​រំដោះ​ចិញ្ចើមផ្លូវ តាមរយៈ​គម្រោង​កែលម្អ​ផ្លូវ​ថ្មើរជើង​!

414
ចែករម្លែក

កាលពី​រសៀល​ថ្ងៃ​អង្គារ ទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កិច្ចប្រជុំ ស្ដីពី គម្រោង​សិក្សា​រៀបចំ និង​កែ លម្អ​ផ្លូវ​ថ្មើរជើង តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ដើម្បី​ផ្ដល់​ភាពងាយស្រួល​ន​ដល់​បងប្អូន ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​ជនពិការ មាន​ផ្លូវ​ថ្មើរជើង សម្រាប់​ធ្វើដំណើរ​ឆ្លងកាត់​។​
​ ​
គម្រោង​រៀបចំ និង​កែលម្អ​ផ្លូវ​ថ្មើរជើង តាម​បណ្តោយ​មហាវិថី ម៉ៅ​សេទុង គឺ​ចាប់ពី​ស្ពាន អាកាស​តិច​ណូ ក្នុង​ខណ្ឌទួលគោក រហូតដល់ ស្តុ​ប​ចំការមន ក្នុង​ខណ្ឌចំការមន​។

​ជា​ជំហាន​ដំបូង តាម​គម្រោង អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹងត្រូវ​រៀបចំ​ចិញ្ចើមផ្លូវ និង​រៀបចំ សណ្តាប់ធ្នាប់​សាធារណៈ តាម​មហាវិថី​ម៉ៅ​សេទុង ជាមុនសិន​។ នោះ​គឺ​ការមិន​អនុញ្ញាត​ឲ្យ ចត​យានយន្ត និង​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​តទៅទៀត​ឡើយ​។ អាជ្ញាធរ​រាជធានី​ភ្នំពេញ អាជ្ញាធរ ខណ្ឌ និង​មន្ត្រី​ជំនាញ នឹងសិក្សា និង​ពិភាក្សាគ្នា ថា​តើ​ត្រូវ​រៀបចំ​បែបណា​?

​ដោយឡែក មន្ត្រី​ជំនាញ និង​មន្ទីរ​ដែនដី​នគរូបនីយកម្ម និង​សំណង់ រាជធានី​ភ្នំពេញ ក៏ត្រូវសហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ ចុះ​សិក្សា​ពី​ផលប៉ះពាល់​ផ្សេងៗ​ផងដែរ​។

​លើ​ផែនការ​ថ្មី​នេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ប្តេជ្ញា​ថា នឹង​រៀបចំ​កែលម្អ​ផ្លូវ​ថ្មើរជើង​នៅតាម បណ្តោយ​មហាវិថី​ម៉ៅ​សេទុង​ឲ្យ​បានល្អ​ប្រសើរ​ទុកជា​គំរូ សម្រាប់​មហាវិថី​ផ្សេងៗ​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ចាប់តាំងពី​ឆ្នាំ​២០១៦ សាលា​រាជធានី​ភ្នំពេញ បាន​សាងសង់​ផ្លូវ សម្រាប់​អ្នក​ថ្មើរជើង​នៅ​មាត់ ទន្លេ លាតសន្ធឹង​ពី​ខាងក្រោយ​សាល​មហោស្រព​ចតុមុខ ទៅ​កំពង់ចម្លង​អរិយ​ក្សត្រ និង​ផ្លូវ ថ្មើរជើង​ថ្មី​មួយទៀត នៅ​មាត់ទន្លេ​កោះ​ពេជ្រ​។​
​ ​
កាលពី​ឆ្នាំ​២០១៨ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏បាន​រៀបចំ​កែលម្អរ​ចិញ្ចើមផ្លូវ ដោយ​រៀបចំ​ជា ផ្លូវ​ថ្មើរជើង តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​វត្តភ្នំ ដល់​វិមាន ឯករាជ្យ ដើម្បី​សម្រួល ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​ជាពិសេស រៀបចំ​ផ្លូវ​សម្រាប់ ជនពិការ​។

​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ដែល​រៀបចំ​កែលម្អ​ចិញ្ចើមផ្លូវ​ទាំងសង្ខាង​នេះ អាជ្ញាធរ បាន​ហាមឃាត់​យានយន្ដ​គ្រប់​ប្រភេទ មិនឱ្យ​ឈប់​ចត នៅលើ​ចិញ្ចើមផ្លូវ ដែលជា​ផ្លូវ​ថ្មើរជើង មាន​ក្រាល​ការ៉ូឡា​ទាំងសងខាង​ផ្លូវ​នេះ ដើម្បី​សុវត្ថិភាព សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការធ្វើ ដំណើរ​ឆ្លងកាត់ និង​ជៀសឱ្យផុត​ពី​ការកកស្ទះ​ចរាចរណ៍​។​

​អាជ្ញាធរ ក៏បាន​កំណត់ថា នៅខាងមុខ​ទីតាំង​អាជីវកម្ម​របស់ខ្លួន តាម​បណ្តោយ​មហាវិថី ព្រះ​នរោត្តម ត្រូវមាន​ចំណត​ផ្ទាល់ខ្លួន​ដែល​មិនត្រូវ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ សាធារណៈ​ឡើយ​។ ក្នុងនោះ​នៅមុខ​ទីតាំង​ស្ថាប័នរដ្ឋ ឯកជន ត្រូវ​សម្អាត​អនាម័យ​ឲ្យ​បាន ស្អាត​ជានិច្ច ហើយ​ម្ចាស់​ទីតាំង​ស្ថាប័នរដ្ឋ ឯកជន អាច​សុំ​ចត​រថយន្ត ម៉ូតូ តាម​គំនូស​ទីតាំង ដែល​មន្ទីរ​សាធារណការ បានកំណត់​។ ក្នុងករណី នៅតែ​មិន​អនុវត្តតាម​សេចក្តីជូនដំណឹង និង​បម្រាម​ទាំងនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏ដូចជា​អាជ្ញាធរ​ខណ្ឌដូនពេញ បាន​ព្រមាន ចាត់វិធានការ ដោយ​ស្ទូច​យក​រថយន្ត ម៉ូតូ មក​រក្សាទុក​នៅ​ខណ្ឌ រយៈពេល ១៥​ថ្ងៃ​ទើប​ដោះ ស្រាយ​ជូន​។​

​នៅលើ​ចិញ្ចើមផ្លូវ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ដែល​ត្រូវ​បានរៀបចំ​កែលម្អរ​ចិញ្ចើមផ្លូវ មាន​បែងចែក​សម្រាប់​ថ្មើរជើង ផ្លូវ​កង់ និង​ផ្លូវ​ថ្មើរជើង​សម្រាប់​ជនពិការ ក៏​អាជ្ញាធរ​មិន អនុញ្ញាត​ឲ្យ​មាន​អ្នកលក់ដូរ​លើ​ចិញ្ចើមផ្លូវ​ទាំងសង្ខាង​ឡើយ​។ នេះ​ជា​គំរូ​ល្អ​ដោយ​ជោគជ័យ របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​រំដោះ​ចិញ្ចើមផ្លូវ ទុក​សម្រាប់​ថ្មើរជើង​។

​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម នៅពេល​សព្វថ្ងៃ ក៏មាន​សោភ័ណភាព​ស្អាត​ដោយ សារ តែ​មិនមាន​អ្នករំលោភ​ចិញ្ចើមផ្លូវ យក​ធ្វើជា​ចំណត​យានយន្ត និង​រំលោភ​យក​ចិញ្ចើមផ្លូវ ធ្វើ​កន្លែង​លក់ដូរ​។ ដូច្នេះ​វិធានការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្នុងការ​រៀបចំ និង​កែលម្អរ ផ្លូវ​ថ្មើរជើង តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ទៅ​ថ្ងៃ​ខាងមុខ ក៏​នឹង​ក្លាយ​ដូច​ចិញ្ចើមផ្លូវ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ជាក់​ជាមិនខាន​។​

​ប៉ុន្តែ​ដើម្បី​សម្រេចបាន​គម្រោង​រៀបចំ និង​កែលម្អ​ចិញ្ចើមផ្លូវ ធ្វើជា​ផ្លូវ​ថ្មើរជើង​នេះ​គួរតែ អាជ្ញាធរ​សមត្ថកិច្ច​ពា​ក់​ព័ន្ធ អាជ្ញាធរ​ខណ្ឌ អាជ្ញាធរ​សង្កាត់ ពិសេស​ប្រជាពលរដ្ឋ អ្នក រស់នៅ និង​អ្នក​ប្រកប​របរ​តាមផ្លូវ តាម​ហាង តាមផ្លូវ​ទាំងនោះ ចូលរួម​ទាំងអស់គ្នា​។ អាជ្ញាធរ សមត្ថកិច្ច​ដាក់​ផែនការ​រួចហើយ​អនុវត្ត​និង​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​នោះ​។ រីឯ​ប្រជា​ពល រដ្ឋ ម្ចាស់​អាជីវកម្ម អ្នកលក់ដូរ ជាដើម ក៏​សូម​ចូលរួម​គោរព​តាម​ផែន ការ​របស់​អាជ្ញាធរ សមត្ថកិច្ច ដើម្បី​ផ្លូវ​ស្អាត និង​មាន​របៀបរៀបរយ សណ្តាប់ធ្នាប់​ល្អ​៕ ដោយៈ ម៉េង​ឆៃ​