​លោក​ប្រធានាធិបតី​កូរ៉េ​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ផ្តួចផ្តើម​ឲ្យ​មាន​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ

372
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ (Mekong-Republic of Korea Summit) លើកទីមួយ​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​២៧​ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ក្រុង​កំពង់ផែ​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ ក្រោម​ប្រធានបទ «​ផ្លូវ​ទៅកាន់​ទន្លេមេគង្គ​» ។ កន្លងមក​កិច្ចប្រជុំ​រវាង​ប្រទេស​មេគង្គ​និង​កូរ៉េខាងត្បូង​ធ្វើឡើង​តែ​កម្រិត​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ​ប៉ុន្តែ​ត្រូវ​បានស្នើ​ឲ្យ​មាន​ការលើក​កម្រិត​កិច្ចប្រជុំ​នេះ​ដល់​ថ្នាក់​ប្រមុខរដ្ ឋ​ប្រមុខ​រដ្ឋាភិបាល​ ហើយសំណើ​នេះ​ត្រូវ​ផ្តួចផ្តើម​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​។លោក​ប្រធានាធិបតី មូ​ន ជេ​អ៊ី​ន ថ្លែង​អរគុណ​ដល់​សម្តេចហ៊ុនសែនដែល​បា​នផ្តួចផ្តើម​គំនិត​ឲ្យ​មាន​កិច្ចប្រជុំ​ថ្នាក់​កំពូល​នេះ​ឡើង បើទោះបី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មិនបាន​អញ្ជើញ​ចូលរួម​ដោយសារ​មានធុរៈ​ក្នុង​គ្រួសារ​ជាបន្ទាន់​ដែល​មិនអាចចេញទៅ​ក្រៅប្រទេស​បាន ។

​លោក មូ​ន ជេអ៊ី​ន ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​បានទទួល​បដិសណ្ឋារកិច្ច​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ដង​ទន្លេមេគង្គ​រួមមាន​លោក ប្រាក់ សុខុន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​កាបរទេស​និង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​អន្តរជាតិ​តំណាង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​លោកស្រី អង់ សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា ,​លោក ប្រា​យុទ្ធ ច័ន្ទអូ​ចា នាយករដ្ឋមន្ត្រី​ថៃ​,​លោក ង្វៀន សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​និង​លោក ថង លូន​ស៊ី សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​។​

​បើទោះបីជា​មិនមាន​វត្តមាន​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏ដោយ ​ក៏​លោក​មូ​ន​នៅតែ​អរគុណ​សម្តេច ហ៊ុន សែន ផងដែរ​ទាក់ទង​នឹង​ការស្នើ​ឲ្យ​លើកកម្ពស់​កិច្ចប្រជុំ​មេគង្គ​-​កូរ៉េខាងត្បូង​ទៅជា​កម្រិត​ថ្នាក់ដឹកនាំ​ប្រទេស ។យន្តការ​នេះ​ផ្ដើមចេញ​នៅ​ឆ្នាំ២០១១មក ​ប៉ុន្តែ​ជា​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ប្រចាំឆ្នាំ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​តែប៉ុណ្ណោះ​។

​កិច្ចប្រជុំ​កំពូល​មេគង្គ​កូរ៉េ​លើកទីមួយ​នេះ​ លោក​ប្រធានាធិបតី មូ​ន ជេអ៊ី​ន បាន​លើកឡើងថា​ ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​បាន​ដើរតួនាទី​យ៉ាងសំខាន់ ទាំង​បញ្ហា​តំបន់​ក៏ដូចជា​បញ្ហា​សន្តិភាព​នៅក្នុង​ឧបទ្វីប​កូរ៉េ​ផងដែរ ។​លោក​ប្រធានាធិបតី​បាន​បន្ថែមថា​ ប្រទេស​កូរ៉េខាងត្បូង​និង​នៅ​ជាមួយនឹង​ប្រទេសមេគង្គ​ ហើយ​ជឿជាក់ថា​ការអភិវឌ្ឍ​ន៍ក្នុង​តំបន់​មេគង្គ​គឺជា​បញ្ហា​របស់​កូរ៉េ ។

​នៅក្នុង​កិច្ចប្រជុំ​នោះ​ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏​មិន​ភ្លេច​លើកឡើង​អំពី​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ជំរុញ​ឲ្យ​មាន​កិច្ចប្រជុំ​កំពូល​មេគង្គ​កូរ៉េខាងត្បូង​ដើម្បី​មក​ជំនួស​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ធ្វើឡើង​ពីរ​ឆ្នាំ​ម្ដង​។​កិច្ច​ប្រជុំបាន​សង្កត់ធ្ងន់​ថា​ប្រទេស​តំបន់​មេគង្គ​បានក្លាយ​ទៅជា​ទឹកដី​នៃ​ឱកាស ​ហើយថា​កូរ៉េខាងត្បូង​គឺជា​មិត្ត​ភ​ក្តិពិសេស​សម្រាប់​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​ដើម្បី​ជំរុញ​ឲ្យ​តំបន់​នេះ​មាន​កិច្ចសហប្រតិបត្តិការ​និង​វិបុលភាព​ដើម្បី​ជួយ​ជំរុញ​តំបន់​អាស៊ាន​សម្រាប់​យុគសម័យ​អាស៊ី​ប៉ាស៊ីហ្វិក​។

​លោក​មូ​ន​បានបញ្ជាក់​ទៀតថា​ ទន្លេមេគង្គ​គឺជា​តំបន់​ដែលមាន​ឱកាស​ខ្ពស់​ក្នុងការ​អភិ វឌ្ឍ​ន៍សេដ្ឋកិច្ច ជាពិសេស​គឺជា​ដៃគូ​អភិវឌ្ឍដ៏​សំខាន់​ជាមួយនឹង​កូរ៉េខាងត្បូង​ផងដែរ ។ ជាក់ស្តែង​ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​កូរ៉េខាងត្បូងជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​គឺមាន​រហូតដល់​ទៅ​ជាង​៨៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៨ ហើយ​មានការ​កើនឡើង ២,៤ ភាគរយ ក្នុង​រយៈពេល ៨​ឆ្នាំ​កន្លងមកនេះ​។

​បន្ទាប់ពី​កិច្ចប្រជុំ​បានបញ្ចប់ ​ប្រទេស​ទាំងអស់​បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ​ស្តីពី​«​ទន្លេមេគង្គ​និង​ទន្លេ​ហាន​ លើ​ការកសាង​ភាពជា​ដៃគូ​សម្រាប់​ប្រជាជន​វិបុលភាពនិង​សន្តិភាព​» ។ តាមរយៈ​សេចក្តីប្រកាស​រួមមួយ​នេះ​កូរ៉េខាងត្បូង​និង​បណ្តា​ប្រទេស​តំបន់​ទន្លេមេគង្គ​ទាំង ៥បាន​យល់ព្រម​សហប្រតិបត្តិការ​លើ​វិស័យ​ចំនួន ៧ សំខាន់ៗ។វិស័យ​ទាំង ៧ នេះ​មានដូចជា​ទេសចរណ៍​,​ការអភិវឌ្ឍន៍​ធនធានមនុស្ស​, កសិកម្ម​និង​ការអភិវឌ្ឍ​ន៍តំបន់​ដាច់ស្រយាល​, ហេដ្ឋារចនាសម្ព័ន្ធ​, បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​, បរិស្ថាន និង​ការប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​សន្តិសុខ​៕​/Ha