ទូតអារ៉ាប៊ីសាអូឌីត សន្យាថា នឹង ​ខិតខំពង្រឹងពង្រីកទំនាក់ទំនង ​កិច្ចសហប្រតិបត្តិការជាពិសេស​ វិស័យពាណិជ្ជកម្ម

394
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភាបានអនុញ្ញាតឲ្យលោក សាអ៊ូត អាល់ សូវ៉េលីម( Saud F.M. Al Suwelim) ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតប្រចំាកម្ពុជាចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០​១​៩។

ក្នុងជំនួបនោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានលើកឡើងពីការពង្រឹងពង្រីកវិស័យការទូតសភាកម្ពុជា ជាមួយបណ្តាប្រទេសជាមិត្តទំាងអស់នៅលើពិភពលោក។ សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជា នឹងបន្តខិតខំថែមទៀតក្នុងការពង្រឹង និងពង្រីកវិស័យការទូតសភា ជាមួយសភាប្រទេសជាមិត្តនៅលើសកលលោក សំដៅគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាអន្តរសភានានា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាង រដ្ឋសភាកម្ពុជានិងរដ្ឋសភាអារ៉ាប៊ីសាអូឌីត ផងដែរ។ រដ្ឋសភាប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងល្អ នៅក្នុងវេទិកាអង្គការអន្តរសភាក្នុងតំបន់ និងសកលលោក ដូចជានៅក្នុងក្របខ័ណ្ឌសហភាពអន្តរសភា(IPU) និងសភាតំបន់អាស៊ី(APA) ជាដើមនោះ។

លោក សាអ៊ូត អាល់ សូវ៉េលីម បានសម្តែងក្តីរីករាយដែលបានមកបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទំាងបានសន្យាថា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យកាន់តែរឹងមាំឡើង ពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។លោកឯកអគ្គរាជទូត បានជូនលិខិតអញ្ជើញ របស់លោកប្រធានរដ្ឋសភា អារ៉ាប៊ីសា អូឌីត ចំពោះសម្តេចប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសអារ៉ាប៊ីសាអូឌី។

សម្តេចបានទទួលយកការគោរពអញ្ជើញនេះ ដោយបានគូសបញ្ជាក់ថា នឹងរកពេលវេលា សមស្របណាមួយដើម្បីបំពេញទស្សនកិច្ចតាមការអញ្ជើញ។ ក្នុងនាមរដ្ឋសភា សម្តេចបានគាំទ្ររាល់កិច្ចសហប្រតិបត្តិការទេ្វភាគី និងពហុភាគី ដែលរាជរដ្ឋាភិបាលកម្ពុជា និងអារ៉ាប៊ី សាអូឌីត  បាននិងកំពុងអនុវត្តជាមួយគ្នា សំដៅនាំមកនូវផលប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។ កិច្ចសហប្រតិបត្តិការទំាងអស់នេះ មិនត្រឹមតែជាមូលដ្ឋាននាំមកនូវផលប្រយោជន៍ និងទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជនប្រទេសទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ដល់ការថែរក្សា ស្ថិរភាព សន្តិសុខ សន្តិភាព ក្នុងតំបន់ និងសកលលោកផងដែរ៕B/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ