​អាជ្ញាធរ​សង្គ្រោះ​ដំណាំ​ស្រូវវស្សា​រួចផុត​ពី​ស្កក​បាន​ជាង​១.២០០​ហិកតា​នៅ​ស្រុក​ចំនួន​ពីរ​

308
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​ក្នុង​រង្វង់​ខែវិច្ឆិកា​ឆ្នាំ​២០១៩​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កសិកម្ម​និង​អាជ្ញាធរខេត្ត​កំពង់ចាម​ចុះ​សង្គ្រោះ​ដំណាំ​ស្រូវវស្សា​ចុង​នា​ចុងរដូវ​នៅ​ស្រុក​ព្រៃឈរ និង​ស្រុក​ស្រី​សន្ធរ​បាន​ចំនួន ១.២៣១ ហិកតា នៃ​ផ្ទៃដី​ដំណាំ​មួយ​ប្រភេទ​សរុប​នេះ​ចំនួន​៨៦.៥៤០ ហិកតា​នោះ​។​

​លោក​អ៊ុម​វិបុល​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តកំពង់ចាម​បាន​ថ្លែង​ឲ្យ​ដឹង​នៅក្នុង​សេចក្តីប្រកាស​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​នៅ​ថ្ងៃទី​២៦​វិច្ឆិកា​ថា​រយ​:​ពេល​ថ្មីៗ​នេះ​ពោលគឺ​ក្នុង​ខែវិច្ឆិកា​នេះ​យើង​បាន​ជួយ​អន្តរាគមន៍​សង្គ្រោះ​ស្រូវ​ស្រែវស្សា​នៅ​ឃុំ​សំរោង​ស្រុក​ព្រៃឈរ និង​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា​ប៉ុន្តែ​មកដល់​ព្រឹក​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ​យើង​នៅ​មិនទាន់​បានទទួល​ព័ត៌មាន​ពី​មូលដ្ឋាន​ស្តីពី​ការខ្វះ​ទឹក​ស្រោចស្រព​នោះទេ​។​ទោះជា​យ៉ាងណា​សូម​សំណូមពរ​ដល់​អាជ្ញាធរ​មេត្តាជួយ​សម្របសម្រួល​ពិនិត្យ​លទ្ធភាព​ជាក់ស្តែង​អំពី​តម្រូវការ​ក្នុងការ​ប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ ដោយមាន​ភាពបត់បែន និង​ស្មើភាព​។

លោក​វិបុល​បាន​បន្ថែមថា​ពិសេស​ណែនាំ​គាត់​(​ប្រជាកសិករ​)​ឲ្យ​ចេះ​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ​ខ្ពស់​ពោល គឺ​ជៀសវាង​ការបង្ហូរ​ដាក់​ស្រែ​ពេញ​ហូរហៀរ​ចោល ឬ​ពេលខ្លះ គិតពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដោយមាន​ចេតនា​បូម​ពង្រីង​ដើម្បី​ចាប់យក​ត្រី​ជាដើម​នោះ​។​

​គួរ​បញ្ជាក់ថា ខេត្តកំពង់ចាម​មាន​ផ្ទៃដី​បង្កបង្កើនផល​ទាំង​ស្រូវ​រដូវវស្សា និង​ទាំង​រដូវប្រាំង​សរុប​ចំនួន ១២៨.៥៤០ ហិកតា គឺ​ក្នុងនោះ​ស្រូវវស្សា​មាន​ចំនួន ៨៦.៥៤០ ហិកតា និង​ស្រូវប្រាំង​ចំនួន ៤២.០០០ ហិកតា​។ ដោយមាន​ប្រព័ន្ធធារាសាស្ត្រ​សរុប​ចំនួន ២៦២ កន្លែង បាន​ជួសជុល​ឡើងវិញ​ចំនួន ៨៥​កន្លែង​និង​ស្តារ​ប្រឡាយ​ប្រវែង​សរុប​ចំនួន​៣៩៧,៨២​គីឡូម៉ែត្រ​សម្រាប់​ជួយ​អន្តរាគមន៍​ជួ​យស​ង្រោះ ស្រូវ​រដូវប្រាំង និង​ស្រូវវស្សា​ដែល​ជួប​បញ្ហា​ខ្វះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ