ទប់ស្កាត់​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ គួរតែ​ចាប់ផ្តើម​ពី​អ្នក​!

538
ចែករម្លែក

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈ ក​ម្មា​ធិ​ការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បានបញ្ជាក់​ថា ក្នុងការ​អនុវត្ត​ផែន ការ​សកម្មភាព ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក រយៈពេល​១០​ឆ្នាំ (២០១០-២០២០) គណៈកម្មាធិការ​ជាតិ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) បាន​ខិតខំ​ធ្វើការ​ទប់ ស្កាត់​ចំនួន​អ្នកស្លាប់​នៅត្រឹម ក្រោម ២.០០០​នាក់ មិនឱ្យ​កើន​អ្នកស្លាប់ ដូចដែល​អ្នក ជំនាញ​សុវត្ថិភាព​ចរាចរណ៍​បាន​ព្យាករ ទុក​ថា នៅ​ឆ្នាំ​២០២០ អាច​នឹងមាន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​រហូតដល់ ៣.២០០ នាក់​។ នេះ​ជា​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ក្នុងការ​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ និង​ជាការ​រួមចំណែក យ៉ាងសំខាន់ ដល់​ការអនុវត្ត​ផែនការ​ទសវត្សរ៍​រប​ស់​អង្គការសហប្រជាជាតិ ស្តី​ពីស​វត្ថិ​ភាព ចរាចរណ៍​។ ការបញ្ជាក់​នេះ ត្រូវបាន​សម្តេច​ក្រឡាហោម ស ខេង លើកឡើង​នៅក្នុង​ទិវា រំលឹក​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក លើក​ទី​១៤ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​កោះ​ពេជ្រ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​បន្តថា ក្នុង​រយៈពេល​ប្រាំបួន​ខែ​នៃ​ឆ្នាំ​២០១៩ គ្រោះ ថ្នាក់ ចរាចរ​បានកើត​ឡើង​ចំនួន ៣.១៥៩​លើក បណ្តាលឱ្យ​បាត់បង់​ជីវិត​ចំនួន ១.៥២១​នាក់ និង របួស ៤.៧២១ នាក់​។ គិត​ជា​មធ្យម គឺ​ស្លាប់​ជាង​ប្រាំ​នាក់ និង​របួស ១៧ នាក់ ក្នុង​មួយថ្ងៃ​។ មូលហេតុ​ចម្បង ដែល​បង្កឱ្យមាន​គ្រោះថ្នាក់ ភាគច្រើន​លើសលប់​ដោយ​អ្នកបើកបរ​យានយន្ត មិន​គោរព​ច្បាប់ បង្ក​គ្រោះថ្នាក់​ដោយ​ការបើកបរ​លើស​ល្បឿន​កំណត់ ៣៧​ភាគរយ​មិន​គោរព សិទ្ធិ ២៤​ភាគរយ មិន​ប្រកាន់​ស្ដាំ ១២​ភាគរយ វ៉ា​ជែង​ប្រាំបួន​ភាគរយ បត់​ប្រាំបី​ភាគរយ ស្រវឹង​ប្រាំមួយ​ភាគរយ កត្តា​យានយន្ត​បី​ភាគរយ និង​ងងុយ​មួយ​ភាគរយ​។ ភាគច្រើន​នៃ​ជន រងគ្រោះ​ដែល​ស្លាប់ គឺជា​អ្នកប្រើប្រាស់​ម៉ូតូ មាន​រហូតដល់​ទៅ ៧៦​ភាគរយ ក្នុងនោះ​មិន​ពាក់ មួកសុវត្ថិភាព ៧៦​ភាគរយ​។ គ្រោះ ថ្នាក់​ទាំងនេះ បាន​កើតឡើង​នៅពេល​យប់​ចំនួន​៥៤ ភាគរយ និង​ពេល​ថ្ងៃ​ចំនួន ៤៦​ភាគរយ ហើយ​បាន​បង្កឡើង​ដោយ​អ្នកបើកបរ​ម៉ូតូ​ចំនួន​៥០ ភាគរយ អ្នកបើកបរ​រថយន្ត​ធុន​ស្រាល​ចំនួន​៣០​ភាគរយ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ចំនួន ២០​ភាគរយ​។ ដោយ ឡែក នៅ​រាជធានី​ភ្នំពេញ​គ្រោះថ្នាក់​កើតឡើង​នៅពេល​យប់​មាន​អត្រា ខ្ពស់​ដល់​ទៅ ៧២​ភាគរយ បណ្តាលឱ្យមាន​ជនរងគ្រោះ​ជាច្រើន​ជាង​ខេត្ត​នានា និង​បង្ក​ឱ្យ ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​ដូចជា របាំង​ចែក​ទ្រូងផ្លូវ បង្គោល​ភ្លើង ផ្លាកសញ្ញា​ចរាចរណ៍ បង្កាន់ដៃស្ពាន សួនច្បារ របង ។​ល​។ តាម​ការប៉ាន់ប្រមាណ​គ្រោះថ្នាក់​ចរាចរ​បានធ្វើឱ្យ ប្រទេស​កម្ពុជា​យើង​ខាតបង់​ថវិកា ក្នុង​មួយឆ្នាំៗ ជាច្រើន​លាន​ដុល្លារ​ដោយ​មិន​គិត​ផល លំបាក​សង្គម​ដូច​ជាការ​បន្សល់ទុក​ជ​ន​ពិការ​កុមារកំព្រា ស្ត្រី​មេម៉ាយ និង​ធ្វើឱ្យ​គ្រួសារ​មួយ ចំនួន ធ្លាក់​ទៅក្នុង​ភាពក្រីក្រ ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ រដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​សម្តេច​ក្រឡាហោម ស ខេង បានប្រកាស​ឲ្យ​មន្ត្រី​ជំនាញ បន្ត​ខិតខំ​ធ្វើការ​ទប់ស្កាត់​ឲ្យ​ចំនួនអ្នកស្លាប់ នៅត្រឹម​ក្រោម ២.០០០​នាក់​។ ក្នុងនោះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ ផ្លូវគោក បាន​ប្តេជ្ញាចិត្ត ជំរុញ​ការរក្សា​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ឱ្យ​ទទួលបាន​ជោគជ័យ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ធានា​មិនឱ្យ​ប្រជាពលរដ្ឋ ធ្លាក់​ទៅក្នុង​ភាពក្រីក្រ និង​ធានា​ឱ្យ សង្គមជាតិ មាន​សុ​ន្តិ​សុខ សន្តិភាព​សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​យ៉ាងណា​ក៏ដោយចុះ របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍ បង្ហាញថា រយៈពេល​៣​ឆ្នាំ​ចុង ក្រោយនេះ គ្រោះថ្នាក់​ចរាចរណ៍ បានសម្លាប់​មនុស្ស​ជាង ១៧០០​នាក់ ក្នុង​១​ឆ្នាំៗ​។ ក្នុងនោះ កាលពី​ឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក នៅ​ទូទាំងប្រទេស បានសម្លាប់​មនុស្ស ១៧១៧ នាក់ និង​របួស ៦៦០៧ នាក់​។ រីឯ​នៅ​ឆ្នាំ​២០១៧ គ្រោះថ្នាក់​ចរាចរ បានសម្លាប់​មនុស្ស ១៧៨០ នាក់ និង​របួស ៥៥៣៩ នាក់​។ នៅ​ឆ្នាំ​២០១៨ គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​បានសម្លាប់​មនុស្ស សរុប ១៧៦១ នាក់ និង​របួស ៤៧៧១​នាក់​។

​ទោះជា​ដូច្នេះ​ក្តី តែ​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក មិនបាន​ថមថយ​ទេ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ មូលហេតុ បើតាម​របាយការណ៍​ប៉ូលិស​ចរាចរណ៍ គឺ​គ្រោះថ្នាក់​ចរាចរ ស្ទើរតែ​ទាំងអស់ បង្កឡើង​ដោយ​កត្តា​មនុស្ស ហើយ​ភាគច្រើន កើត​ឡើងលើ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។​

​សរុបមក ដើម្បី​រួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ គឺ​មានតែ​អ្នកធ្វើដំណើរ​តាម​យានយន្ត​ទាំងអស់ ពិសេស​អ្នកបើកបរ គួរតែ​បង្កើន​ការប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​យោគយល់​អ​ធ្យា ស្រ័យ​គ្នា​។ ក្នុងនោះ អ្នកធ្វើដំណើរ​តាម​ម៉ូតូ ក៏​គួរតែ​ឆ្លៀត​ស្វែងយល់​ពី​ច្បាប់​ចរាចរណ៍​មុននឹង កាន់ចង្កូត​ម៉ូតូ​។ យុវជន ក៏​គួរតែមាន​អាយុ ១៨​ឆ្នាំ​ឡើងទៅ ហើយ​មាន​យល់ដឹង​ពី​ច្បាប់ ចរាចរណ៍​។ ឪពុកម្តាយ និង​អាណាព្យាបាល គួរតែ​ជំរុញ​ឲ្យ​កូនៗ ចូល​សាលារៀន​បើកបរ ហើយ​ពេល​កូន​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ចាំ​ឲ្យ​កូន​បើកបរ​ម៉ូតូ ជៀសវាង​គ្រោះថ្នាក់​នាំ​ឲ្យ ស្តាយក្រោយ ព្រោះថា អាច​ក្លាយជា​រឿង​ទិញ​ម៉ូតូ​ថ្មី ឲ្យ​កូនចៅ ដូច​ឲ្យ​កូន រងគ្រោះ របួស និង​បើ​ធ្ងន់ធ្ងរ រហូតដល់​ស្លាប់​។​

​មិនចាំបាច់​ដល់​ច្បាប់​តម្រូវ​ទេ ពោលគឺ​អ្នកបើកបរ​គ្រប់រូប ពិសេស​អ្នកបើកបរ​យានយន្ត ទាំងអស់ និង​អ្នកធ្វើដំណើរ​តាម​ម៉ូតូ គួរតែ​ភ្ញាក់រលឹក​ខ្លួនឯង នោះ​គឺ​ស្វែងយល់​ពី​ច្បាប់ ចរាចរណ៍ ឲ្យ​ចេះដឹង​ច្បាប់​សិន មុននឹង​បើកបរ​យានយន្ត ព្រោះ​អាយុជីវិត​របស់​អ្នក​ហើយ ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ មិន​ត្រឹមតែ​របួស ឬ​ស្លាប់​តែ​អ្នកបើកបរ​នោះទេ​តែ​ក៏​អាច​បង្ក គ្រោះថ្នាក់​ដល់​អ្នករួមដំណើ​រ​ជាមួយ និង​អ្នកដទៃ ដែល​ធ្វើដំណើរ​តាមផ្លូវ​ផងដែរ​។ មួក សុវត្ថិភាព គួរតែមាន​គ្រប់គ្នា និង​ពាក់​គ្រប់ពេល​ធ្វើដំណើរ​តាម​ម៉ូតូ​។ រីឯ​អ្នកបើកបរ និង​ជិះ ឡាន ត្រូវតែ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​គ្រប់ពេល​ធ្វើដំណើរ ទោះ​ជិត ឬ​ឆ្ងាយ ហើយក៏​ត្រូវ​ឆ្លង កាត់​សាលារៀន​បើកបរ​ត្រឹមត្រូវ និង​ប្រឡង​យក​ប័ណ្ណបើកបរ តាម​សមត្ថភាព​ពិសេស​ពេល បើកបរ ត្រូវគោរព​ច្បាប់​។ មានតែ​ខ្លួន​អ្នកបើកបរ​ផ្ទាល់​ទេ ដែល​អាច​ការពារ និង​កុំ​ឲ្យ​គ្រោះ ថ្នាក់​ចរាចរណ៍ កើតឡើង ចំពោះ​រូបអ្នក​ផ្ទាល់ ចំពោះ​អ្នករួមដំណើរ​ជាទី​ស្រឡាញ់​របស់​អ្នកផង និង​កុំ​ឲ្យ​កើតឡើង​ចំពោះ​អ្នកដំណើរ​ដទៃទៀត ដែល​រួម​ដំណើរ​លើ​ដងផ្លូវ​ជាមួយ​អ្នក​៕ ដោយៈ ម៉េង​ឆៃ​