មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ ប្រាប់​ដល់​យុវ​សិស្ស​នៅ​កោះកុង កុំ​ចង់​សាក ល្បង​នឹង​គ្រឿងញៀន គ្មាន​អនាគត​ទេ​

268
ចែករម្លែក

ដោយ:សុ​ផានី​តា​/​កោះកុង ​៖ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​យ៉ាង​ក្តែ​ងៗ​ពី​ឥទ្ធិពល​អាក្រក់​នៃ​គ្រឿងញៀន​នៅ​ចំពោះមុខ​យុវ​សិស្ស​ប្រមាណ​ជិត​៣០០​នាក់​នៅក្នុង​ខេត្តកោះកុង ដោយ​លោក​ពន្យល់​កាលពី​ព្រឹក​ថ្ងៃទី​២៦ វិច្ឆិកា​ថា កុំ​ចង់​សាកល្បង​នឹង​គ្រឿងញៀន គ្មាន​អនាគត​ទេ ពោល​ត្រូវខិតខំ​សិក្សា​រៀន​អោយ​ខ្លាំងពូកែ ខណៈ​រដ្ឋាភិបាល​ត្រូវ​ធនធានមនុស្ស​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​ភាព​ចងចាំ​របស់​អ្នក​សេព​គ្រឿងញៀន​ខុសពី​អ្នក​មិន​សេព​គ្រឿងញៀន ដែល​ធ្វើឱ្យ​អ្នក ញៀន​ថ្នាំ​បាត់បង់​ស្មារតី​ចងចាំ​ខុស​ប្រក្រតី​ជាច្រើន អាច​ឈានដល់​ធ្វើឱ្យ​ពួកគេ​ហ៊ាន​ប្រព្រឹត្ត​បទល្មើសៗ​ក្នុងសង្គម​បច្ចុប្បន្ន​។ ដូច្នេះ​សូម​ប្អូនៗ​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន ការប្រើប្រាស់​គ្រឿងញៀន គឺ​គ្មាន​អនាគត​ល្អ​ឡើយ សូមកុំ​ចង់​សាកល្បង​វា​ធ្វើ​អ្វី គួរ​ចាប់យក​ការសិក្សា​រៀន​អោយ​ខ្លាំងពូកែ​។​

​នេះ​ជាការ​ពន្យល់​ពី​វិធី​ទប់ស្កាត់ និង​ប្រុងប្រយ័ត្ន​នៃ​គ្រឿងញៀន​របស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​វគ្គ​ផ្សព្វផ្សាយ​អប់រំ​យល់ដឹង​ពី​គ្រោះ​ការប្រើប្រាស់​គ្រឿងញៀន និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​សិស្សានុសិស្ស​ប្រមាណ​ជិត​៣០០​នាក់​នៅ​ខេត្តកោះកុង​។​

​រដ្ឋលេខាធិការ​ក្រសួង​អប់រំ បានបញ្ជាក់​ទៀតថា ប្រសិនបើ​ប្អូនៗ​យុវជន​បាន​យល់ដឹង​ពី​គ្រោះថ្នាក់​គ្រឿងញៀន​ហើយ មេត្តា​ចូលរួម​សហការ​ផ្តល់ព័ត៌មាន​ជាក់លាក់​មកកាន់​សមត្ថ​កិច្ច ដើម្បី​មាន​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា ករណី​ប្រទះ​ការ​មានការ​ជួញដូរ​ចែកចាយ​គ្រឿង​ញៀ​នៅ​កន្លែង​ណាមួយ​។​

យុវជន​ទាំងអស់​មិនគួរ​ចង់​សាកល្បង​ប្រើប្រាស់​គ្រឿងញៀន​ទៅតាម​អូសទាញ​របស់​ក្រុម​ជនខិលខូច​ណា​ម្នាក់​ទេ ពោល​ចាំបាច់​ត្រូវ​នាំគ្នា​ខិតខំ​សិក្សា​រៀន​អោយបាន​ខ្លាំងពូកែ សម្រាប់​ភាពភ្លឺស្វាង​នៃ​អនាគត​ខ្លួន ក៏ដូចជា​ក្លាយជា​ធនធានមនុស្ស​ដ៏​មានតម្លៃ​ក្នុងការ​អភិវឌ្ឍន៍​ជាតិ ខណៈ​រដ្ឋាភិបាល​កំពុង​មាន​តម្រូវការ​។​

​លោក ស សុខា ក៏​ជំរុញ​ដល់​អាជ្ញាធរ​សមត្ថកិច្ច​បង្កើន​ការបង្ក្រាប​មុខសញ្ញា​មេខ្លោង​ជួញដូរ និង​អ្នកប្រើប្រាស់​គ្រឿងញៀន​នៅតាម​ហាង​សេវាកម្ម​សប្បាយ KTV ក្លឹប​កម្សាន្ត​រាត្រី និង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ក្បែរ​ប្រទេស​ជិត​អោយបាន​មឺ​ុ​ង​ម៉ាត់​ជាងនេះទៀត​។​

​គួរ​កត់សម្គាល់ថា ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅតែ​ក្តី​ព្រួយបារម្ភ​រដ្ឋាភិបាល​កម្ពុ​ជា ដូចជា​ប្រទេស​បណ្តា​សកលលោក​ដែរ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព អាយុជីវិត​អ្នកប្រើប្រាស់ ពិសេស​យុវជន​តែម្តង ដោយសារ​ក្រុម​ជនខិលខូច តែងមាន​ល្បិច​ដឹក​ជ​ញ្ចូ​ន​គ្រឿងញៀន​ស្ទើរតែ​គ្រប់​រូបភាព​។​

​ក្រៅតែពី​ការ​ប្រកា​ល​ផល​អាក្រក់​នៃ​ការសេព​គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ ក៏​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួង​អប់រំ បារម្ភ​ផងដែរ​អំពី​តូ​លេខ​អ្នកស្លាប់ និង​របួស​ផងដែរ ដោយ​អំឡុង​៦​ខែ​ឆ្នាំ​២០១៩​នេះ មាន​អ្នកស្លាប់​ជាង​១.៦៥២​នាក់​។ លោក​ជំរុញ​ដល់​សិស្សានុសិស្ស​ចូលរួម​ពាក់​សុវត្ថិភាព​បើកបរ​ម៉ូតូ កុំ​បើកបរ​ហួស​ល្បឿន​កំណត់ និង​កុំ​វ៉ា​ជែង​គ្នា​ក្នុងស្ថានភាព​គ្រោះថ្នាក់ ជាដើម​។

​ពាក់ព័ន្ធ​គ្រឿងញៀន​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លឹម តុង​ហួត ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ស្តារ​នី​ត​សម្បទា​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្លែងថា បញ្ហា​គ្រឿងញៀន​ជា​រឿង​មួយ​ដ៏​ស្មុគស្មាញ​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប នាពេល​បច្ចុប្បន្ន ហើយ​តែ​ដើរមក​យុវជន​គ្រប់ពេលវេលា​ទាំងអស់ ទោះបីជា​រដ្ឋាភិបាល ក្រសួង ស្ថាប័ន អង្គភាព កងកម្លាំង​សមត្ថកិច្ច និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ផ្តោត​ការយកចិត្តទុកដាក់​ប​ង្ក្រា​ប​យ៉ាងណាក៏ដោយ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ លឹម តុង​ហួត បន្ថែមថា ប្រសិនបើ​យុវជន​ពុំបាន​ស្វែងយល់​ពី​ផល​អាក្រក់​នៃ​គ្រឿងញៀន​បានច្បាស់លាស់​នោះទេ ពួកគេ​ច្បាស់​ជា​ខូចអនាគត បាត់បង់​សេចក្តី​ក​តិ្ត​យស​សេចក្តីថ្លៃថ្នូរ​ក្នុង​គ្រួសារ និង​កង្វះ​ធនធានមនុស្ស​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​ជាក់​ជាពុំខាន​។ ចំពោះ​ការ​អាណាព្យាបាល​យុវជន ដឹងថា កូនៗ​របស់​ពួកគាត់​កំពុង​រងគ្រោះ​ដោយសារ​គ្រឿងញៀន ប្រញាប់​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ព្យាបាល​បន្សាប​ផងដែរ​។​

​រាល់​ការរាយការណ៍​ពី​សកម្មភាព​របស់​ឈ្នួ​ញ​ជួញដូរ​គ្រឿងញៀន សុទ្ធតែ​មានការ​រក្សា​ការសម្ងាត់​ជូន​ប្រជាពលរដ្ឋ​ដែលជា​ប្រភពព័ត៌មាន ដោយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង ញៀន​នឹងមាន​វិធានការ​ភ្លាមៗ​។​

​នៅ​ឆ្នាំ​២០១៨ សមត្ថកិច្ច​ខេត្តកោះកុង បង្ក្រាប​ទ​ល្មើស​គ្រឿងញៀន​បាន​៤០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន​៨០​នាក់ ស្រី​១៣​នាក់ និង​ដុតបំផ្លាញ​ដើម​កញ្ឆា​ស្រស់​ចំនួន​២៥​ដើម ដកហូត​វត្ថុតាង​មាន​ថ្នាំញៀន​ទម្ងន់​១​ពាន់​ក្រោម និង​ឧបករណ៍​ជក់​ថ្នាំញៀន​មួយចំនួនទៀត​។ ខេត្តកោះកុង​ពុំមាន​មណ្ឌល​ស្តារនីតិសម្បទា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន​នោះ ដោយ​ចា​ត់ប​ញ្ចូ​ន​យុវជន​រងគ្រោះ​ទៅ​ព្យាបាល​បន្សាប​សារធាតុ​ញៀន​នៅ​បណ្តា​ខេត្ត​ធំៗ​៕​B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ