មន្ត្រី​ជំនាញ​រំពឹងថា​នៅ​ឆ្នាំ​២០២៣​ខេត្តកំពត​នឹង​អាច​ទទួល​ទេសចរ​ប្រមាណ​ជិត​៣​លាន​នាក់​

544
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​បានដាក់​ចេញ​នូវ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​រយៈពេល​៥​ឆ្នាំ​ជាមួយ​ក្តី​រំពឹងថា​អាច​នឹង​សម្រេចបាន​តាម​ការរំពឹង​ទុក​។​គោលបំណង​នៃ​ផែនការ​គឺ​ធ្វើយ៉ាងណា​ឱ្យ​ខេត្តកំពត​អាច​ទទួលភ្ញៀវ​ជាតិប្រមាណ​២​លាន​៥​សែន​នាក់​និង​ទេសចរ​បរទេស​៣០​ម៉ឺន​នាក់​ចាប់ពី​ឆ្នាំ​២០២៣​។

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ឆ្លង​សេចក្ដីព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកំពត​រយៈពេល​៥​ឆ្នាំ (​ឆ្នាំ​២០១៩-​ឆ្នាំ​២០២៣) នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា​ឆ្នាំ ២០១៩ លោក​ជាវ តា​យ​អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​ឯកសារ​ព្រាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកំពត​រយៈពេល​៥​ឆ្នាំ​ដែល​ដាក់​ឆ្លង​កិច្ចប្រជុំ​ពិតជា​មាន​សារសំខាន់​បំផុត​។​ផែនការ​នេះ​នឹង​បង្ហាញ​ដល់​ក្រសួង​មន្ទីរ​និង​ភ្នាក់ងារ​អភិវឌ្ឍន៍​នានា​ក៏ដូចជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ព្រមទាំង​ផ្នែក​ឯកជន​សម្រាប់​ជា​ឯកសារ​ក្នុងការ​កៀរគរ​ធនធាន​និង​កិច្ច​គាំទ្រ​រាល់​គម្រោង​ដែល​បាន​ដាក់ចេញ​នោះ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ក្នុង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្តកំពត​មាន​គម្រោង​សំខាន់ៗ​ជាច្រើន​ហើយ​បានបញ្ជាក់​យ៉ាង​លម្អិត​ទាំង​សកម្មភាព​តូចៗ​សម្រាប់​ការអភិវឌ្ឍ​ទេសចរណ៍​ឱ្យបាន​សម្រេច​តាម​គោលបំណង​ដើម្បី​ឆ្លើយតប​ចំពោះ​ចក្ខុវិស័យ​និង​គោលដៅ​ដែល​បានកំណត់​។​ជាពិសេស​តម្រូវការ​ចាំបាច់​ក្នុងការ​អភិវឌ្ឍន៍​អេកូ​ទេសចរណ៍​សហគមន៍​ទេសចរណ៍​ព្រមទាំង​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​និង​ការពង្រឹង​ពង្រីក​គុណភាព​សេវាកម្ម​សម្រាប់​ជា​កាលានុវត្តភាព​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដើម្បី​រួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​។

លោក​សយ​ស៊ី​ណុល​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​ក៏បាន​បញ្ជាក់​អំពី​ចំណុច​គ្រឹះ​មួយចំនួន​ក្នុង​ផែនការ​អភិ​វិ​ឌ្ឍ​ន៍​វិស័យ​ទេសចរណ៍​រួមមាន​១.​ការអភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍​ការបង្កើត​ផ្សារ​សមុទ្រ​ការអភិវឌ្ឍន៍​សហគម​ន៍​ទេសចរណ៍​និង​ផ្ទះ​ស្នាក់នៅ​។​ការរៀបចំ​ទេសចរណ៍​ផ្សងព្រេង​និង​ដើរ​កម្សាន្ត​ព្រៃ​ការរៀបចំ​ទេសចរណ៍​តាម​ឆ្នេរ​និង​តាម​សមុទ្រ​ការរៀបចំ​និង​អភិវឌ្ឍន៍​ទីក្រុង​ស្អាត​និង​ការរៀបចំ​ខ្សែ​ទស្សនកិច្ច​នានា​។​២.​ការអភិវឌ្ឍន៍​រមណី​យ​ដ្ឋា​ន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​រមណីយដ្ឋាន​ភ្នំ​ដូង តំបន់​ឆ្នេរកែប​ថ្មី និង​រមណីយដ្ឋាន​កោះសេះ​ជាដើម​។

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ខេត្ត​មាន​គោលបំណង​ធ្វើយ៉ាងណា​ឱ្យ​ការទទួល​ភ្ញៀវ​ជាតិ​បាន​ប្រមាណ​២​លាន​៥​សែន​នាក់​និង​ទេសចរ​បរទេស​៣០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០២៣​។​ជាមួយ​បរិមាណ​ភ្ញៀវ​ក្នុង​ទំហំ​នោះ​តម្រូវឱ្យមាន​បន្ទប់​ស្នាក់នៅ​ប្រមាណ​៥.០០០​បន្ទប់​និង​ផ្តល់ឱកាស​ការងារ​ដោយផ្ទាល់​ជូន​ពលរដ្ឋ​ក្នុង​ខេត្តកំពត​ចំនួន​មួយ​ម៉ឺន​នាក់​។​

​លោក​សយ​ស៊ី​ណុល​បាន​បញ្ជាក់ថា​វិស័យ​ទេសចរណ៍​មាន​លក្ខណៈ​ជា​ពហុ​វិស័យ​ដោយ​ពឹង​ផ្អែកលើ​ទំនាក់ទំនង​ជាមួយ​ផ្នែក​នានា​។​ដូច្នេះ​តម្រូវឱ្យមាន​ការចូលរួម​សហការ​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​សម្រេចបាន​តាម​ផែនការអភិវឌ្ឍន៍​នេះ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ