ផ្លូវ​ចំនួន ៦​ខ្សែ​ត្រូវបាន​ក្រុមការងារ​បច្ចេកទេសរ​បស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​ធ្វើការ​ជួសជុល​ថែទាំ​

235
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ចុះ​អនុវត្ត​ការងារ​ជួសជុល​ថែទាំ​ផ្លូវ​ចំនួន ៦​ខ្សែ ក្នុង​ខេត្តសៀមរាប​។​ នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រី​នៃ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​នា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​និយាយថា ក្រុមការងារ​បច្ចេកទេស​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប​បាន​អនុវត្ត​ការងារ​ជួសជុល​ថែទាំ​ផ្លូវ​ចំនួន ៦​ខ្សែ​ដូចខាងក្រោម ទី​១ គម្រោង​ជួសជុល​ផ្លូវ​ខេត្ត​លេខ​២៦៦C(​ចំណុច​បំបែក​ផ្សារ​ព្រះ​ដាក់​) ស្ថិតក្នុង​ភូមិ​ព្រះ​ដាក់ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ថ្ងៃនេះ​បាន​បន្តសកម្មភាព​ចាក់​បេតុង​តួ​ផ្លូវ​បន្តទៀត​។​ទី​២ -​បានបញ្ចប់​ការងារ​កៀរ​សម្រួល​ដីក្រហម នៅ​ផ្លូវ​ខេត្ត​លេខ​២៦៧៤ ចាប់ពី​ចំណុច​បំបែក​ផ្លូវជាតិ​លេខ​៦៧ ត្រង់​គីឡូម៉ែត្រ​លេខ​៤៨​ស្ថិតក្នុង​ភូមិ​ទួល​គ្រួស ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ឆ្ពោះទៅ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ​។​

ទី​៣ -​បានបញ្ចប់​ការងារ​កាត់​សម្អាត​រុក្ខជាតិ​សង្ខាង​ផ្លូវជាតិ​លេខ​៦៨ រហូត​ទៅដល់​ព្រំប្រទល់​ខេត្តសៀមរាប​-​ឧ​ត្ត​មានជ័យ ស្ថិត​ក្នុងស្រុក​ស្រីស្នំ​។​ទី​៤-​បាន​បន្ត​ធ្វើការ​កៀរ​សម្រួល​ដីក្រហម​នៅ​ផ្លូវ​ខេត្ត​លេខ​២៦៤១B ចាប់ពី​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន រហូតដល់​ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ​។ ទី​៥-​បាន​បន្តធ្វើ​ការជួសជុល​កម្រាល​កៅស៊ូ​DBST លើផ្លូវ​ខេត្ត​លេខ​២៦៦ (​កំពង់ក្ដី​-​ខ្វាវ ស្រុក​ជីក្រែង​) ចន្លោះ​គ​.​ម​២ ដល់គ​.​ម​៣​។​ទី​៦-​បាន​ជួសជុល​គម្រប​លូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ ស្ថិត​នៅមុខ​ផ្សារ​កំពង់ក្ដី ក្នុងភូមិ​សាស្ត្រ​ស្រុក​ជីក្រែង​៕B/