សុំលុយឪពុកម្ដាយ២ម៉ឺនរៀលមិន​បានគំរាមដុតផ្ទះចោល

437
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារអះអាងថា មានប្រើប្រាស់គ្រឿងញៀន ហើយក្រោយពីសុំលុយឪពុកម្តាយ២មុឺនរៀលមិនបាន គម្រាមឪពុក បង្កអុកឡុកក្នុងផ្ទះ ប្រដាប់ដោយកាំបិតគប់លើឪពុក វាយ ដុត បំផ្លាញ វាំងនន ទូរទស្សន៍ ផ្អើលអ្នកជិតខាង ខ្លាចបង្កជាអគ្គិភ័យរាលដល់ផ្ទះ ផ្អើលសមត្ថកិច្ចចុះទៅអន្តរាគមន៍ នៅផ្ទះលេខ៥០ អុឺ០ ផ្លូវបេតុង១១១ ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍​សែនជ័យ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

បុរសខាងលើឈ្មោះ ជា វិគា អាយុ២៥ឆ្នាំ មុខរបរ ជាងធ្វើសោ និងរត់ម៉ូតូកង់បី មានប្រពន្ធកូន១នាក់ តែត្រូវបាន នាំកូនរត់គេចទៅបាត់ អស់រយៈពេលជាង១ឆ្នាំទៅហើយ ទៅរស់នៅម្តុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមឪពុករបស់ជនខាងលើបានឲ្យដឹងថា ដោយសារប្រើប្រាស់នូវសារធាតុញៀន ទើបប្រពន្ធនាំកូនរត់ចោលបាត់ហើយ មិនស្តាប់តាមម៉ែឪ បង្កបញ្ហាក្នុងគ្រួសារ ហើយត្រូវបានគាត់ដេញចេញពីផ្ទះជាង២ខែមកហើយ លុះមកដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា នេះ មកចូលផ្ទះសុំលុយ២មុឺនរៀល ថាយកធ្វើសោហុយទៅស្រុក តែម្តាយមិនឲ្យ ទើបបង្កអុកឡុកក្នុងផ្ទះ វាយបំផ្លិចបំផ្លាញ របស់ទ្រព្យ ដុតវាំនន ទូរទស្សន៍ ប្រើប្រាស់កាំបិតគប់លើឪពុក តែមិនត្រូវ បែកកញ្ចក់ទ្វារផ្ទះ ផ្អើលគេឯង ។

ក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចចុះទៅសម្របសម្រួល តែនិយាយមិនស្តាប់គ្នា ជនខាងលើកាន់តែបញ្ចេញកំហឹង រហូតដល់កម្លាំងសមត្ថកិច្ច សហការជាមួយក្រុមគ្រួសារ បើកទ្វារសម្រុកចូល តាមចាប់ដល់បន្ទប់ឡៅតឿ ។

ដោយផ្នែកលើបណ្តឹងរបស់ឪពុក ជនខាងលើសមត្ថកិច្ចឃាត់នាំខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម