ទិវា​ឯករាជ្យ​ជាតិ អាល់​បា​នី​

496
ចែករម្លែក

ភ្នំពេញៈ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាល់​បា​នី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​សមាជ​អាល់​បា​នី អនុម័ត​រដ្ឋធម្មនុញ្ញ​ប្រកាស​បង្កើត ស្វ័យភាព នៃ​រដ្ឋ​អាល់​បា​នី កាលពី​ឆ្នាំ​១៩១២ ។ ទោះយ៉ាងណា អាល់​បា​នី​ដែលជា​សាច់ មួយ​ដុំ ត្រូវបាន​ដណ្តើម​គ្នា ឥតឈប់ឈរ ដោយ​ពួក​មហាអំណាច​មូស្លីម និង​មហាអំណាច គ្រិ​ស្ទា​ន​នោះ នៅតែ​បន្ត​ហែកហួរ​គ្នា ជាច្រើន​ឆ្នាំ​ទៀត ។​
​ ​
​ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ
សាធារណរដ្ឋ​អាល់​បា​នី មាន​ផ្ទៃដី ២៨.៧៤៨ គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ទ្វីប អឺរ៉ុប មាន​ព្រំដែន​ជាប់​នឹង​ប្រទេស ម៉ុង​តេ​ណេ​ហ្គ្រោ ម៉ា​សេ​ដូ​នី ក្រិ​ក និង​សមុទ្ទ​អា​ឌ្រី​យ៉ា​ទិ​ក (Adriatic) ។ ឆ្នាំ​២០១៩ មាន​ប្រជាពលរដ្ឋ ជិត ៣ លាន​នាក់ ភាគច្រើន​ជា​អ្នក​កាន់សាសនា អ៊ិ​ស្លាម និង​សាសនា​គ្រិស្ត ។ រដ្ឋធានី គឺ​ទីក្រុង​ទី​រ៉ា​ណា ភាសាផ្លូវការ គឺ​ភាសា​អាល់​បា​នី​។​

​ប្រវត្តិសាស្ត្រ​
ដើម្បី​ជា​ផ្លូវ​ឆ្ពោះទៅ​លុកលុយ​អ៊ីតាលី និង​អឺរ៉ុប​ខាងលិច មហាអំណាច​មូ​ស្ល៊ី​ម ចក្រភព​អូ​តូ​ម៉​ង់ ( តួ​ក​គី ) បាន​ដណ្តើម​ត្រួតត្រា​ទឹកដី អាល់​បា​នី ជា​បន្តបន្ទាប់ ។ គិត​ត្រឹម​ឆ្នាំ​១៤៣១​ទឹកដី​ភាគ ច្រើន​បំផុត ត្រូវបាន​ដណ្តើម​កាន់កាប់ ដោយ​ចក្រភព​អូ​តូ​ម៉​ង់ ។

​ការ​ទៅដល់​នៃ​ជនជាតិ​តួ​ក​គី​នោះ ប្រជាពលរដ្ឋ នៅលើ​ទឹកដី​អាល់​បា​នី​ត្រូវបាន​តម្រូវឱ្យ ផ្លាស់ប្តូរ​ជា​អ្នក​កាន់សាសនា​អ៊ិ​ស្លាម​វិញ ។ ប្រការនេះ ក៏​បណ្តាលឱ្យ​ជន​គ្រិស្ត​និយម​ខ្លះ​បាន​រត់ ភៀសខ្លួន ទៅ​ប្រទេស​ផ្សេងៗ ដូចជា​ប្រទេស​អេ​ស្ប៉ា​ញ ជាដើម គឺ​ដើម្បី​គេច​ចេញពី​ការ បង្ខិតបង្ខំ​ខាង​សាសនា ។​

​ប៉ុន្តែ​ចាប់ពី​ឆ្នាំ​១៤៤៣ ទៅ ក៏មាន​ចលនា​បដិវត្តន៍​ផ្ទុះឡើង​ប្រឆាំងនឹង​ការត្រួតត្រា​របស់ ចក្រភព​អូ​តូ​ម៉​ង់ ដឹកនាំ​ដោយ​វីរបុរស​ជាតិ ស្កា​ន​ដេ​បេ​ក រហូតដល់​ឆ្នាំ​១៤៧៩​។ ទោះយ៉ាងណា អាល់​បា​នី នៅតែ​បន្ត​ស្ថិតនៅក្រោម​ការត្រួតត្រារ​បស់ អូ​តូ​ម៉​ង់ ក្នុងឋានៈ​ជា​ផ្នែក​មួយ នៃ​ខេត្ត Rumelia (​គឺជា​តំបន់​បាល់​កង់ បច្ចុប្បន្ន ) រហូតដល់​ឆ្នាំ ១៩១២ ។

ចលនា​ជាតិនិយម និង​សម្ព័ន្ធ Prizren
ទី​១ ក៏​ព្រោះតែ អូ​តូ​ម៉​ង់ គឺជា​មហាអំណាច មូ​ស្ល៊ី​ម ដែល​តែងតែ​ជា​មូលហេតុ​កាប់សម្លាប់​គ្នា ជាមួយ​ពួក​គ្រិស្ត​និយម ទី​២. ពី​ព្រោះតែ​ដណ្តើម​កាន់កាប់​ទឹកដី បាល់​កង់ ទើប​ផ្ទុះ​សង្គ្រាម រវាង​មហាអំណាច​មូ​ស្ល៊ី​ម អូ​តូ​ម៉​ង់ ប្រឆាំងនឹង​មហាអំណាច​គ្រិស្ត​និយម​រុស្ស៊ី ដែលមាន​ប៊ុល ហ្គា​រី រ៉ូ​ម៉ា​នី ស៊ែ​ប៊ី និង ម៉ុង​តេ​ណេ​ហ្គ្រោ ជា​សម្ព័ន្ធ ពី​ឆ្នាំ​១៨៧៧-១៨៧៨ នៅ​តំបន់ កូ​កាស នៃ​តំបន់​បាល់​កង់ ។​

​ទីបំផុត ជ័យជម្នះ​បាន​ធ្លាក់​ទៅខាង​រុស្ស៊ី ហើយ​រុស្ស៊ី​ដណ្តើមបាន​អាណាខេត្ត​មួយចំនួន​នៅ​តំបន់​កូ​កាស​។ ខណៈ អូ​តូ​ម៉​ង់ ចាញ់​សង្គ្រាម រ៉ូ​ម៉ា​នី ស៊ែ​ប៊ី និង ម៉ុង​តេ​ណេ​ហ្គ្រោ បាន​វាតទី​យក​ទឹកដី​មួយចំនួន​រហូត​មាន​ប្រកាស​ឯករាជ្យ ភាព​ពី អូ​តូ​ម៉​ង់​ទៀតផង ។​

​ក្នុង​គោលបំណង​សាបព្រោះ ស្វ័យភាព​របស់ អាល់​បា​នី គណៈកម្មាធិការ​កណ្តាល​ការពារ សិទ្ធិ ជនជាតិ អាល់​បា​នី ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​១៨៧៧ (​ឯកសារ​ខ្លះ​ថា បង្កើត​ដំបូង​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​១៨៧៧ ហើយ​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​១៨៧៨ ) នាទី​ក្រុង​អ៊ី​ស្តង់​ប៊ុល នៃ​ប្រទេស​តួ​ក​គី ដោយ​ពួក​បញ្ញវន្ត អ្នកស្នេហាជាតិ និង អ្នកនយោបាយ​អាល់​បា​នី ដ៏​មាន​ឥទ្ធិពល​មួយក្រុម ។ លោក អាប់​ឌី​ល ហ្វ្រា​ស​ហ្ស៊េ​រី (​ជនជាតិ អាល់​បា​នី ទី​១ ដែល​ត្រូវបាន​ជ្រើសរើស ជា​សមាជិកសភា​អូ​តូ​ម៉​ង់ ) ត្រូវបាន​ជ្រើសរើស​ជា ប្រធាន​គណៈកម្មាធិការ​នេះ ។​

​សិទ្ធិ​ស្វ័យភាព​របស់​អាល់​បា​នី ត្រូវបាន​ខ្ទាស់ ដោយ​រដ្ឋ​ជិតខាង​របស់ខ្លួន មាន ក្រិ​ក ស៊ែ​ប៊ី និង ប៊ុលហ្គារី ដែល​ទទួលបាន​ការគាំទ្រ ពី​មហាអំណាច​រុស្ស៊ី ហើយ​រុស្ស៊ី គឺជា​អ្នកប្រឆាំង​ជំទាស់ ដាច់ខាត អំពី​ការបង្កើត​រដ្ឋ​អាល់​បា​នី នៅក្នុង​តំបន់​បាល់​កង់ ព្រោះ​រុស្ស៊ី ចង់យក​តំបន់​បាល់​កង់ ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន ដែល​ពេលនោះ​កំពុងដណ្តើម​គ្នា​ជាមួយ​អូ​តូ​ម៉​ង់​។​
​ ​
​លោក អាប់​ឌី​ល ហ្វ្រា​ស​ហ្ស៊េ​រី បាន​ផ្តើម​ការចរចា​ជាមួយ ក្រិ​ក និង អេ​ហ្ស៊ី​ប ដើម្បី​បង្កើត​សម្ព័ន្ធ កងទ័ព​ប្រឆាំងនឹង​វាតទី​និយម​របស់​ប៊ុលហ្គារី ។ ប៉ុន្តែ​ការចរចា​ទាំងឡាយ បាន​បរាជ័យ ។ ដោយហេតុ​នោះ លោក អាប់​ឌី​ល ហ្វ្រា​ស​ហ្ស៊េ​រី ក៏មាន​ជម្រើស​តែមួយគត់ គឺ​ចងសម្ព័ន្ធភាព ជាមួយ​មហាអំណាច អូ​តូ​ម៉​ង់ ដែល​គណៈកម្មាធិការ​រ​ប​ស់លោក កំពុង​ស្វែងរក​សិទ្ធិ​ស្វ័យភាព ។ ពេលនោះ គណៈកម្មាធិការ ការពារ​សិទ្ធិ​ជនជាតិ អាល់​បា​នី បាន​រីកសាយ​យ៉ាង​លឿន ហើយ​ក៏បាន​ផ្លាស់ប្តូរ​ឈ្មោះ​ទៅជា សម្ព័ន្ធ Prizren វិញ ។​

​អាជ្ញាធរ​អាល់​បា​នី បាន​គាំទ្រ​សម្ព័ន្ធ Prizren ដ្បិត​ពីដំបូង តួនាទី​របស់​សម្ព័ន្ធ​នោះ គឺ​ពឹង​លើ​ពួក ឥស្សរជន​មូ​ស្ល៊ី​ម និង​មនុស្ស ដែលមាន​ទំនាក់ទំនង​ល្អ ជាមួយ​រដ្ឋបាល​អូ​តូ​ម៉​ង់ ដែល​ហៅថា សាមគ្គីភាព​មូ​ស្ល៊ី​ម ។​

​ពួក​អូ​តូ​ម៉​ង់ បាន​ពេញចិត្ត និង​បាន​ការពារ សាមគ្គីភាព មូ​ស្ល៊ី​ម​ហើយ​បាន​អំពាវនាវ​ឱ្យ​ការពារ នូវ​ដែនដី មូ​ស្ល៊ី​ម ដែល​រួមទាំង​ដែនដី បូ​ស្នៀ​រ និង ហេ​ហ្សេ​ហ្កូ​វី​ណា បច្ចុប្បន្ន នេះ​ផង ។ ដោយហេតុ​នោះ ទើប​សម្ព័ន្ធ Prizren នោះ ត្រូវបាន​ប្តូរ​ឈ្មោះ​ទៅជា គណៈកម្មការ មូ​ស្ល៊ី​ម ពិតប្រាកដ ។

​សម្ព័ន្ធ Prizren បានចេញ​អនុក្រឹត្យ​មួយ​ឈ្មោះ Kararname ដែល​ថ្លែងថា ប្រជា ពលរដ្ឋ​ពី​អាល់ បា​នី​ខាងជើង តំបន់​អេ​ពី​រូស (​បច្ចុប្បន្ន ជា​ផ្នែក​មួយ​នៃ​ប្រទេស​ក្រិ​ក​) និង​បូ​ស្នៀ​រ​ប្តេជ្ញា​យ៉ាង មោះមុត ក្នុងការ​ការពារ បូរណភាព​ទឹកដី នៃ​អាណាចក្រ​អូ​តូ​ម៉​ង់ តាម​គ្រប់​មធ្យោបាយ ប្រឆាំងនឹង​កងទ័ព​ប៊ុលហ្គារី ស៊ែ​ប៊ី និង ម៉ុង​តេ​ណេ​ហ្គ្រោ ។ ច្បាប់​នេះ ត្រូវបាន​ចុះហត្ថលេខា ដោយ​អនុប្រធាន​សហព័ន្ធ​មូ​ស្ល៊ី​ម ចំនួន ៤៧ រូប នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៨៧៨​។

​ប៉ុន្តែ​ក្រោយមក​សម្ព័ន្ធ Prizren ក៏​បែរជា​បង្ហាញ​នូវ​ឆន្ទៈ​របស់ខ្លួន​វិញ គឺ​ធ្វើការ​ដើម្បី​ស្វ័យភាព របស់ អាល់​បា​នី ទៅវិញ ហើយ​បាន​ស្នើឱ្យ​អាណាខេត្ត​ចំនួន​បួន គឺ​ខេត្ត Kosovo, Scutari, Monastir​និង​Ioannina រំលាយ​ចូលគ្នា​ទៀតផង ។ ប្រការនេះ ធ្វើឱ្យ​អាជ្ញា អូ​តូ​ម៉​ង់​ដក​ការគាំទ្រ របស់ខ្លួន​ចេញពី​សម្ព័ន្ធ​នោះ​ភ្លាម ។​

​អូ​តូ​ម៉​ង់ បានដាក់​សម្ពាធ​ផ្នែក​នយោបាយ រហូត​មានការ​ប្រយុទ្ធ​គ្នា​ជាច្រើនលើក​រវាង​កងទ័ព អូ​តូ​ម៉​ង់ និង​កងទ័ព​របស់​ស​ម្ព័​ន្ធ Prizren ។ ទីបំផុត នៅ​ឆ្នាំ​១៩៨២ លោក អាប់​ឌី​ល ហ្វ្រា​ស ហ្ស៊េ​រី ដែលជា​ប្រធាន​សម្ព័ន្ធ Prizren និង​សហការី​សំខាន់ៗ​មួយចំនួន ទៀត​ត្រូវបាន​កងទ័ព អូ​តូ​ម៉​ង់ ចាប់ខ្លួន​ដាក់ពន្ធនាគារ ៣ ឆ្នាំ (​ដល់​ឆ្នាំ​១៨៨៥) ។ ដោយ សារ​បញ្ហា​សុខភាព​នៅ ឆ្នាំ​១៨៨៦ គាត់​ត្រូវបាន​ដោះលែង ប៉ុន្តែ​តម្រូវឱ្យ​លះបង់​នូវ​សកម្មភាព និង​គំនិត​នយោបាយ គ្រប់​ប្រភេទ​។ ប៉ុន្តែ​គាត់​មិនដែល​បោះបង់​ឡើយ រហូតដល់​មរណភាព​របស់គាត់​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៨៩២​។​

ឯករាជ្យភាព​អាល់​បា​នី​
ចលនា​ស្វ័យភាព អាល់​បា​នី បាន​ស្រាក​បន្តិច ប៉ុន្តែ​ក៏​នៅតែមាន​រលក​ប្រហាក់ប្រហែល គ្នា នេះ​ឥត​ដាច់ ។ នៅឯ​សមាជ All-Albanian នាទី​ក្រុង​ផ្ល​រ៉េ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​១៩១២ អ្នកចូលរួម​សមាជ​ទាំងឡាយ បានអនុម័ត​រដ្ឋធម្មនុញ្ញ នៃ​សភា​ផ្ល​រ៉េ​ជា​ធម្មនុញ្ញ​ដែល​ចែងថា បង្កើត​រដ្ឋាភិបាល​អាល់​បា​នី បណ្តោះអាសន្ន ។ ជា​សភា​ដែលមាន​មេ ដឹកនាំ ចំនួន ៨៣ នាក់ បាន​ជួបជុំគ្នា ក្នុង​ទីក្រុង​ផ្ល​រ៉េ ក្នុង​ខែវិច្ឆិកា ឆ្នាំ​១៩១២ បាន ប្រកាស អាល់​បា​នី ថា​ជា​រដ្ឋ​ឯករាជ្យ ហើយ​បាន​បង្កើត​រដ្ឋាភិបាល​អាល់​បា​នី ចម្រុះ​បណ្តោះអាសន្ន​មួយ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​១៩១២ ។ រដ្ឋសភា បាន​បង្កើត​ព្រឹទ្ធសភា​មួយ ដែលមាន​សមាជិក ១៨ រូប​ផងដែរ​សម្រាប់​ជាទី​ប្រឹក្សា ដល់​រដ្ឋាភិបាល ។​

​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​អាល់​បា​នី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់​ពួកគេ ដើម្បី​រំឭក​ដល់​ថ្ងៃ ដែល​សភា​អនុម័ត​រដ្ឋធម្មនុញ្ញ បង្កើត​រដ្ឋ អាល់​បា​នី នេះឯង ។​

​ទោះយ៉ាងណា អូ​តូ​ម៉​ង់ ដែលជា​អ្នក​កំពុង​ត្រួតត្រា អាល់​បា​នី នោះ​មិន​ទទួលស្គាល់​ឯករាជ្យ ភាព​នេះឡើយ​ង ។ ផ្ទុយទៅវិញ ត្រូវបាន​ទទួលស្គាល់​ដោយ​សន្និបាត នាទី​ក្រុង​ឡុង​ដ៍ (​ជំនួប​កំពូល​របស់​មហាអំណាច គ្រិស្ត​និយម ទាំង ៦ គឺ រុស្ស៊ី , អង់គ្លេស , អូទ្រីស , អាល្លឺម៉ង់ បារាំង និង អ៊ីតាលី ដែលជា​គូសត្រូវ​ប្រជែង​នឹង​មហាអំណាច មូ​ស្ល៊ី​ម អូ​តូ​ម៉​ង់​) ថ្ងៃទី​២៩ ខែ កក្កដា ឆ្នាំ​១៩១៣ ដោយ​ហៅថា “ ក្សត្រ​បុរី អាល់​បា​នី “ ព្រោះ​ពួកគេ​គិតថា អាល់​បា​នី ឯករាជ្យ​មួយ​នេះ ពួកគេ​ជា​អ្នកត្រួតត្រា ។

​ជាមួយគ្នានេះ គណៈកម្មការ​ត្រួតពិនិត្យ​អន្តរជាតិ​មួយ ត្រូវបាន​បង្កើតឡើង នៅ​ថ្ងៃទី ១៥ ខែតុលា ឆ្នាំ​១៩១៣ ដើម្បី​ធ្វើ​អភិបាលកិច្ច​លើ​រដ្ឋបាល អាល់​បា​នី ដ៏​ថ្មីថ្មោង​រហ​តូ​ដល់​ស្ថាប័ន នយោបាយ​របស់ អាល់​បា​នី មាន​រៀបរយ ។ ប៉ុន្តែ​ការគូសវាស​ព្រំដែន នៃ ក្សត្រ​បុរី អាល់​បា​នី ដ៏​ថ្មីថ្មោង​មិនត្រូវ​បាន​អើពើ​ឡើយ ។​

​ភ្នាក់ងា​ពង្រឹង​ច្បាប់​អន្តរជាតិ (​ដែលមាន​រូបភាព​ប្រហាក់ប្រហែល​នឹង​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ បច្ចុប្បន្ន ប៉ុន្តែ​តាមពិត​គឺជា​គណៈកម្មការ​អាយ៉ង​របស់ មហាអំណាច គ្រិស្ត​និយម ទាំង​៦ ជួយ​ជ្រោមជ្រែង​អាល់​បា​នី ប្រឆាំងនឹង​អូ​តូ​ម៉​ង់ តែប៉ុណ្ណោះ​) របស់​ក្សត្រ​បុរី​អាល់​បា​នី​ត្រូវបាន បង្កើតឡើង ដោយ​មហាអំណាច​ទាំង ៦ ហើយ​បាន​ទៅដល់​ទឹកដី​អាល់​បា​នី នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​១៩១៣ នោះ ។ ព្រះអង្គម្ចាស់ William of Wied នៃ អាល់​បា​នី ត្រូវបាន​ជ្រើសរើស ជា​ព្រះអង្គម្ចាស់ ។​

ក្រុម​ប្រឆាំងនឹង​ឯករាជ្យ អាល់​បា​នី​
នៅ​ផ្នែក​ផ្សេងទៀត នៃ​ទឹកដី​អាល់​បា​នី ដដែល​នោះ មាន​មនុស្ស​មិនតិច​ឡើយ​ដែល​ប្រឆាំង នឹង​ការប្រកាស​ឯករាជ្យភាព​អាល់​បា​នី ។ នៅក្នុង​ខែវិច្ឆិកា ឆ្នាំ​១៩១៣ នោះ​ពួកកងទ័ព​ដែល គាំទ្រ​អូ​តូ​ម៉​ង់ បាន​ជំទាស់​ទៅនឹង​ចលនា និង​ការបង្កើត​ឯករាជ្យភាព​របស់​អាល់​បា​នី ដោយ ពួកគេ​មើលឃើញថា ការបង្កើត​ឯករាជ្យភាព​អាល់​បា​នី​នោះ គឺជា​អាយ៉ង​របស់​មហាអំណាច គ្រិស្ត​និយម ទាំង ៦ និង ពួក​អភិជន ក្នុង​តំបន់​តែ ប៉ុណ្ណោះ ។ ដោយហេតុនេះ​ពួកគេ​បាន ប្រគល់​រាជបល្ល័ង្ក​របស់ អាល់​បា​នី ទៅឱ្យ​អូ​តូ​ម៉​ង់ ។

​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​១៩១៤ សាធារណរដ្ឋ​ស្វយ័ត Epirus ខាងជើង​ត្រូវបាន​ប្រកាស បង្កើតឡើង ដោយ​ប្រជាពលរដ្ឋ​ក្រិ​ក ប្រឆាំងនឹង​ការច្របាច់បញ្ចូលគ្នា​ជា អាល់​បា​នី ។

​ខណៈនោះ បដិវត្តន៍​កសិករ ប្រឆាំងនឹង​របប​ក្សត្រ​បុរី​អាល់​បា​នី ថ្មីថ្មោង​បាន​ផ្ទុះឡើង​ក្រោម ការដឹកនាំ​របស់​បព្វ​ជិត​មូ​ស្ល៊ី​ម មួយក្រុម ដែលមាន​បព្វជិត អេ​ស្សាដ ប៉ា​ហ្សា តុ​ប​តានី ជា​បង្គោល ដោយ​បព្វជិត​រូបនេះ បាន​តាំង​ខ្លួនឯង​ថា ជា​សាវ័ក​ស្រោចស្រង់ អាល់​បា​នី និង អ៊ីស្លាម ។

​ដើម្បី​ទទួលបាន​ការគាំទ្រ ពី​ពួក​អ្នកស្ម័គ្រចិត្ត កាតូលិក នៃ​ស្រុក Mirdita ខាងជើង​ពួក​ខាង ក្សត្រ​បុរី បានតែងតាំង​លោក ប្រេង​ខ៍ ប៊ី​បេ ដូ​ដា ឱ្យធ្វើជា​រដ្ឋមន្ត្រីការបរទេស របស់​ពួកគេ ។

ប៉ុន្តែ​នៅ​អំឡុង​ខែឧសភា និង មិថុនា ឆ្នាំ​១៩១៤ កងទ័ព​របស់​ព្រះអង្គម្ចាស់ William of Wied និង​ភ្នាក់ងារ​ពង្រឹង​ច្បាប់​អន្តរជាតិ ក៏ដូចជា​ពួក​កាតូលិក នៃ​ស្រុក Mirdita ខាង ជើង​ត្រូវបាន​កង ទ័ព​ឧទ្ទាម​ធ្វើឱ្យ​បរាជ័យ ហើយ​កងទ័ព​ឧទ្ទាម បាន​ដណ្តើម​កាន់កាប់​ទីចាត់ការ​កណ្តាល របស់​អាល់​បា​នី ស្ទើរតែ​ទាំងស្រុង គិត​ត្រឹម​ខែសីហា ឆ្នាំ​១៨១៤ ។ រជ្ជកាល​របស់​ព្រះអង្គម្ចាស់ William of Wied បាន​ដួលរលំ ហើយ​ព្រះអង្គម្ចាស់ បាន​យាង​ចាក​ចេញពី​ប្រទេស នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​១៩១៤ ។​

សាធារណរដ្ឋ និង រាជានិយម អាល់​បា​នី​
គណបក្ស​ហ្វា​ស៊ី របស់​បេ​និ​តូ មូ​សូលី​នី បាន​ក្តោប​ក្តាប់ អ៊ីតាលី នៅ​ឆ្នាំ ១៩២២​ហើយ​ទំនាក់ ទំនង​រវាង អ៊ីតាលី និង អង់គ្លេស ក៏​កាន់តែ​អាក្រក់​ទៅៗ ។ របប​ក្សត្រ​បុរី ដ៏​មាន​អាយុ​ខ្លី (១៩១៤-១៩២៥ ) ត្រូវបាន​ជំនួស ដោយ​សាធារណរដ្ឋ​អាល់​បា​នី (១៩២៥ -១៩២៨ ) ដោយមាន​លោក អា​ម៉េ​ដ ហ្សូ​ហ្គូ ជា​ប្រធានាធិបតី ។

​លោក ហ្សូ​ហ្គូ ត្រូវបាន​បង្ខំ​ឱ្យ​សហការ​ជាមួយ​មហាអំណាច​អ៊ីតាលី របស់​បេ​និ​តូ មូ​សូលី​នី នៅក្នុង​កិច្ចសន្យា​មួយ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​១៩២៥ ជា​ហត្ថលេខា​ដែល អ៊ីតាលី​បាន​សិទ្ធិ ផ្តាច់មុខ ក្នុង​ការធ្វើ​នាវាចរ និង ពាណិជ្ជកម្ម ក្នុង​ទឹកដី អាល់​បា​នី ។

​លុះដល់​ឆ្នាំ ១៩២៨ សាធារណរដ្ឋ អាល់​បា​នី ត្រូវបាន​ផ្លាស់ប្តូរ​ឱ្យទៅជា​របបរាជានិយម​វិញ​ម្តងទៀត ដោយមាន​លោក​ប្រធានាធិបតី ហ្សូ​ហ្គូ ជា​ស្តេច ។ រាជានិយម ពេលនេះ​មានការ​កែទម្រង់​យ៉ាងច្រើន ទាំង​វិស័យ​អប់រំ សុខាភិបាល ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​នានា និង សេដ្ឋកិច្ច ។ ចំណែក​កងទ័ព ត្រូវបាន​បង្វឹក​ក្រោម​ការ ត្រួតពិនិត្យ​ដោយ​គ្រូបង្វឹក​របស់​អ៊ីតាលី ។ រដ្ឋាភិបាល ព្រះរាជាណាចក្រ អាល់​បា​នី​ត្រូវបាន ទំនុកបម្រុង​ដោយ​ពួក​ហ្វា​ស៊ី​ស អ៊ីតាលី ហើយ​បាន​រក្សា​នូវ​ទំនាក់ទំនង យ៉ាង​ជិតស្និទ្ធ​នឹង​គ្នា ។​

​អ៊ីតាលី ដែល​សឹងតែ​ជា​អាណាព្យាបាល​របស់ អាល់​បា​នី បានដាក់​សម្ពាធ​មិនឱ្យ​រាជាណាចក្រ អាល់​បា​នី មាន​ទំនាក់ទំនង​ជាមួយ​អង់គ្លេស​ឡើយ ។ ប៉ុន្តែ អាល់​បា​នី​ដែល​បារម្ភ​អំពី​ឥទ្ធិពល របស់ អ៊ីតាលី ក៏​នៅតែ​រក្សា​ភ្នាក់ងារ​ពង្រឹង​ច្បាប់​អង់គ្លេស ។ ទីបំផុត អ៊ីតាលី របស់ បេ​និ​តូ មូ​សូលី​នី បាន​ចូលលុកលុយ​ព្រះរាជាណាចក្រ​អាល់​បា​នី នៅ​ឆ្នាំ​១៩៣៩ (​ពេល​សង្គ្រាមលោក លើក​ទី​២ ផ្ទុះឡើង​) ។ ព្រះរាជា ហ្សូ​ហ្គូ បាន​ភៀស​ព្រះកាយ​ហើយក៏​មិនដែល​យាង​ត្រឡប់ ចូល​មាតុប្រទេស​វិញ​ឡើយ​។ ចាប់ពី ពេលនោះ​មក អាល់​បា​នី ត្រូវបាន​ត្រួតត្រា ដោយ អ៊ីតាលី ។

​គណបក្ស​ពលករ​អាល់​បា​នី បាន​ដណ្តើម​កាន់កាប់​ប្រទេស​នេះហើយ​បង្កើត​របប​កុ​ម្មុយ​និ​ស្ត ផ្តាច់ការ ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​១៩៤១ ដោយមាន អ៊ីតាលី ជា​មេកោយ ។ នៅ​ឆ្នាំ ១៩៤៣ អ៊ីតាលី ដែល​រវល់​នឹង​សង្គ្រាមលោកលើកទី​២ បាន​បោះបង់ចោល អាល់​បា​នី ។ ប៉ុន្តែ​អាល់​បា​នី ត្រូវបាន​ត្រួតត្រា ដោយ​ពួក​ណា​ស៊ី អាល្លឺម៉ង់​វិញ ។​

​សង្គ្រាមលោកលើកទី​២ (​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​១៩៣៩ ) បានបញ្ចប់​ជា​ផ្លូវការ​នៅ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​១៩៤៥ ។ ណា​ស៊ី អាល្លឺម៉ង់ មិនបាន​នៅ​ត្រួតត្រា​ប្រទេស​នេះ​ទៀត​ទេ ប៉ុន្តែ​ប្រទេស​នេះ ត្រូវបាន​កាន់កាប់ ដោយ​បក្សកុម្មុយនិស្ត​ដដែល ។​

​អវសាន​របប​កុ​ម្មុយ​និ​ស្ត​
ប្រទេស​អាល់​បា​នី បាន​ស្ថិតនៅក្រោម​ការក្តោបក្តាប់​របស់​របប​កុ​ម្មុយ​និ​ស្ត អស់​ជិត ៥ ទសវត្សរ៍​។ នៅ​ឆ្នាំ​១៩៨៩ មានការ​ប្រឆាំង​តវ៉ា​ជាច្រើន ទើប​មាន​កំណែទម្រង់​មួយចំនួន នៅ​ឆ្នាំ​១៩៩០​។ តាមរយៈ​កំណែទម្រង់​នេះ របប​សាធារណរដ្ឋ​ប្រជាមានិត​អាល់​បា​នី​ត្រូវបាន រំលាយ ហើយ​សាធារណរដ្ឋ​អាល់​បា​នី ត្រូវបាន​បង្កើត ចាប់ពី​ឆ្នាំ​១៩៩១ -១៩៩២​។ នៅ​ឆ្នាំ ១៩៩១ គឺជា​ការបោះឆ្នោត ជា​លើកដំបូង ហើយ​គណ​បក្សកុម្មុយ និស្ត​នៅតែ​ជា​បក្ស​ដ៏​ខ្លាំង នៅក្នុង​រដ្ឋសភា ហើយ​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​។​

​ប្រឈម​នឹង​ពិភពលោក ប្រែប្រួល​នាំឱ្យមាន​រលក​ប្រែប្រួល យ៉ាងខ្លាំង​នៅក្នុង​ប្រទេស​ផង​នោះ រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​អាល់​បា​នី បង្ខំចិត្ត​ត្រូវតែ​ធ្វើ​សេរី​កម្ម​។ ឥទ្ធិពល​សេរី​ភា​វូប​នី​យ កម្ម​នោះ បានធ្វើឱ្យ​សេដ្ឋកិច្ច​របស់​អាល់​បា​នី បាន​ដួលរលំ នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ​១៩៩២ ហើយ​សង្គម​ច្របូកច្របល់​។ ឆ្លៀត​ពេលនោះ រណ​សិ​រ្យ​ថ្មី ដែល​ដឹកនាំ​ដោយ​គណបក្ស ប្រជាធិបតេយ្យ ក៏បាន​ក្តាប់​អំណាច​វិញ​ម្តង​។ លទ្ធិប្រជា ធិបតេយ្យ ក៏បាន​ចាប់ផ្តើម​លូតលាស់ លើ​ទឹកដី​អាល់​បា​នី រហូតមក​៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា

​ទីក្រុង ទី​រ៉ា​ណា នៃ ប្រទេស អាល់​បា​នី
ប្រជាពលរដ្ឋ​អាល់​បា​នី ជួបជុំគ្នា​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម