និស្សិត​ជ័យលាភី​អាហារូបករណ៍​១៦​នាក់​ទទួល​ចំណេះដឹង​ទាក់ទង​សាធារណការ​មុន​ចាក​ចេញទៅ​សិក្សា​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​

392
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​កាលពី​ព្រឹក​ទី​២៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ទីស្ដីការក្រសួង​លោក​ប៉ាល់​ចាន់​តា​រ៉ា​រដ្ឋលេខាធិការ​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានទទួល​ជួប​សម្ដែង​គារវកិច្ច​និង​ផ្ដល់​ពុទ្ធិ​បន្ថែម​ទាក់ទង​នឹង​វិស័យ​សាធារណការ​និង​ដឹកជញ្ជូន​ដល់​និស្សិត​ជ័យលាភី​អាហារូបករណ៍​កម្ពុជា​ចំនួន​១៦​នាក់​មុនពេល​ចាក​ចេញទៅ​សិក្សា​នៅតាម​បណ្ដា​សាកលវិទ្យាល័យ​នានា​ក្នុងប្រទេស​ណូ​វែ​សេ​ឡង់​។​

​ថ្លែង​ក្នុងជំនួប​នោះ​លោក​រដ្ឋលេខាធិការ​បាន​ជម្រាប​ដល់​ក្រុមនិស្សិត​ជ័យលាភី​ពី​ការរីកចម្រើន​ខាង​វិស័យ​សាធារណការ​និង​ដឹកជញ្ជូន​ដោយ​រួមមាន​សមិទ្ធផល​នានា​និង​គម្រោង​កំពុង​អនុវត្ត​ដូចជា​៖​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​,​គម្រោង​ពង្រីក​និង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​ស្វយ័ត​,​គម្រោង​ពង្រីក​និង​លើកកម្ពស់​ផ្លូវជាតិ​លេខ​៥,​ផ្លូវជាតិ​លេខ​៣,​ផ្លូវជាតិ​លេខ​២,​និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​។​

​ព្រមទាំង​គម្រោង​ដែល​នឹងត្រូវ​អនុវត្ត​នាពេល​អនាគត​ដូចជា​៖​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត​,​គម្រោង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ក្នុង​ក្រុង​,​គម្រោង​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​បាវិត​,​គម្រោង​ផ្លូវ​រថភ្លើង​សៀមរាប​-​ប៉ោយប៉ែត​, និង​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​ស្ពាន​និង​កំពង់ផែ​ជាដើម​។​

​ជាមួយគ្នា​នោះដែរ​លោក​រដ្ឋលេខាធិកា​រ​បាន​បន្តថា​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​លើ​សេវាសាធារណៈ​តាមរយៈ​ការប្រើប្រាស់​យន្តការ​បច្ចេក​វិទ្យា​ព័ត៌មានវិទ្យា​ដើម្បី​បង្ខិត​សេវាសាធារណៈ​ឱ្យ​ជិត​បងប្អូន​ប្រជាពលរដ្ឋ​។​គឺ​សំដៅ​ឱ្យ​ការផ្ដល់​សេវាសាធារណៈ​ប្រព្រឹត្តទៅបាន​លឿន​ចំណាយ​តិច​និង​ចំណេញ​ពេលវេលា​ស្របតាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី “​មន្ត្រី គឺ​ខ្ញុំបម្រើ​រាស្ត្រ​” ដូចនេះ​ត្រូវ​បម្រើ​រាស្ត្រ ឱ្យបាន​លឿន ឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព​។​

​លោក​រដ្ឋលេខាធិការ បាន​ផ្ដាំ​ផ្ញើឱ្យ​ក្រុមនិស្សិត​ជ័យលាភី​ទាំងអស់ ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ សិក្សា​ស្រាវជ្រាវ​ពង្រីក​ទំនាក់ទំនង​ល្អ​សហការ​សាមគ្គី​រឹងមាំ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​និង​ប្រកាន់​ឥរិយាបទ​ថ្លៃថ្នូរ​។​ជាពិសេស​ត្រូវ​ចាំ​ទុក​ថា​និស្សិត​ម្នាក់​គឺជា​រាជទូត​ម្នាក់​របស់​កម្ពុ​ជា​ក្នុងការ​ផ្សព្វផ្សាយ​ពី​ឯករាជ្យភាព សន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​ឥតឈប់ឈរ​របស់​ប្រទេស​ទៅ​សកល លោក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម