ចិន​ព្រមាន​«​វាយបក​ខ្លាំងក្លា​» ក្រោយ​ត្រាំ​ចុះហត្ថលេខា​លើ​ច្បាប់​ស្តីពី​ហុងកុង​

546
ចែករម្លែក

​ក្រសួងការបរទេស​ចិន​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​វិច្ឆិកា​ បាន​និយាយថា ខ្លួន​នឹង​«​ចាត់វិធានការ​ត​តប​ខ្លាំងក្លា​» ប្រសិនបើ​សហរដ្ឋ​អាម៉េរិក​បន្ត​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​របស់​ក្រុង​​ហុងកុង​។​

​ក្រសួង​បាន​និយាយថា ច្បាប់​ដែល​ប្រធានាធិបតី​អាម៉េរិក​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ពុធ ដើម្បី​គាំទ្រ​អ្នក​ប្រឆាំង​តវ៉ា​នៅ​ហុងកុង ជា​ការជ្រៀតជ្រែក​នៅក្នុង​កិច្ចការ​របស់​ចិន និង​កិច្ចខិតខំ​របស់​អាម៉េរិក​នេះ​«​មុខ​ជា​នឹង​បរាជ័យ ហើយ​សហរដ្ឋ​អាម៉េរិក​នឹង​ទទួល​រែកពន់​ផលវិបាក​ពី​វិធានការ​ត​តប​របស់​ចិន បើ​ខ្លួន​បន្ត​ប្រព្រឹត្ត​ដោយ​បំពាន​ពាក់ព័ន្ធ​នឹង​បញ្ហា​​ហុងកុង​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋាភិបាល​ហុងកុង​បាន​សម្តែង​ការប្រឆាំង​ជំទាស់​ជាខ្លាំង​ចំពោះ​ច្បាប់​ស្តីពី​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​នេះ ដោយ​ចាត់ទុក​វា​ជា​ការបញ្ជូនសារ​​ខុស​មួយ​ទៅកាន់​អ្នកប្រឆាំង​តវ៉ា​។​

«​ច្បាប់​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​» មាន​ភារកិច្ច​ដាក់ទណ្ឌកម្ម​មន្ត្រី​ចិន​និង​ហុងកុង​ណា​ដែល​រំលោភ​សិទ្ធិមនុស្ស​និង​ទាមទារ​ឲ្យ​ពិនិត្យ​សើរើ​មើល​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ម្តង​អំពី​ឋានៈ​អនុគ្រោះ​ពាណិជ្ជកម្ម​ដែល​អាម៉េរិក​ផ្តល់​ឲ្យ​ហុងកុង​។​

​សូមបញ្ជាក់​ថា សភា​អាម៉េរិក​ទាំង​២​ថ្នាក់​បាន​អនុម័ត​ពង្រា​ង​ច្បាប់​នេះ​ជា​ឯកច្ឆន្ទ​កាលពី​សប្តាហ៍​មុន​ក្រោយ​ការតវ៉ា​ប្រឆាំង​អស់​ពេល​៦​ខែ​នៅ​ក្នុង​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​របស់​ចិន​នេះ​។​វា​ទាមទារ​ឲ្យលោក​ប្រធានាធិបតី ត្រាំ ចុះហត្ថលេខា ដើម្បី​ក្លាយជា​ច្បាប់ ហើយ​បើ​លោក​ត្រាំ​មិន​ចុះ​ហត្ថលេខា​ឬ​មិន​វ៉េតូ​ប្រឆាំង វា​នឹង​ក្លាយជា​ច្បាប់​ដោយ​ស្វ័យប្រវត្តិ​​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។​តែបើ​ត្រាំ​វ៉េតូ​ប្រឆាំង​ពង្រាង​ច្បាប់​ទាំងនេះ វា​ក៏​គង់តែ​បដិសេធចោល​ដោយ​សំឡេង​២​ភាគ​៣​របស់​សភា​និង​ព្រឹទ្ធសភា​ដែរ​។​

​ស្របពេល​ដែល​អាម៉េរិក​អនុម័ត​ច្បាប់​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហុងកុង​នេះ ប៉ូលិស​ហុងកុង​កាលពី​ថ្ងៃ​២៨​វិច្ឆិកា​បាន​ចូលទៅ​ក្នុង​សកល​វិទ្យាល័យ​មួយ​ដែល​ជា​ទីតាំង​ឈរជើង​រឹងមាំ​​របស់​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​អស់​ពេល​រាប់​សប្តាហ៍ ដោយ​បាន​រកឃើញ​គ្រាប់បែក​សាំង​និង​វត្ថុ​ធាតុ​គ្រោះថ្នាក់​ផ្សេងៗ​ដែល​ពួក​បាតុករ​បាន​បន្សល់ទុក​។​

​សកល​វិទ្យាល័យ​ពហុ​បច្ចេកវិទ្យា​ហុងកុង​នេះ បាន​ក្លាយ​ជា​ស្នូល​នៃ​ចលនា​តវ៉ា​ប្រឆាំង​ហិង្សា​នៅ​ហុងកុង នៅពេល​ការប៉ះទង្គិច​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​១៧​វិច្ឆិកា រវាង​ប៉ូលិស​និង​អ្នក​​ប្រឆាំង​តវ៉ា ដែល​ប្រដាប់​ដោយ​ធ្នូ ព្រួញ និង​គ្រាប់បែក​សាំង​។​ការប្រឈមមុខ​នោះ​បាន​នាំ​ដល់​ការចាប់ខ្លួន​មនុស្ស​និង​របួស​រាប់រយ​នាក់​។​

​តែ​គិត​មក​ត្រឹម​ថ្ងៃ​ពុធ មាន​អ្នកប្រឆាំង​តវ៉ា​ប្រមាណ​តែ​២០​នាក់​នៅក្នុង​សាលារៀន​នេះ និង​នៅ​ថ្ងៃ​ព្រហស្បតិ៍​គេ​មិន​បាន​ឃើញ​មាន​អ្នក​តវ៉ា​ប្រឆាំង​ទៀត​ទេ នៅ​ពេល​ប៉ូលិស​ចូល​៕​ដោយ​៖​វាសនា​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម