យន្តការ​ថ្មី ដើម្បី​គ្រប់គ្រង​សំរាម នៅ​ភ្នំពេញ

534
ចែករម្លែក

ថ្ងៃទី​២៥ ខែតុលា មកដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ គឺ​មួយខែ​គត់ ដែល​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន ប្រកាស​ជា​ផ្លូវការ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី សម្រេច​ដកសិទ្ធិ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ពី ក្រុមហ៊ុន ស៊ិន​ទ្រី ដោយ​ដាក់​ឲ្យ​ស្តិ​ត​ក្រោម​ការគ្រប់គ្រង​របស់រ​ដ្ឋ​ជា​បណ្តោះអាសន្ន​។ ក្នុងនោះ សម្តេច​តេ​ជោ ក៏បាន​ប្រកាស​ឲ្យ​រៀបចំ​បែងចែក​តំបន់​គ្រប់គ្រង​និង​ប្រមូល​សំរាម​យ៉ាងហោច ណាស់ បួន​តំបន់ ហើយ​ដាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន ដេញថ្លៃ ប្រមូល គ្រប់គ្រង​សំរាម​ទាំងនោះ​។​

​ក្នុង​វិធានការ​ថ្មី​លើ​ការគ្រប់គ្រង​សំរាម​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រគល់​ភារកិច្ច ជូន​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដឹកនាំ រៀបចំ ដោយ​បែងចែក​តំបន់​ប្រមូល​សំរាម នៅ​ភ្នំពេញ ជា​បួន​តំបន់​យ៉ាងតិច​ហើយ​ដាក់ឱ្យ ក្រុមហ៊ុន​ឯកជន ដេញថ្លៃ ដោយ​ក្រុមហ៊ុន​មួយ រាប់ទាំង​ក្រុមហ៊ុន​ស៊ីន​ទ្រី អាច​ចូលរួម​ដេញថ្លៃ ដើម្បី​ប្រមូល​សំរាម ដោយ​ប្រសិទ្ធភាព នៅ​ភ្នំពេញ​។ ក្រុមហ៊ុន​ឯកជន​មួយ មាន​សិទ្ធិ​ដេញថ្លៃ ប្រមូល​សំរាម បានតែ ១​តំបន់​ប៉ុណ្ណោះ​។​

​ការដក​សិទ្ធិ​ពី​ក្រុមហ៊ុន​ស៊ីន​ទ្រី ឈប់​ឲ្យ​ប្រមូល​សំរាម នៅ​ភ្នំពេញ ដោយសារតែ​ក្រុមហ៊ុន​នេះ មិនអាច​គ្រប់គ្រង ប្រមូល និង​ដឹកជញ្ជូន​សំរាម​ទាន់ពេលវេលា ក៏ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ផ្ទាល់មាត់​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ បៀ​ល​ប្រាយ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែតុលា ឆ្នាំ​២០១៩ ។​

​យ៉ាងណាក៏ដោយ មកដល់​ថ្ងៃទី​២៥ ខែវិច្ឆិកា គឺ មួយខែ​គត់ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​សេចក្តីសម្រេច ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី អំពី​ការរៀបចំ និង​គ្រប់គ្រង សំរាម នៅ​រាជធានី​ភ្នំពេញ​។ តែ មួយខែ​ហើយ ផែនការ​លើ​ការគ្រប់គ្រង​និង​ប្រមូល​សំរាម​នៅ ភ្នំពេញ​នេះ មិនទាន់​ត្រូវបាន​ផ្សព្វផ្សាយ​ឲ្យ​សាធារណជន ដឹង​នៅឡើយ​ទេ​។​
​ ​
នៅ​ស្ថានភាព​ជាក់ស្តែង​វិញ ការគ្រប់គ្រង ប្រមូល និង​ដឹកជញ្ជូន​សំរាម នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមហ៊ុន​ស៊ិន​ទ្រី បន្តដំណើរ​ការ​របស់​ខ្លួន តាមរបៀប​ចាស់ ដោយ​តំបន់​ខ្លះ រហូតដល់ មួយ​សប្តាហ៍ ទើប​ឡាន​ស៊ីន​ទ្រី ចូល​ដឹកជញ្ជូន​សំរាម​។​

​ជាការ​ពិត យន្តការ​ថ្មី ក្នុងការ​គ្រប់គ្រង​សំរាម ប្រមូល និង​ដឹកជញ្ជូន​សំរាម​អំឡុងពេល​បុណ្យ អុំទូក កាលពី​ថ្ងៃទី​១០-១២ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ គឺ​ធ្វើ​បានល្អ​។ នោះ​គឺ​ក្រុមហ៊ុន​ស៊ិន​ទ្រី សហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច ពិសេស​ក្រុមយុវជន​មកពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី បាន​ចូលរួម​បោសសម្អាត ប្រមូល​សំរាម​ពិសេស ក្រុមយុវជន បាន​ចែក​ការុង​ដល់​ក្រុម​អ្នកលក់​របស់របរ​ចំណីអាហារ ដើម្បី​ដាក់​កាកសំណល់ សំរាម ក្នុងកា​រ៉ុង​ទាំងនោះ​។​

​ក្រៅពីនេះទៀត ក្រុមយុវជន ក៏បាន​ប្រមូល​សំរាម និង​ចាក់ចេញ​សំរាម ពី​ធុងសំរាម​ហើយ​វេច ខ្ចប់​សំរាម​យ៉ាង​មាន​សណ្តាប់ធ្នាប់​។ បន្ទាប់ពី​សំរាម​ត្រូវបាន​វេច​ខ្ចប់​រួចហើយ ក្រុមហ៊ុន​ស៊ីន​ទ្រី ក៏​ដឹកជញ្ជូន​សំរាម​ទាំងនោះ ចេញពី​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​មាត់ទន្លេ​ធ្វើ​ឲ្យ ព្រះរាជ​ពិធីបុណ្យ​អុំទូក​បី​ថ្ងៃ នៅ​ឆ្នាំនេះ ពិសេស​នៅតាម​ផ្លូវ និង​តាម​សួនច្បារ​នានា​នៅ​មាត់ ទន្លេ មិនមាន​សំរាម នៅ​រាយប៉ាយ ដូច​ពិធី​បុណ្យអុំទូក ឆ្នាំមុនៗ​ទេ​។​

​រូបភាព និង​បទពិសោធន៍​ល្អ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំនេះ គេ​អាច​ទាញ​យក មកអនុវត្ត ក្នុង​ជីវភាព​ប្រចាំថ្ងៃ ពិសេស​លើ​យន្តការ​រៀបចំ​គ្រប់គ្រង និង​ប្រមូល ដឹក ជញ្ជូន​សំរាម​នៅ រាជធានី​ភ្នំពេញ ដ៏​បវរ​របស់​យើង​។ នោះ​គឺ​ប្រជាពលរដ្ឋ ចូលរួម​ទាំង អស់គ្នា ដោយ​មួយ​ផ្ទះៗ ត្រូវ​វេច​ខ្ចប់​ទុកដាក់​សំរាម​យ៉ាង​មាន​សណ្តាប់ធ្នាប់ មាន​ធុង សំរាម​ផ្ទាល់ខ្លួន មាន​ថង់ ប៉ាវ ឬ​កា​រ៉ុង ច្រក​សំរាម ទុកដាក់​កៀន​របង តាម​កន្លែង​សមគួរ​។​

​នៅតាម​ទីសាធារណៈ តាម​សួនច្បារ និង​តាម​ដងផ្លូវ​តូចធំ ក្រុមហ៊ុន​ដែល​នឹង​ដេញថ្លៃ​បាន​តំបន់ ប្រមូល​សំរាម គួរតែ​វិនិយោគ រៀបចំ​ធុងសំរាម ដាក់ពង្រាយ ២០ ម៉ែត្រ ទៅ ៥០ ម៉ែត្រ ធុងសំរាម​មួយ ដូច​នៅ​វិមាន​ឈ្នះ​ឈ្នះ ជា​ឧទាហរណ៍​ស្រាប់​។​

​នៅពេល​សំរាម ត្រូវបាន​បោះចោល​ក្នុង​ធុងសំរាម និង​ត្រូវបាន​វេច​ខ្ចប់​ត្រឹមត្រូវ​ហើយ​អាជ្ញាធរ តាម​ខណ្ឌ​សង្កាត់​នីមួយៗ គួរតែ​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដែល​ទទួល​សិទ្ធិ​គ្រប់គ្រង ប្រមូល និង​ដឹកជញ្ជូន​សំរាម តាម​តំបន់​នីមួយៗ រៀបចំ​ឲ្យ​មាន​ឡាន​ដឹក​សំរាម រៀងរាល់ថ្ងៃ ដឹកជញ្ជូន​សំរាម​ក្នុង​ធុងសំរាម ប្រមូល​ថង់​សំរាម​ទាំងនោះ ជា​ទៀងទាត់ ព្រោះថា បើ​មាន​ធុង សំរាម មាន​កញ្ឆេ​រដាក់​សំរាម​ហើយ តែបើ​ធុងសំរាម និង​កញ្ឆេរ​ទាំងនោះ មាន​សំរាម​ពេញ នោះ​ប្រាកដជា​សំរាម ត្រូវ​ហូរហៀរ ហើយ​ចុងក្រោយ ក៏ត្រូវ​ខ្យល់​ប៉ើង​រសាត់​ពេញ​ផ្លូវ​ដូច ពេលកន្លងមក និង​នៅពេលនេះ ជាក់​ជាមិនខាន​ដដែល​។​

​ជារួម ក្នុង​យន្តការ​ប្រមូល​គ្រប់គ្រង​សំរាម ដែល​កំពុង​រៀបចំ​នេះ​គួរ​ណាស់​តែមាន​ការតម្រូវ ឲ្យ​ក្រុមហ៊ុន ត្រូវ​វិនិយោគ​លើ​ធុងសំរាម ដាក់ពង្រាយ​គ្រប់​ផ្លូវ ហើយក៏​ត្រូវមាន​ឡាន​ដឹកជញ្ជូន សំរាម​រៀងរាល់ថ្ងៃ មិន​ថា​ផ្លូវ​តូច​ផ្លូវធំ ទីសាធារណៈ ភោជនីយដ្ឋាន សណ្ឋាគារ វត្ត​អារាម សាលារៀន ឬក៏​ផ្ទះ​ប្រជាពលរដ្ឋ​នោះទេ​។ អ្នករស់នៅ​ភ្នំពេញ ក៏​មិន​ដល់​ថ្នាក់ មិន​វេច​ខ្ចប់​សំរាម ហើយ​បោះចោល​សំរាម​ពាសវាល​ពាសកាល​ដែរ បើសិន​ជាមាន​ធុងសំរាម កន្លែង​ស្តុក​សំរាម នៅតាម​ផ្លូវ នៅមុខ​ផ្ទះ ហើយ​ឡាន​ដឹក​សំរាម មក​យក​រៀងរាល់​ថ្ងៃនោះ​៕ ដោយ: ម៉េង ឆៃ