ជួយសង្គ្រោះ​ទាំង​យប់​បន្ទាប់ពី​រញ្ជួយ​ដី​សម្លាប់​មនុស្ស​ជាង​២០​នាក់​និង​របួស​៦០០​នាក់​នៅ​អាល់​បា​នី​

310
ចែករម្លែក

​ពួក​អ្នក​ជួយសង្គ្រោះ​បាន​និង​កំពុង​ស្វែងរក​ជនរងគ្រោះ​ក្នុង​គំនរ​បាក់បែក​នៃ​អាគារ​ចាប់តាំងពី​រញ្ជួយ​ដី​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​វិច្ឆិកា​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២០​នាក់​​និង​បង្ក​អោយ​រងរបួស​ប្រមាណ​៦០០​នាក់​ទៀត​។​

​រញ្ជួយ​ដី​កម្លាំង​៦,៤​រិ​ច្ឆ​ទ័​រ បាន​វាយប្រហារ​តំបន់​មួយ​នៅ​ចម្ងាយ​ប្រមាណ​៣៤​គីឡូម៉ែត្រ​ពី​រដ្ឋធានី ទី​រ៉ា​ណា នៅពេល​ប្រជាជន​បាន​កំពុង​ដេក​ពេល​ជិត​ភ្លឺ​។​អ្នកស្លាប់​ភាគច្រើន​​ស្ថិត​នៅក្នុង​ទីក្រុង ឌួ​រេស និង​ទីប្រជុំជន ធូ​ណាម​។​

​នាយករដ្ឋមន្ត្រី អេ​ឌី រ៉ា​ម៉ា បាន​សន្យា​ថា​ពួក​អ្នក​ជួយ​សង្គ្រោះ​នឹង​បន្ត​ស្វែងរក​ដ៏​អត់ធ្មត់​និង​សព្វទិសទី​ដល់​ទីបំផុត ហើយ​រដ្ឋាភិបាល​បានប្រកាស​យក​ថ្ងៃ​ពុធ​ជា​ថ្ងៃ​កាន់ទុក្ខ​។​

​ក្នុងពេល​ជាមួយគ្នា គណៈកម្មាធិការ​អឺរ៉ុប​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​ក្រុម​ជួយសង្គ្រោះ​ពី​អ៊ីតាលី ក្រិច និង​រ៉ូ​ម៉ានី ទៅ​ជួយ​ការងារ​សង្គ្រោះ​និង​ស្វែងរក​។​

​រញ្ជួយ​ដី​កាលពី​ថ្ងៃ​អង្គារ ត្រូវបាន​អាជ្ញាធរ​ចាត់ទុកថា​ជា​រញ្ជួយ​ព្រះធរណី​ខ្លាំង​បំផុត​ដែល​បាន​វាយប្រហារ​អាល់​បាលី ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ​។​វា​បាន​កើតឡើង​នៅ​ម៉ោង​៣​និង​៥៤​នាទី​ជិត​ភ្លឺ ហើយ​តាម​ពីក្រោយ​ដោយ​រញ្ជួយ​តូចៗ​ជាច្រើន​ទៀត​។​

​សូមបញ្ជាក់​ថា តំបន់​បាល់​កង់​នេះ​ងាយ​នឹងរង​ការរញ្ជួយ​ដី ដោយ​កាលពី​ឆ្នាំ​១៩៧៩ រញ្ជួយ​កម្លាំង​៦,៩​រិ​ច្ឆ​ទ័រមួយ​នៅ​អាល់បានី បាន​សម្លាប់​មនុស្ស​១៣៦​នាក់​និង​របួស​ជាង​១​ពាន់​នាក់​៕​ដោយ​៖​វាសនា​

​ប្រជាជននាំគ្នាមកស្នាក់នៅក្នុងកីឡាដ្ឋាន ក្រោយរញ្ជួយដីកាលពីថ្ងៃអង្គារ