អាជ្ញាធរ​ជាតិ​អប្សរា​ប​ង្រ​ស់​សម្បត្តិ​វប្បធម៌​មនុស្ស​ជំនាន់​មុន​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​

333
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: វត្ត​រាជ​បូ​ណ៌​គឺជា​វត្ត​ដ៏​ចំណាស់​មួយ​ក្នុងចំណោម​វត្ត​ដទៃទៀត ដែល​ស្ថិតនៅតាម​ដងស្ទឹង​សៀមរាប ក្នុងភូមិ​សាស្ត្រ​ភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​អារាម​នេះ​មាន​ព្រះវិហារ​មួយ​ដែលមាន​លក្ខណៈ​ស្ថាបត្យកម្ម​ល្អ​ឯក ហើយ​ប្រហែលជា​សាងសង់ឡើង​ក្នុង​រាជ្យ​ព្រះបាទ​នរោត្តម​។​

​ព្រះវិហារ​ចំណាស់​នេះ​ធ្លាប់មាន​ការជួសជុល​តាំងពី​សម័យ​អាណានិគម​បារាំង​មកម្ល៉េះ​។ បច្ចុប្បន្ន​មាន​សភាព​ទ្រុឌទ្រោម​ដោយ​អន្លើ ដែល​តម្រូវឱ្យ​មានការ​ជួសជុល​ជា​ចាំបាច់ ដោយសារ​អាយុកាល​និង​អាកាសធាតុ​ជាដើម​។ ដើម្បី​រួមចំណែក​រក្សា​មរតក​នេះ​ឱ្យ​គង់វង្ស​តទៅទៀត អាជ្ញាធរ​ជាតិ​អប្សរា​បាន​សហការ​ជាមួយ​អ្នកជំនាញ​អ៊ីតាលី​ចាប់ផ្តើម​ជួសជុល​ផ្នែក​សំខាន់ៗ​នៃ​ព្រះវិហារ​នៅ​ឆ្នាំ​២០១៤​។

​ចំពោះ​សន្លឹក​ទ្វារ សន្លឹក​បង្អួច គំនូរ និង​បដិមា​ក្នុង​វិហារ​ជាដើម សុទ្ធតែ​បាន​ជួសជុល​និង​សម្អាត​តាម​បច្ចេកទេស​ដោយ​អ្នក​អភិរក្ស​។ កិច្ចការ​ទាំងអស់នេះ​តែងមាន​ព្រះទ័យ​យកចិត្តទុកដាក់​ខ្ពស់​និង​ការ​ផ្តល់ឱកាស​ដ៏​ពេញលេញ​អំពី​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ ព្រះគ្រូ​ចៅអធិការ​វត្ត​រាជ​បូ​ណ៌​។​

​កិច្ចការ​អភិរក្ស​នាបច្ចុប្បន្ន​ចំពោះ​ព្រះវិហារ​បាន​ត្រូវ​ជួសជុល​ជា​២​ដំណាក់កាល​បន្ថែម​នាពេល​ថ្មីៗ​នេះ ដោយ​ដំណាក់កាល​ទី​១៖ សិក្សា​គម្រោង​សម្រង់​ប្លង់​ចាស់​និង​ធ្វើ​ដំបូល​ដែក​គ្រប​លើ​វិហារ ដោយ​ប្រើប្រាស់​ថវិកា​របស់​ពុទ្ធ​បរិស័ទ ក្រោម​ការផ្តួចផ្តើម​ពី​ព្រះមហា​វិមលធម្ម ពិន សែម សិរី​សុ​វ​ណ្ណោ​។ ហើយ​ចំពោះ​ដំណាក់កាល​ទី​២៖ ការជួសជុល​ដំបូល​វិហារ​ផ្តោតលើ​ការជួសជុល​គ្រឿង​បង្គុំ​ដំបូល​ដើម្បី​រក្សា​លំនឹង​របស់​ដំបូល សម្លាប់​មេរោគ និង​សត្វល្អិត​ស៊ីសាច់​ឈើ ជួសជុល​សម្អាត​ហោជាង​ដែលមាន​ចម្លាក់​ក្បាច់ និង​គ្រឿង​លម្អ​ដំបូល​ទាំងអស់​ឡើងវិញ​រួចរាល់​បាន​១០០% ក្រោម​ការផ្តល់​ថវិកា និង​លក្ខណៈ​បច្ចេកទេស​ពី​អាជ្ញាធរ​ជាតិ​អប្សរា​។

​ជា​លក្ខណៈ​បច្ចេកទេស យើង​ព្យាយាម​រក្សា​រូបរាង​ឱ្យនៅ​ដដែល​និង​ប្រើប្រាស់​សម្ភារៈ​ចាស់​ដែលមាន​ស្រាប់​តាម​លទ្ធភាព និង​ប្រើប្រាស់​វិធីសាស្ត្រ​ដែល​សមស្រប​សម្រាប់​ការអភិរក្ស​នាពេល​អនាគត​។

​ដោយឡែក​នៅលើ​ជញ្ជាំង​ព្រះវិហារ​ផ្នែក​ខាងក្នុង​មាន​សិល្បៈ​ដ៏​រស់​រវើក​ល្អ​វិចិត្រ​គឺ គំនូរ​បុរាណ​រឿង «​រាមកេរ្តិ៍​» ដែលជា​រឿង​ល្បីល្បាញ​នៅ​អាស៊ីអាគ្នេយ៍ គូរ​នៅ​រវាង​ឆ្នាំ​១៩២០-១៩២៤ ដោយ​ជាង​ឈ្មោះ ប៉ិល និង​ក្មួយ​របស់គាត់​ឈ្មោះ ឌិ​ត​។ ជាងគំនូរ​ទាំង​២ គឺជា​ជាង​ធ្វើ​ណាំង​សម្រាប់​ល្ខោនស្បែក​ធំ ទើប​គំនូរ​មាន​ទម្រង់​កាយវិការ​បែប​ដូច​ស្បែក​ធំ​។ ចំណែក​នៅ​ផ្នែក​ខាងក្រៅ​មាន​ចម្លាក់​លៀន​យ៉ាង​រស់​រវើក​នៅលើ​ទ្វារ​និង​បង្អួច​។

​ការអភិរក្ស​មរតក​វប្បធម៌​នេះ​ជា​ឧទាហរណ៍​ដ៏​ល្អ ព្រោះ​យើងទាំងអស់គ្នា​បានរួម​ចំណែក «​ប​ង្រ​ស់​»​សម្បត្តិ​វប្បធម៌​នៃ​មនុស្ស​ជំនាន់​មុន​ឱ្យនៅ​បន្ត​រស់​ទៅដល់​អ្នកជំនាន់ក្រោយ​ទៀត ក្នុងការ​ប្រើប្រាស់ និង​សិក្សា​ឈ្វេងយល់​អំពី​ប្រវត្តិសាស្ត្រ​និង​សិល្បៈ​របស់ខ្លួន​៕ ល​