អារ៉ាប់​រួម​អេ​មី​រ៉ា​ត​នឹង​ធ្វើជា​មណ្ឌល​សម្រាប់​បេសកកម្ម​ឃ្លាំមើល​ដែនទឹក​ឈូង​សមុទ្រ​ពែ​ក្ស​ដឹកនាំ​ដោយ​អឺរ៉ុប​

403
ចែករម្លែក

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បារាំង​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​វិច្ឆិកា​ថា បេសកកម្ម​នាវាចរណ៍​ដឹកនាំ​ដោយ​អឺរ៉ុប​ដើម្បី​ឃ្លាំមើល​ដែនទឹក​ឈូង​សមុទ្រ​ពែ​ក្ស​នឹងត្រូវ​បោះទីតាំង​ឈរជើង​នៅឯ​មូលដ្ឋាន​កងទ័ពជើងទឹក​បារាំង​នៅក្នុង​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ចំពេល​កំពុងមាន​ភាព​តានតឹង​ក្នុង​តំបន់​ជាមួយ​អ៊ីរ៉ង់​។​

​ចាប់តាំងពី​ខែឧសភា​ភាព​តានតឹង​នៅក្នុង​ឈូង​សមុទ្រ​ពែ​ក្ស​បាន​កើនឡើង​បន្ទាប់ពី​មានការ​វាយប្រហារ​ជា​បន្តបន្ទាប់​ទៅលើ​នាវា​ដឹក​ប្រេង​ដែល​សហរដ្ឋ​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​បាន​ស្តីបន្ទោស​ទៅលើ​របប​តេ​ហេ​រ៉ង់​។ សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​បដិសេធ​ការចោទប្រកាន់​នេះ​។​

​ទោះយ៉ាងណា​អ៊ីរ៉ង់​បាន​សារភាពថា​បាន​បាញ់​ទម្លាក់​ដ្រូ​ន​មួយគ្រឿង​របស់​អាម៉េរិក​កាលពី​ខែមិថុនា​ពីបទ​ហោះ​លើ​ដែនទឹក​របស់ខ្លួន​។ ទីក្រុង​វ៉ាស៊ីនតោន​បាន​ទទូចថា​ដ្រូ​ន​នោះបាន​ស្ថិតនៅក្នុង​ដែនអាកាស​អន្តរជាតិ​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បារាំង​លោកស្រី ផ្ល​រិ​ន ផា​លី បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​យើង​បាន​ព្រមព្រៀង​ជា​ផ្លូវការ​ថា​មជ្ឈមណ្ឌល​បញ្ជាការ​នៃ​គំនិត​ផ្តួចផ្តើម​ឃ្លាំមើល​ដែនសមុទ្រ​របស់​អឺរ៉ុប​នឹង​ស្ថិតនៅលើ​ទឹកដី​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​”​។​

​លោកស្រី​បាន​និយាយ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​មូលដ្ឋាន​នោះ​ថា វា​នឹងត្រូវ​ដំណើរការ​ដោយ​បុគ្គលិក​ប្រហែល ១០ ទៅ ១៥ នាក់​ដែល​ត្រូវបាន​ដាក់ពង្រាយ​នៅឯ​មូលដ្ឋាន​កងទ័ពជើងទឹក​បារាំង​នៅ​ទីក្រុង​អា​ប៊ូ​ដា​ប៊ី ដែល​នឹង​ចូលរួមចំណែក​ក្នុងការ​ធ្វើឱ្យ​ការធ្វើ​នាវាចរណ៍​តាម​សមុទ្រ​ក្នុង​ឈូង​សមុទ្រ​ពែ​ក្សមាន​សុវត្ថិភាព​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​លោកស្រី​ផា​លី​មិន​ប្រាប់​ឈ្មោះ​ប្រទេស​ដែល​នឹងចូលរួម​ក្នុង​បេសកកម្ម​នេះ​ទេ ដោយ​និយាយថា ប្រទេស​ខ្លះ​កំពុង​រង់ចាំ​សភា​រៀងៗ​ខ្លួន​ដើម្បី​ផ្តល់​សច្ចាប័ន​ដល់​ការចូលរួម​របស់​ពួកគេ​នៅក្នុង​គំនិត​ផ្តួចផ្តើម​នេះ​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​អាម៉េរិក​ពិនិត្យមើល​នៅ​ច្រក​សមុទ្រ​ហ័​រ​មូស​កាលពី​ថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០១៩

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ