​សម្តេច​តេ​ជោ ហ៊ុន សែន អបអរ​លទ្ធផល​នៃ​ជ័យ​ជម្នះ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២២​ឆ្នាំ

473
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​កោតសរសើរ​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ២២​ឆ្នាំ (U22) ដែល​ទទួលបាន​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​ ដោយ​លទ្ធផល ៥-០ ក្នុងការ​ប្រកួត​នៅ​ស៊ី​ហ្គេម (SEA GAMES)​លើក ទី​៣០​ នា​ប្រទេស​ហ្វីលីពីន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សរសេរ​សារ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​នៅ​យប់​ថ្ងៃទី​២៧​ខែវិច្ឆិកា​ថា​៖ «​សូម​កោតសរសើរ​ដល់​ក្រុមបាល់ទាត់​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា​បានទទួល​ជ័យជម្នះ​លើកដំបូង​ក្នុងចំណោម ២ ប្រកួត​នៅ​ស៊ី​ហ្គេម (SEA GAMES) លើក​ទី ៣០ នា​ប្រទេស​ហ្វីលីពីន ​ហើយ​បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ U22 ទី​ម័​រ​ខាងកើត​ដោយ​លទ្ធផល ៥-០ មុននេះ​បន្ដិច​នៅ​កីឡដ្ឋាន Rizal Memorial នាទី​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ដើម្បី​ឡើងឈរ​កំពូល​តារាង​ពូ​ល A បណ្ដោះអាសន្ន​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​ប្រជាពលរដ្ឋ​និង​កូនក្មួយ​យុវជន​ដែល​គាំទ្រ​វិស័យ​កីឡា ជាពិសេស​ក្មួយៗ​ដែល​បាន​ចូលរួម​ទស្សនា​នៅតាម​ទូរទស្សន៍​។ សម្តេច​សូម​ជូនពរ​កីឡាបាល់ទាត់​កម្ពុជា​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​។​

​សូមបញ្ជាក់ថា​ ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២២ ឆ្នាំ​កម្ពុជា​បាន​ប្រកួត​លើក​ទី​១ នៅ​ថ្ងៃទី២៥ ខែ​វិ​ច្ឆ​កា​ ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​គឺ​ក្រុម​ជម្រើសជាតិ អាយុ​ក្រោម ២២ ឆ្នាំ​របស់​ប្រទេស​ហ្វីលីពីន ​ដោយ​លទ្ធផល ១- ១ និង​ប្រកួត​លើក​ទី ២ បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ U22​ទី​ម័​រ​ខាងកើត​ដោយ​លទ្ធផល ៥-០ នៅ​កីឡដ្ឋាន Rizal Memorial នាទី​ក្រុង​ម៉ានីល​ ដើម្បី​ឡើងឈរ​កំពូល​តារាង​ពូ​ល A បណ្ដោះអាសន្ន​។​

​ការទទួលបាន ៣​ពិន្ទុ​ថ្ងៃនេះ បានធ្វើ​ឲ្យ​ក្រុម U22 កម្ពុជា បាន​ឡើងទៅ​ឈរ​កំពូល​តារាង​ពូ​ល A បណ្ដោះអាសន្ន ដោយមាន ៤​ពិន្ទុ​ក្នុង​ដៃ​​បន្ទាប់ពី​ឆ្លងកាត់​២​ប្រកួត​ឈ្នះ​១ (​ឈ្នះ​ទី​ម័​រ​ខាងកើត​) និង​ស្មើ​១(​ស្មើ​ហ្វីលីពីន ១-១)​។ ចំណែក​ក្រុម U22 មី​យ៉ាន់​ម៉ា​ក៏មាន ៤​ពិន្ទុ ស្មើ​ជាមួយ​ក្រុម​កម្ពុជា​ដែរ​។

​គួរ​បញ្ជាក់ថា​ បេសកកម្ម​ស៊ី​ហ្គេម​ឆ្នាំនេះ ​សម្រាប់​វិញ្ញាសា​ប្រភេទ​កីឡាបាល់ទាត់​ក្រុម U22 កម្ពុជា ស្ថិតក្នុង​ពូ​ល A ជាមួយ​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ទី​ម័​រ​ខាងកើត និង ម្ចាស់ផ្ទះ​ហ្វីលីពីន​ ហើយ​គិត​ត្រឹម​ពេលនេះ​ក្រុម​គោព្រៃ​កម្ពុជា​នៅសល់ ២ ប្រកួត​ក្នុង​ដៃ​ទៀត​ ពោលគឺ​ត្រូវ​ជួប U22 មី​យ៉ាន់​ម៉ា នា​ថ្ងៃទី​០២-​ធ្នូនិង​ជួប​ក្រុម U22 ម៉ាឡេស៊ី​នា​ថ្ងៃទី​០៤-​ធ្នូ ដើម្បី​កំណត់​អំពី​ជោគវាសនា​ក្នុងការ​ប្រជែង​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើកដំបូង​លើ​ប្រភេទ​កីឡា​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​អាស៊ាន​នេះ​៕​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម