោះ លោក​សីហ្វ បាន​និយាយថា​«​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ទីនេះ​គឺ​ធ្ងន់ធ្ងរ​ជាង​ការ​ទម្លុះ​ទ្វារ​ចូល​ស្នាក់​ការ​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​ត្រឹម​ជា​បទល្មើស​កំរិត​ទី​៣»​។​

​ត្រាំ កំពុង​ឈឺ​ក្បាល​ដោយសារតែ ប្រឈម​ការចោទប្រកាន់​ទម្លាក់​តំណែង​ពី​សមាជិក​សភា​ដែល​គ្រប់គ្រង​ដោយ​បក្សប្រឆាំង​

​ត្រាំ មិន​ដូច និក​សុន​ទេ លោក​ត្រូវបាន​ចោទប្រកាន់ថា ប្រើ​អំណាច​ប្រធានាធិបតី​សំរាប់​ហេតុផល​នយោបាយ​ផ្ទាល់​ខ្លួន នេះ​បើ​តាម​លោក ហ្សុន ម៉ាសា​ល សាស្ត្រាចារ្យ​ជំនួយ​នៅ​​សាលា​កាសែត​នៅ​សកល​វិទ្យាល័យ​Northwestern University​។​

​ល្វី កាល់​ដឺ​រ៉ា ដែល​បំរើការ​ជា​លេខា​យោធា​ក្រោម​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន និង​ឥឡូវ​បង្រៀន​នៅ​សកល​វិទ្យាល័យ​មួយ បាន​និយាយថា «​ការ​ចោទ​ប្រ​​កាន់​លើ​ត្រាំ ពិត​ជា​ធ្ងន់ធ្ងរ​ជាង​បញ្ហា​របស់​និក​សុន​។​មួយ​គ្រាន់តែ​ជា​នយោបាយ​ក្នុងស្រុក តែ​ត្រាំ​ខ្ទប់​ជំនួយ​យោធា​ទៅ​អោយ​សម្ពន្ធមិត្ត​មួយ​ដែល​កំពុង​ធ្វើសង្គ្រាម​។​លោក​មិន​​បាន​ជំរុញ​គោលនយោបាយ​ជាតិ​អាម៉េរិក​និង​ការបរទេស តែ​បែរ​ព្យាយាម​ក​កូរ​ក្នុង​ឆ្នាំង បង្ក​ជា​បញ្ហា​សំរាប់​គូប្រជែង​នយោបាយ​ម្នាក់​»​។​

​ចំណែក​លោក​អា​ឡា​ន់ បា​រ៉ុន មេធាវី នៅ​ក្រុមប្រឹក្សា​ផ្តល់យោបល់​ការ​ចោទ​ទោស​ទម្លាក់​តំណែង បាន​និយាយថា​«​អំពើ​របស់​ត្រាំ​ជាការ​គំរាម​ធំ​មួយ ដែល​ធ្វើអោយ​ករណី​វ៉​ត​ធើ​ហ្កេ​ត​​មើល​ទៅ​ដូច​ជា​ល្បែង​កូនក្មេង​»៕​ប្រែ​សម្រួល​ដោយ​៖​វាសនា​

អា​ដាំ សីហ្វ ប្រធាន​គណៈកម្មការ​សភា​ដែល​គ្រប់គ្រង​ដោយប​ក្ស​ប្រជាធិបតេយ្យ បាន​អះអាង​ថា ការប្រព្រឹត្ត​របស់​ត្រាំ​«​អាក្រក់​ហួស​ពីអ្វី​ដែល​និក​សុន​បានធ្វើ​»