លទ្ធផល​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​

342
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លទ្ធផល​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​និង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១​របស់លោក​ប្រាក់​សុខុន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ទីក្រុង​ប៊ូសាន ថ្ងៃទី ២៤ ដល់​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។
​លោក​ប្រាក់​សុខុន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​និង​កិច្ចប្រជុំ​កំពូល​មេគង្គ​- សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១ នៅ​ទីក្រុង​ប៊ូសាន ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ គឺ «​ភាពជា​ដៃគូ​សម្រាប់​សន្តិភាព វិបុលភាព​សម្រាប់​ប្រជាជន​»​។ នៅក្នុង​សម័យប្រជុំ​អំពី​«​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​៣០​និង​៣០»​ថ្នាក់ដឹកនាំ​បាន​ពិនិត្យមើល​ឡើងវិញ​នូវ​សមិទ្ធិផល​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ក្នុង​រយៈពេល​៣០​ឆ្នាំ​កន្លងមកនេះ និង​បានកំណត់​កិច្ចសហប្រតិបត្តិការ​ពេលអនាគត​សម្រាប់​រយៈពេល​បី​ទសវត្សរ៍​ទៅមុខ​។

ថ្នាក់ដឹកនាំ​បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ទៅវិញទៅមក​សំដៅ​លើកកម្ពស់​ការតភ្ជាប់​ឆ្ពោះទៅកាន់​វិបុលភាព និង​បន្ត​ចូលរួម​កិច្ចប្រជុំ​លក្ខណៈ​ចង្អៀត​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។​ថ្នាក់ដឹកនាំ​អាស៊ាន​បាន​អបអរសាទរ​ចំពោះ​គោលនយោបាយ​ទិស​ខាងត្បូង​ថ្មី​របស់​លោកមូ​ន​ចែ​អ៊ី​ន​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ដែល​កសាងឡើង​ដោយ​ឈរលើ​សរសរ​ស្តម្ភ​បី​(3P)«​ប្រជាជន​វិបុលភាព​និង​សន្តិភាព​»​ដែលជា​ការពង្រឹង​ការផ្តោត​គោលនយោបាយ​ការបរទេស​របស់​សាធារណរដ្ឋ​កូរ៉េ​ទៅកាន់​អាស៊ាន​។

​កិច្ច​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​នូវ​តួនាទី​ដ៏​សកម្ម​របស់​សាធារណរដ្ឋ​កូរ៉េ​នៅក្នុង​ការគាំទ្រ​ម​ជ្ឈ​ភាព​អាស៊ាន តាមរយៈ​ទំនាក់ទំនង​យ៉ាងសកម្ម​របស់ខ្លួន​នៅក្នុង​យន្តការ​នានា​ដែល​ដឹកនាំ​ដោយ​អាស៊ាន ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ដល់​សន្តិភាព សន្តិសុខ និង​វិបុលភាព​នៅក្នុង​តំបន់​។ ថ្នាក់ដឹកនាំ​បាន​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ កាន់តែ​រឹងមាំ​ឡើងលើ​បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការប្រឆាំង​អំពើ ភេរវ​និយម គ្រឿងញៀន សន្តិសុខ​អ៊ិន​ធឺរ​ណែ​ត សន្តិសុខ​អាហារ​និង​ថាមពល ការគ្រប់គ្រង​គ្រោះមហន្តរាយ​ដែល​ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ និង​បញ្ហា​ដទៃ​ផ្សេងទៀត​។

ថ្នាក់ដឹកនាំ​បានកត់សម្គាល់​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច​ដ៏​រឹងមាំ​រវាង​អាស៊ាន​និង​សាធារណរដ្ឋ​កូរ៉េ​និង​បានបង្ហាញ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​និយម​ដែល​ឈរលើ​គោលការណ៍​វិធាន​ច្បាប់​និង​ចំពោះ​ការប្រើប្រាស់​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​បាន​ជំរុញ​ការបញ្ចប់​ឲ្យ​បាន​ឆាប់​ភាពជា​ដែ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) នៅក្នុង​ចំណោម​ប្រទេស​ដែល​ចូល​រួមទាំង​១៥ នៅ​ដើម​ឆ្នាំក្រោយ​។ ថ្នាក់ដឹកនាំ​អាស៊ាន បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​សាធារណរដ្ឋ​កូរ៉េ នៅក្នុង​ដំណើរការ​សមាហរណកម្ម​តំបន់ និង​ការកសាង​សហគមន៍​អាស៊ាន តាមរយៈ​មូលនិធិ​សហប្រតិបត្តិការ​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​។​

​ថ្នាក់ដឹកនាំ​បានទទួល​ស្គាល់​នូវ​ការ​ឈានមុខ​របស់​សាធារណរដ្ឋ​កូរ៉េ​ក្នុង​វិស័យ​បច្ចេកវិទ្យា​និង​នវានុវត្តន៍​និង​បាន​លើកទឹកចិត្ត​ឲ្យ​សាធារណរដ្ឋ​កូរ៉េ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​ការអប់រំ​និង​ការកសាង​សមត្ថភាព​ដើម្បី​ជួយ​ដល់​តំបន់​ក្នុងការ​កាត់បន្ថយ​គម្លាត​ឌីជីថល​។​

​លោក​ប្រាក់​សុខុន​បានបញ្ជាក់​អំពី​ភាព​ចំ​បាច់​ក្នុងការ​ប្រែក្លាយ​«​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​សម្រាប់​សន្តិភាព​វិបុលភាព​និង​ភាពជា​ដៃគូ​»​ឲ្យ​ទៅជា​សកម្មភាព​ពិតប្រាកដ​ដែល​នឹង​ត្រូវបាន​ឆ្លុះបញ្ចាំង​នៅក្នុង​«​ផែនការ​សកម្មភាព​ថ្មី​សម្រាប់​រយៈពេល​៥​ឆ្នាំ​(២០២១២០២៥)»​។​លោក​បាន​ជំរុញ​សាធារណរដ្ឋ​កូរ៉េ​ឲ្យ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន​តាមរយៈ​ការចែករំលែក​ចំណេះដឹង​ការអនុវត្ត​ល្អៗ និង​ជំនួយ​បច្ចេកទេស​។

​លោក​បាន​សម្តែង​ក្តី​ស​ង្ឈឹ​ម​ថា​កម្ពុជា​នឹង​ទទួលបាន​ផលប្រយោជន៍​បន្ថែមទៀត​ពី​ជំនួយ​បច្ចេកទេស​របស់​សាធារណរដ្ឋ​កូរ៉េ​សម្រាប់​ការបណ្តុះបណ្តាល​ជំនាញ​និង​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅក្នុង​វិស័យ​ព័ត៌មានវិទ្យា​និង​បច្ចេកវិទ្យា​ទូរគមនាគមន៍​(ICT)​និង​ឌីជីថល​នវានុវត្តន៍​ដើម្បី​កម្ពុជា​អាច​ទទួលបាន​ផលប្រយោជន៍​ពី​ការវិវត្ត​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤(4IR)​និង​បានទទួល​ស្គាល់​អំពី​តួនាទី​ដ៏​សំខាន់​របស់​មជ្ឈមណ្ឌល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ និង​មជ្ឈមណ្ឌល​វប្បធម៌​អាស៊ាន ក្នុងការ​លើកកម្ពស់​ទេស​ចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និង​វិនិយោគ នៅក្នុង​អាស៊ាន និង​នៅ​ធារ​ណ​រដ្ឋ​កូរ៉េ និង​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការដាក់​ឈ្មោះ «​វិថី​អាស៊ាន​» លើផ្លូវ​ប្រវែង​២​គីឡូម៉ែត្រ ដែល​រៀបចំ​ដោយ​សាលាក្រុង​ប៊ូសាន ក្នុង​ស្មារតី​លើកកម្ពស់​ការយល់ដឹង​អំពី​វប្បធម៌ រវាង​អាស៊ាន និង​សាធារណរដ្ឋ​កូរ៉េ​។​

លោក​ក៏បាន​បាន​ជំរុញ​ការបញ្ចប់​ឲ្យ​បាន​ឆាប់​ភាពជា​ដែ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) ដោយ​ប្រទេស​ចូលរួម​ទាំង​១៥​នៅ​ដើម​ឆ្នាំក្រោយ​និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការរួមចំណែក​របស់​សាធារណរដ្ឋ​កូរ៉េ នៅក្នុង​ការអនុវត្ត​ផែនការ​ការងារ​នៃ​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន (IAI) ដែលជា​ធាតុ​ដ៏​សំខាន់​សម្រាប់​បង្រួម​គម្លាត​អភិវឌ្ឍន៍​។​សម្រាប់​សម័យប្រជុំ​«​ការលើកកម្ពស់​ការតភ្ជាប់​» លោក​បាន​ជំរុញ​ឲ្យ​សាធារណរដ្ឋ​កូរ៉េ​លើកទឹកចិត្ត​ក្រុមហ៊ុន​របស់ខ្លួន​ឲ្យ​ចូលរួម​នៅក្នុង​គម្រោង​ការតភ្ជាប់​នានា នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ជាពិសេស​នៅក្នុង​វិស័យ​បណ្តាញ​ទីក្រុង​ឆ្លាត ហេដ្ឋារចនាសម្ព័ន្ធ​រឹង​និង​ទន់ និង​ការបណ្តុះបណ្តាល ជំនាញ ដើម្បី​លើកកម្ពស់​កំណើនសេដ្ឋកិច្ច និង​សុខមាលភាព​របស់​ប្រជាជន​។​

​ចំពោះ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​លោក​ប្រាក់​សុខុន​បាន​ស្វាគមន៍​ចំពោះ​ការវិវឌ្ឍ​ជា​វិជ្ជមាន​ដែលជា​លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អន្តរ​កូរ៉េ​និង​ជំនួប​កំពូល​អាមេរិក​-​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ និង​បានបញ្ជាក់​ពី​ការគាំទ្រ​របស់​កម្ពុជា​ចំពោះ​គោលការណ៍​ចំនួន​៣ ដែល​បាន​ដាក់ចេញ​ដោយ លោក​ប្រធានាធិបតី មូ​ន​ចែ​អ៊ី​ន​គឺ​«​គ្មាន​ការអត់អោន​ចំពោះ​សង្គ្រាម​ការធានា​សន្តិសុខ​ទៅវិញទៅមក និង​សហ​វិបុលភាព​»​និង​ការប្តេជ្ញាចិត្ត​របស់​ឯក​ឧ​ត្ត​ម​ប្រធានាធិបតី​ឆ្ពោះទៅរក​ដំណោះស្រាយ​ដើម្បី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ទាំងស្រុង នៅក្នុង​ឧបទ្វីប​កូរ៉េ​។​
​ ​

នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​ថ្នាក់ដឹកនាំ​បានអនុម័ត​សេចក្តីប្រកាស​ទស្សនវិស័យ​រួម​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​សម្រាប់​សន្តិភាព​វិបុលភាព​និង​ភាពជា​ដៃគូ​និង​បានចេញ​សេចក្តីប្រកាស​របស់​សហ​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ​។​
​ ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១​នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១​ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា​លោក​ឧបនាយករដ្ឋមន្ត្រី​ប្រាក់​សុខុន​បាន​ថ្លែងអំណរគុណ​ចំពោះ​លោ​កិ​ប្រធានាធិបតី​មូ​ន​ចែ​អ៊ី​ន​និង​ថ្នាក់ដឹកនាំ​ប្រទេស​មេគង្គ​ទាំងអស់​ដែល​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ក្នុង​ការលើក​កំពស់​រចនាសម្ព័ន្ធ​ការងារ​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ពី​កម្រិត​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រីការបរទេស ឈានដល់​កម្រិត​កិច្ចប្រជុំ​កំពូល​។

លោក បានកត់សម្គាល់​នូវ​វឌ្ឍនភាព​យ៉ាង​ឆាប់រហ័ស និង​សមិទ្ធិផល​ជាក់ស្តែង នៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​ដែល​បានរួម​ចំណែក​ដល់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​-​សង្គម​នៃ​បណ្តា​ប្រទេស​មេគង្គ ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស និង​ឱកាស​ការងារ​។ ចាប់តាំងពី​ឆ្នាំ​២០០៧​មក​ប្រជាជន​កម្ពុ​ជាជាង​៦១.០០០​នាក់​បាន​មានឱកាស​ធ្វើការ​នៅក្នុង​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រព័ន្ធ​ការអនុញ្ញាត​ការងារ​។​លោក​បាន​គូសបញ្ជាក់​អំពី​ការចូលរួមចំណែក​រប​ស់​សាធារណរដ្ឋ​កូរ៉េ​ក្នុងការ​បង្កើន​ជំនាញ​របស់​ពួកគេ​និង​ដែល​អាច​ឲ្យ​ពួកគេ​អាច​ធ្វើការ​នៅក្នុង​ឧស្សាហកម្ម​ដែល​ត្រូវការ​ជំនាញ​ខ្ពស់ នៅពេលដែល​ពួកគេ​ត្រឡប់មក​ប្រទេស​វិញ ។​

​លោក​ប្រាក់ សុខុន បាន​អះអាង​ជាថ្មី​ម្តងទៀត នូវ​ការគាំទ្រ​យ៉ាង​មុតមាំ​របស់ ឯកឧត្តម ចំពោះ «​វេទិកា​ធុរកិច្ច​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​» ដែលជា​វេទិកា​ដ៏​មាន​សារសំខាន់ និង​ផ្តល់​ផលប្រយោជន៍ សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជករ​ជាពិសេស​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​តំបន់ និង​ពិភពលោក​។​

លោក​ក៏មាន​សេចក្តី​រីករាយ​ផងដែរ ដែល​ប្រទេស​កម្ពុជា​អាច​ទាញយក «​មូលនិធិ​សហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​»​ដើម្បី​អនុវត្ត​នៅក្នុង​ឆ្នាំនេះ​នូវ​គម្រោង​កសាង​សមត្ថភាព​លើ​ការគ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ​ភស្តុភារ​ដែលមាន​គោលបំណង​ពង្រឹង​ការតភ្ជាប់​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ឡាវ​និង​វៀតណាម​។​

កិច្ចប្រជុំ​កំពូល​បានអនុម័ត​ថ្លែងការណ៍​ស្តីពី​ទន្លេមេគង្គ​និង​ទន្លេ​ហា​នង​បាន​ឯកភាព​បន្ត​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​ដោយ​ផ្អែកលើ​សសរស្តម្ភ​ចំនួន​បី​គឺ​ប្រជាជន​វិបុលភាព​និង​សន្តិភាព​ដែលជា​សសរស្តម្ភ​ដ៏​សំខាន់​របស់​គោលនយោបាយ​ទិស​ខាងត្បូង​ថ្មី​ផងដែរ​ព្រមទាំង​បានអនុម័ត​វិស័យ​អាទិភាព​ថ្មី​ចំនួន​៧៖(i)​វប្បធម៌​និង​ទេសចរណ៍​(ii)​ការអភិវឌ្ឍ​ធនធានមនុស្ស​(iii)​កសិកម្ម​និង​អភិវឌ្ឍន៍ជនបទ (iv) ហេដ្ឋារចនាសម្ព័ន្ធ (v) ព័ត៌មានវិទ្យា​និង​បច្ចេកវិទ្យា​ទូរគមនាគមន៍ (iv) បរិស្ថាន និង (vii) បញ្ហា​ប្រឈម​សន្តិសុខ​មិនមែន​ប្រពៃណី​។​

កិច្ចប្រជុំ​កំពូល​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ ជា​រៀងរាល់ឆ្នាំ ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដោយមាន​សាធារណរដ្ឋ​កូ​រ៉​និង​ប្រទេស​មេគង្គ​មួយ​ធ្វើជា​សហប្រធាន​។​កិច្ចប្រជុំ​ទ្វេភាគី​ក្រៅពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ខាងលើ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឧបនាយករដ្ឋមន្ត្រី លោក​ប្រាក់ សុខុន បានទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ដោយ​លោក​អូ​កែ​ដុន​អភិបាលក្រុង​ប៊ូសាន​និង​បាន​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោកជំទាវ កាង ឃ្យុ​ង​-​វ៉ា រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

នៅក្នុង​សវនាការ​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​អភិបាល​ក្រុង​ប៊ូសាន​ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​កម្ពុជា​។​លោ​ក្ឧ​ប​នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​របស់​រដ្ឋបាល​ក្រុង​ប៊ូសាន ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ជាច្រើន ដើម្បី​អបអរសាទរ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដែល​កាន់តែ​ប្រសើរឡើង រវាង​សាធារណរដ្ឋ​កូរ៉េ​និង​ប្រទេស​ជា​សមាជិក អាស៊ាន រួមមាន កម្មវិធី​មហោស្រព​អាហារ​អាស៊ាន កម្មវិធី​រៀបចំ​ដាក់ឈ្មោះ​«​វិថី​អាស៊ាន​» កម្មវិធី​មហោស្រព​ភាពយន្ត​អាស៊ាន និង​ការដាក់​សម្ពោធ​អគារ​មជ្ឈមណ្ឌល​សហគម​ន៍​សម្រាប់​អ្នកស្នាក់នៅ​ជា​ជនបរទេស​។

លោក​ឧបនាយករដ្ឋមន្ត្រី និង​អភិបាលក្រុង​ប៊ូសាន ក៏បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជធានី​ភ្នំពេញ និង​ទីក្រុង​ប៊ូសាន អំពី​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត ការរៀបចំ​ទីក្រុង និង​ការគ្រប់គ្រង​ទឹក តាមរយៈ​ទំនាក់ទំនង​ដែលមាន​ស្រាប់​នៃ​សម្ព័ន្ធមេត្រីភាព​ទីក្រុង​និង​ទីក្រុង​។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ការគាំទ្រ​និង​ស្វាគមន៍​យ៉ាង​ពេញទំហឹង​ចំពោះ​កិច្ចសហការ​របស់​ទីក្រុង​ប៊ូសាន ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​ភាពយន្ត ការគ្រប់គ្រង​កំពង់ផែ និង​ការអភិវឌ្ឍ​ផែស្ងួត​នៅ​កម្ពុជា​។ ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​អភិបាលក្រុង​ប៊ូសាន បន្ត​ផ្ដល់​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ចំពោះ​សុខមាលភាព​របស់​ប្រជាជន​កម្ពុជា​ចំនួន​ជាង​៩​ពាន់​នាក់ ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅក្នុង​ក្រុង​ប៊ូសាន​។​

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជួប​ជាមួយ​លោកជំទាវ កាង ឃ្យុ​ង​-​វ៉ា រដ្ឋមន្ត្រី ការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ទ្វេភាគី​រវាង​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​។ ជា​កិច្ច​ចាប់ផ្តើម លោកស្រីកាង ឃ្យុ​ង​-​វ៉ា សម្តែង​ការសោកស្តាយ​ដែល​មិនអាច​ស្វាគមន៍​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ទាំងពីរ​នៅ​ទីក្រុង​ប៊ូសាន​ដោយសារតែ​មាតា​ក្មេក​របស់​សម្តេច​តេ​ជោ​មាន​ជំងឺ​ធ្ងន់ធ្ងរ​។​លោកជំទាវ​បាន​ពាំនាំ​នូវ​ការ​ជូនពរ​ពី​លោក​ប្រធានាធិបតី​មូ​ន​ចែ​អ៊ី​ន​សូម​ឲ្យ​មាតា​ក្មេក​របស់​សម្តេច​តេ​ជោ​ឆាប់​ជាសះស្បើយ​។​លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែងអំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​និង​ការ​ជូនពរ​របស់​ឯក​ឧ​ត្ត​ម​ប្រធានាធិបតី មូ​ន ចែ​អ៊ី​ន​។

​លោក​ឧបនាយក​រដ្ឋ​ម​ន្រី្ត​ក៏បាន​រំលឹក​ផងដែរ​អំពី​ទស្សនកិច្ច​ផ្លូវរដ្ឋ​ប្រកបដោយ​ផ្លែផ្កា​របស់លោក​ប្រធានាធិបតី​មូ​ន​ចែ​អ៊ី​ន​នៅ​កម្ពុជា​កាលពី​ខែមីនា​កន្លងទៅនេះ​ដែល​បានរួម​ចំណែក​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​គ្នា លើ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ ជាច្រើន​រួមមាន វិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់​ហិរញ្ញវត្ថុ​កសិកម្ម​ថាមពល​ការគ្រប់គ្រង​កាកសំណល់​និង​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​និង​ប្រជាជន​ហើយ​បាន​សម្តែង​ក្តី​រីករាយ​ដែល​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​និង​ការបង្ការ​ការ​គេចពន្ធ​និង​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​ដែលមាន​សារៈសំខាន់​សម្រាប់​សម្រួល​ទំនាក់ទំនង​រវាង​ប្រជាជន និង​រវាង​ធុរកិច្ច​នៃ​ប្រទេស​ទាំងពីរ​។ ​
​ ​

ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​ស្វាគមន៍​ការចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​កសិកម្ម​នៃ​ប្រទេស​ទាំងពីរ​លើ​អនុស្សរណ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យនេះ និង​បាន​ឯកភាពគ្នា​ជម្រុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ព្រៃឈើ​កសិឧស្សាហកម្ម​និង​ការកែឆ្នៃ​ផលិតផល​កសិកម្ម​។​រដ្ឋ​ម​ន្រី្ត​ការបរទេស​ទាំងពីរ​ក៏បាន​ស្វាគមន៍​ដោយ​រីករាយ​ផងដែរ​ចំពោះ​ការប្រកាស​រៀបចំ​សិក្សា​រួមគ្នា​សី្ត​ពី​លទ្ធភាព​ធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ​ដែល​អាច​នឹង​ជួយ​ពង្រីក​ឲ្យ​កាន់តែ​ធំ​ថែមទៀត​នូវ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ដែល​សព្វថ្ងៃ​បាន​កើន​ដល់​ប្រមាណ​ជិត​១​ពាន់​លាន​ដុល្លា​អាមេរិក រួចហើយ​។

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ ដែល​បាន និង​បន្ត​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​ដោយ​ថ្មីៗ​នេះ​បានសម្រេច​បង្កើន​កម្ចីសម្បទាន​សម្រាប់​កម្ពុជា​ដល់​៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​រយៈពេល​ឆ្នាំ​២០១៩២០២៣​និង​ផ្តល់​ជំនួយឥតសំណង​១០​លាន​ដុល្លារ​អាមេរិក​គាំទ្រ​ប្រតិបត្តិ​ការដោះមីន​នៅ​ខេត្តបាត់ដំបង​ប៉ៃលិន​និង​បន្ទាយមានជ័យ​។​ចំពោះ​វិស័យ​ការងារ​វិញ​លោក​ឧបនាយក​រដ្ឋ​ម​ន្រី្ត​បាន​ថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ​ដែល​បាន​បន្ត​បង្កើន​កូតា​ទទួល​ពលករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​កូរ៉េ​និង​បាន​យកចិត្តទុកដាក់​ដល់​សុខមាលភាព​ប្រជាជន​ខ្មែរ​ដែល​កំពុងស្នាក់នៅ​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​រដ្ឋ​ម​ន្រី្ត​ការបរទេស​ទាំងពីរ​ក៏បាន​ពិភាក្សា​ពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​ក្នុង​ក្របខណ្ឌ​តំបន់​និង​អន្តរជាតិ​ផងដែរ​។​លោកជំទាវ​កាង​ឃ្យុ​ង​-​វ៉ា​បានស្នើ​កម្ពុជា​គាំទ្រ​ដល់​សាធារណរដ្ឋ​កូរ៉េ​ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី​២ សី្ត​ពី​ភាពជា​ដៃគូ​ដើម្បី​កំណើន​បៃតង និង គោលដៅ​ពិភពលោក​២០៣០ (2nd P4GSummit:PartnershipforGreenGrowthandtheGlobalGoals2030)​ដែល​គ្រោង​នឹង​រៀបចំ​នៅ​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ទីក្រុង​សេ​អ៊ូ​ល​។​លោក​ឧបនាយករដ្ឋមន្ត្រី​សន្យា​ផ្តល់​កិច្ច​សហ​ប្រតិ​ប​តិ្ត​ពេញទំហឹង​ហើយ​បាន​បញ្ជាក់ថា​កម្ពុជា​នឹង​បញ្ជូន​គណប្រតិភូ​ជាន់ខ្ពស់​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​។

​ក្រោយពី​បញ្ចប់​ជំនួប​ទ្វេភាគី​ដែល​បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ដ៏​ស្និទ្ធស្នាល​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ដ៏​សំខាន់​ចំនួន​ពីរ​គឺ​១)​កិច្ចព្រមព្រៀង​ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់ចំណូល​និង​ការបង្ការ​ការ​គេចពន្ធ​និង​២)​សន្ធិសញ្ញា​ស្តីពី​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម