វៀតណាម ដាក់គុក​សកម្មជន​ទី​៣​នៅ​ខែ​នេះ​ក្នុង​ការបង្ក្រាប​ការ​បង្ហោះ​សារ​ក្នុង​ហ្វេ​សប៊ុក​

428
ចែករម្លែក

​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​វិច្ឆិកា​ថា វៀតណាម​បាន​ដាក់គុក​សកម្មជន​ទី​៣​នៅ​ខែ​នេះ​ដោយសារ​បង្ហោះ​សារ​ប្រឆាំង​រដ្ឋាភិបាល​នៅលើ​បណ្តាញ​សង្គម​​ហ្វេ​សប៊ុក​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​បាន​និយាយថា ផាំ វ៉ាន់ ឌៀប សកម្មជន​អាយុ​៥៤​ឆ្នាំ មកពី​ខេត្ត​ថាញ់ ហ័​រ ភាគ​ខាងជើង ត្រូវបាន​តុលាការ​កាត់ទោស​ដាក់គុក​៩​ឆ្នាំ ចំពោះ​ការ​​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ដោយ​បង្ខូចឈ្មោះ​គណបក្ស​កុំម្មុយនីស្ត​និង​រដ្ឋាភិបាល​វៀតណាម​។​

​សូមបញ្ជាក់​ថា វៀតណាម​ទោះជា​ធ្វើការ​កែ​ទំរង់​សេដ្ឋកិច្ច​ទូទៅ​និង​បើកចំហ​សំរាប់​ការផ្លាស់ប្តូរ​សង្គម តែ​គណបក្ស​មិន​អត់ឱន​ចំពោះ​ការរិះគន់​ហើយ​មេដឹកនាំ​គណបក្ស​លោក​​ង្វៀន ភូ​ជុង បាន​បង្កើន​ការបង្ក្រាប​លើ​ជន​ប្រឆាំង​និង​សកម្មជន​ចាប់តាំងពី​លោក​ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​បក្ស​សាជាថ្មី​នៅ​ឆ្នាំ​២០១៦​។​

​យ៉ាងហោច​ណាស់​មនុស្ស​១៦​នាក់​ត្រូវបាន​ចាប់ខ្លួន ឬ​កាត់ទោស​ដាក់គុក​នៅ​ឆ្នាំ​នេះ​ដោយសារ​តែ​ការ​បង្ហោះ​សារ​ប្រឆាំងរ​ដ្ឋ​នៅលើ​ហ្វេស​ប៊ុក​។​

​ឌៀប ជា​ជន​ទី​៣​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ដាក់គុក​នៅ​ខែ​នេះ បន្ទាប់​ពី​គ្រូភ្លេង​ម្នាក់​ត្រូវបាន​កាត់​អោយ​ជាប់គុក​១១​ឆ្នាំ​កាល​ពី​ថ្ងៃ​១៥​វិច្ឆិកា ចំពោះ​ការ​បង្ហោះ​សារ​ស្រដៀង​គ្នា​នៅ​​លើ​ហ្វេ​សប៊ុក និង​បុរស​វ័យ​៣៨​ឆ្នាំ​ម្នាក់ ជាប់គុក​ដោយសារ​បង្ហោះ​វីដេអូ​ផ្សាយ​ផ្ទាល់​ចំនួន​៣៣​លើក​។​

​តុលាការ​បាន​និយាយថា ការផ្សព្វផ្សាយ​ទាំងនេះ​មានបំណង​លើកទឹកចិត្ត​អោយ​ប្រជាជន​ចូលរួម​ការតវ៉ា​ប្រឆាំង​ក្នុងអំឡុង​បុណ្យជាតិ​។​

​កាលពី​ចុងខែ​មុន ស្ថាបត្យក​រវ័យ​៥៤​ឆ្នាំ​ម្នាក់ ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក​១​ឆ្នាំ​ចំពោះ​បទចោទប្រកាន់​ថា​បង្ហោះ​សារ​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ហ្វេ​សប៊ុក​៕​ដោយៈ​វាសនា​

ផាំ វ៉ាន់ ឌៀប ត្រូវបាន​នាំ​ឡើង​តុលាការ​នៅក្នុង​ខេត្ត​ថាញ់ ហ័​រ កាលពី​ថ្ងៃ​២៦​វិច្ឆិកា

ទីតាំងផ្សាយពាណិជ្ជកម្ម