​ស៊ន សៀវ​ម៉ី នៅតែ​ជា​គ្រាប់ពេជ្រ របស់​កម្ពុជា​

503
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក ឆ​យ យ៉ុង​សុក (Choi Yong Sok) គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅតែ​ចាត់ទុកថា កីឡាការិនី ស៊ន សៀវ​ម៉ី នៅតែ​ជា​ក្ដីសង្ឃឹម របស់លោក​ដដែល ។​

​លោក​បាន​បន្តថា សៀវ​ម៉ី បាន​ចេញទៅ​ហាត់ នៅ​កូរ៉េ អស់​រយៈពេល ២ ខែ ដែល​ក្នុងឱកាស នៃ​ការហ្វឹកហាត់​នោះ ទោះបី​មិនសូវមាន​ព្រឹត្តិការណ៍​ប្រកួត ក្នុងប្រទេស​កូរ៉េ ក៏ពិតមែន តែ​ពួកគេ​ហ្វឹកហាត់ ជាមួយ​គ្រូ ដែលមាន​កម្រិត​ខ្ពស់ ហើយ​ក្នុង​មួយថ្ងៃ​ច័ន្ទ ហាត់ ៣ ពេល​គឺ​ព្រឹក ថ្ងៃត្រង់ និង​ព្រលប់ ដែល​មួយពេលៗ ហាត់​រយៈពេល ២ ម៉ោង​ឯណោះ​។​

លោក ឆ​យ យ៉ុង​សុក​ (រូបខាងឆ្វេង)

​នៅ​កូរ៉េ ពួកគេ​បាន​ហាត់​សម ជាមួយ​កីឡាការិនី​កូរ៉េ ដែលមាន​សមត្ថភាព​ខ្ពស់ៗ មិនតែប៉ុណ្ណោះ ពេលនេះ ទាំង​កម្លាំង ទាំង​បច្ចេកទេស​របស់ សៀវ​ម៉ី និង​មិត្ត​រួម​អាជីព សុទ្ធតែ​មានការ​រីកចម្រើន​ដូចគ្នា ។ គ្រូបង្វឹក​រូបនេះ ទទួលស្គាល់ថា នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ប្រទេស​ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី ពិតជា​ខ្លាំង ក៏ពិតមែន តែ​ពួកគេ ក៏​មិន​ហ៊ាន​មើលរំលង​កីឡាការិនី ស៊ន សៀវ​ម៉ី ដែរ ។​

​កីឡាការិនី ស៊ន សៀវ​ម៉ី ទទួលស្គាល់ថា ការហ្វឹកហាត់ នៅ​កូរ៉េ ទោះបី​មិនសូវមាន​ការប្រកួត ក៏ពិតមែន តែ​នាង​មាន​អារម្មណ៍​ថា នាង​មានការ​រីកចម្រើន ។ ពេលដែល​ចោទសួរ​ថា តើ​ជង្គង់​ដែល​វះកាត់ កន្លងមក​នោះ នៅមាន​ការឈឺចាប់ ឬទេ​នោះ សៀវ​ម៉ី និយាយថា ទោះបី​នៅ​ប្រទេស​ត្រជាក់ វា​នៅមាន​បញ្ហា​បន្តិចបន្តួច ក៏ពិតមែន តែ​វា​មិនមែនជា​ឧបសគ្គ ដែល​រារាំង​មិន​ឲ្យ​នាង ប្រកួត​បាន​នោះទេ ។​

​វីរៈ​កីឡាការិនី​រូបនេះ បាន​បន្តថា សម្រាប់​ប្រទេស ដែលមាន​សីតុណ្ហភាព ដូច​កម្ពុជា និង ហ្វីលីពីន នោះ គឺ​មិន​រំខាន​ដល់​ជង្គង់ របស់​នាង​ឡើយ​។​

កីឡាការិនី ស៊ន សៀវ​ម៉ី​ (នៅពេលទទួលរង្វាន់)

​សូមបញ្ជាក់ថា សម្រាប់​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​សប្ដាហ៍​ក្រោយនេះ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ បញ្ជូន​កីឡាករ ៧ រូប និង​កីឡាការិនី ៧ រូប ទៅ​ចូលរួម​ប្រកួត​។ ក្នុងចំណោម​កីឡាករ កីឡាការិនី ទាំង ១៤ រូបនោះ មាន ៤ រូប ប្រកួត​វិញ្ញាសា​មេគុន និង ១០ រូប​ទៀត លេង​វិញ្ញាសា​ប្រយុទ្ធ​។ សម្រាប់​កីឡាការិនី ស៊ន សៀវ​ម៉ី លើក​នេះ ប្រកួត​វិញ្ញាសា​ប្រយុទ្ធ ក្នុង​ប្រភេទ​ទម្ងន់ ៧៨ គីឡូក្រាម ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ