​អ្នក​ប្រដាល់​សា​សកល ដែល​ទៅ​ហាត់​នៅ​ជប៉ុន ប្ដូរ​កម្មវិធី​ទៅ​ហ្វីលីពីន​

549
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក វ៉ែន សុផល គ្រូបង្វឹក​កីឡាប្រដាល់​សកល ជម្រើសជាតិ ដែល​ពេលនេះ កំពុងតែ​ស្ថិតនៅ​ទីក្រុង​អូ​សា​កា (Osaka) ប្រទេស​ជប៉ុន​នោះ បាន​ឲ្យ​ដឹងថា ថ្ងៃទី​២៧ វិច្ឆិកា នេះ លោក និង​ក្រុម​កីឡាករ​មួយរូប និង​កីឡាការិនី ២ រូប ដែល​ហាត់​នៅ​ជប៉ុន​នោះ នឹង​ត្រឡប់​ទៅ​ស្រុក​ខ្មែរ វិញ​ហើយ​។

លោក​វ៉ែន សុផល

​តាម​ការគ្រោងទុក របស់​សហព័ន្ធ​កីឡា ប្រដាល់សកល​កម្ពុជា​នោះ គឺ​បន្ទាប់ពី​បញ្ចប់​ការហ្វឹកហាត់ នៅ​ប្រទេស​ជប៉ុន ពួកគេ នឹង​ចេញដំណើរ ឆ្ពោះទៅកាន់​ប្រទេស​ហ្វីលីពីន ដែលជា​ទីកន្លែង​ប្រារព្ធ ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ តែម្ដង តែ​ពេលនេះ អ្វីៗ​ត្រូវបាន​ផ្លាស់ប្ដូរ គឺ​ថ្ងៃទី​២៧ វិច្ឆិកា លោក និង​កីឡាករ កីឡាការិនី​របស់លោក ត្រូវ​ត្រឡប់មក​ស្រុក​ខ្មែរ​សិន ហើយ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា ដែលជា​ថ្ងៃ​សម្ពោធ បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នោះ ទើប​ចេញដំណើរ​ពី​ស្រុក​ខ្មែរ ឆ្ពោះទៅកាន់​ប្រទេស​ហ្វីលីពីន​វិញ ។​

​លោក​មិន​បានដឹង ពី​ការផ្លាស់ប្ដូរ​នេះ ពីមុនមក​ទេ តែ​វា​មិន​សំខាន់​ឡើយ ។ រឿង​ដែល​សំខាន់​នោះ គឺ​ពេលនេះ គឺ​កីឡាករ ណាត សៀក​និ​ន ឈឺ​ជើង គេ​បានតែ​ហ្វឹកហាត់ តែ​រត់​មិន​រួច ឯ នូវ ស្រី​ពៅ ក៏​ជាទី​សង្ឃឹម​ដែរ ពេលនេះ វី ស្រី​ខួច លោក​មានការ​សង្ឃឹម​ច្រើន តែ វី ស្រី​ខួច វ៉ៃ​ចេញ​យឺត ដោយសារតែ​កីឡាការិនី រូបនេះ មាន​ទម្ងន់​ធំ គឺ ៦០ គីឡូក្រាម​ឯណោះ ។ ទោះជា​យ៉ាងណា ក៏​លោក​អះអាងថា ការ​វ៉ៃ​ចេញ​របស់​ស្រី​ខួច យឺត​មែន តែ​ធ្ងន់ ។​

កីឡាករ កីឡាការិនី​ទាំង​៣​រូប​

​នៅ​ប្រទេស​ជប៉ុន គឺ​ហ្វឹកហាត់ នៅ​ក្លិប អាស៊ី​ម៉ូ​តុ (Ashimoto) នាទី​ក្រុង​អូ​សា​កា (Osaka) តែម្ដង ។ ក្នុងអំឡុង​នៃ​ការ​ហ្វឹ​ហាត់ ពួកគេ​មានការ​ប្រកួត​ច្រើន ជាមួយ​អ្នក​ប្រដាល់​នានា របស់​ជប៉ុន ដែល​កំពុងតែ​ហ្វឹកហាត់ តាម​បណ្ដា​ក្លិប​នានា ក្នុង​ទីក្រុង Osaka ។ ក្លិប​នានា​នៅ​ទីក្រុង​នោះ គេ​ស្វាគមន៍​ការប្រកួត សាកល្បង​បច្ចេកទេស របស់​កីឡាករ កីឡាការិនី​កម្ពុជា របស់​យើង​ជានិច្ច ។​

​សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ដែល​ហ្វឹកហាត់ នៅ​ជប៉ុន មាន​កីឡាករ ណាត សៀក​និ​ន ដែល​គេ​ស្គាល់​ជាទូទៅ​ថា ពេជ្រ ម្ទេសខ្មាំង កីឡាការិនី វី ស្រី​ខួច និង​កីឡាការិនី នូវ ស្រី​ពៅ ៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ