អ៊ីរ៉ង់​ចាប់ខ្លួន​មនុស្ស​៨​នាក់​ពាក់ព័ន្ធ​នឹង​ក្រុម​CIA ក្នុងពេល​មាន​ចលាចល​

381
ចែករម្លែក

​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​IRNA បាន​រាយការណ៍​កាល​ថ្ងៃ​ពុធ​ទី​២៧​ខែវិច្ឆិកា​ថា​អ៊ីរ៉ង់​បាន​ចាប់ខ្លួន​មនុស្ស​៨ នាក់ ចំពោះ​ការសង្ស័យថា​ជាប់​ទាក់ទង​នឹង​ក្រុម​ភ្នាក់ងារ​ស៊ើប​ការសម្ងាត់​អាម៉េរិក​(CIA)​ក្នុងអំឡុងពេល​មាន​អំពើហិង្សា​តាម​ដងផ្លូវ​ក្នុងអំឡុងពេល​ផ្ទុះ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​នេះ ប្រឆាំង​ការដំឡើងថ្លៃ​ប្រេងឥន្ធនៈ​។​

​សារព័ត៌មាន​RNA បាន​ដកស្រង់​សម្តី​អគ្គនាយក​នៃ​នាយកដ្ឋាន​ប្រឆាំង​ចារកម្ម​នៃ​ក្រសួង​ស៊ើបការណ៍​ថា មនុស្ស​មួយចំនួន​នៃ​ក្រុម​នេះ ដែល​បាន​ព្យាយាម​ប្រមូល​ព័ត៌មាន​​អំពី​កុបកម្ម​ថ្មីៗ​និង​បញ្ជូន​ព័ត៌មាន​ទាំងនោះ​ចេញពី​ប្រទេស​នេះ ត្រូវបាន​កំណត់​អត្តសញ្ញាណ​និង​ចាប់ខ្លួន​។​

​សារព័ត៌មាន​នេះ បាន​និយាយថា​៦​នាក់​ក្នុងចំណោម​ពួកគេ​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ បាន​ចូលរួម​ក្នុងការ​ធ្វើ​កុបកម្ម​នេះ ហើយ​អនុវត្ត​បទបញ្ជា​។

​មនុស្ស​២​នាក់​ទៀត​ត្រូវបាន​ចោទប្រកាន់​ពីបទ​ព្យាយាម​ប្រមូល​ព័ត៌មាន​និង​បញ្ជូន​វា​ទៅ​បរទេស​នោះ​។ ពួកគេ​ត្រូវបាន​ចាប់ខ្លួន មុន​ពេល​ពួកគេ​ចាកចេញ​ពី​ប្រទេស​នេះ​។​​នេះ​បើ​យោង​តាម​សារព័ត៌មាន​IRNA​។​

​សារព័ត៌មាន​IRNA​បាន​បន្ថែមថា ពួកគេ​បាន​ទទួល​ការបណ្តុះបណ្តាល​នៅ ក្នុងប្រទេស​ផ្សេងៗ​គ្នា​អំពី​របៀប​ប្រមូល​ព័ត៌មាន … ដោយ​ធ្វើ​ជា​ពលរដ្ឋ​អ្នកសារព័ត៌មាន​។​

​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា​ខ្លួន​បាន​ទទួល​សារ​រាប់ពាន់​សារ​ពី​សាធារណរដ្ឋ​អ៊ីស្លាម​នេះ​អំពី​ការតវ៉ា ដោយ​រួមទាំង​រូបថត​និង​វីដេអូ បន្ទាប់ពី​បាន​ចេញ​សេចក្តី​​អំពាវនាវ​ដល់​ពួកគេ​ប្រឆាំង​នឹង​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។​

​លោក ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​បាន​និយាយថា “​យើង​បាន​ទទួល​សារ​ជិត​២០.០០០ សារ​វីដេអូ រូបភាព និង​កំណត់ត្រា​ជាច្រើន​ទៀត​អំពី​ការរំលោភបំពាន​របស់​​របប​នេះ​តាមរយៈ​សេវាកម្ម​ផ្ញើ​សារ​Telegram ។​

​ភាពវឹកវរ​ដែល​បណ្តា​ល​មក​ពី​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ​បាន​កើតឡើង​បន្ទាប់​ពី​១​ឆ្នាំកន្លះ​នៃ​ការដាក់ទណ្ឌកម្ម​របស់​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់​ត្រាំ ដែល​ទប់ស្កាត់​​ឥទ្ធិពល​គ្រប់គ្រង​តំបន់​ដោយ​អ៊ីរ៉ង់​។​

​អង្គការ​លើកលែងទោស​អន្តរជាតិ​Amnesty International បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា​យ៉ាងហោចណាស់​បាតុករ​ចំនួន ១៤៣ នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ថ្ងៃទី ១៥ ខែវិច្ឆិកា​ក្នុង​ការបង្ក្រាប​របស់​អ៊ីរ៉ង់​៕​ប្រែ​សម្រួល​៖​សុខា​

ប៉ូលិស វាយ​បំបែក​ក្រុមអ្នកតវ៉ា​ដែល​តវ៉ា​ប្រឆាំង​ការដំឡើងថ្លៃ​ប្រេងឥន្ធនៈ​នៅ​ទី​ក្រុងតេអេ​រ៉ង់ កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម