​លទ្ធផល​នៃ​ការអញ្ជើញ​ចូលរួម​ក្នុង​«​ពិព័រណ៍​វប្បធម៌​ពិភពលោក​ឃ្យុ​ង​យូ​-​ឆ្នាំ​២០១៩»​នៅ​កូរ៉េ​នៃ​គណៈប្រតិភូ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​

322
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​គណៈប្រតិភូ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​(ACC)​ដឹកនាំ​ដោយ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ឃួន​សុ​ដា​រី​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​ប្រធាន​ស្ថាបនិក​កិត្តិយស​នៃ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​«​ពិព័រណ៍​វប្បធម៌​ពិភពលោក​ឃ្យុ​ង​យូ​-​ឆ្នាំ​២០១៩»​នៅ​ថ្ងៃទី​២៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នៅ​ទីក្រុង​ឃ្យុ​ង​យូ​ខេត្ត​ឃ្យុ​ង​សាង​បុក​ដូ សាធារណរដ្ឋ​កូរ៉េ​។ ពិព័រណ៍​វប្បធម៌​នេះ​ប្រព្រឹត្តទៅ​មាន​រយៈពេល​៤៥​ថ្ងៃ ចាប់ពី​ថ្ងៃទី ១១​តុលា​ដល់​ថ្ងៃទី​២៤​វិច្ឆិកា​ឆ្នាំ​២០១៩​ក្រោម​ប្រធានបទ​«​វប្បធម៌​ជា​កូនសោ​អនាគត​របស់​យើង​»​។​

​នៅក្នុង​ពិធី​បិទ​លោកស្រី​បាន​ថ្លែង​ទៅកាន់​អង្គពិធី​ថា “​ពិព័រណ៍​វប្បធម៌​ពិភពលោក​ឃ្យុ​ង​យូ​-​ឆ្នាំ​២០១៩ គឺជា​ព្រឹត្តិការណ៍​វប្បធម៌​ពិសេស​មួយ​ដែល​វប្បធម៌​ត្រូវបាន​បង្ហាញ​ជា​ប្រភព​នៃ​សន្តិភាព​ភាពសុខដុមរមនា​ការអភិវឌ្ឍន៍​ការផ្សារភ្ជាប់​ទំនាក់ទំនង​ភាព​ច្នៃប្រឌិត​និង​នវានុវត្តន៍​ស្រប​ពេលដែល​កម្ពុជា​កំពុង​រៀបចំ​គោលនយោបាយ​ស្តីពី​វិទ្យាសាស្ត្រ ប​ចេ្ច​ក​វិទ្យា និង​នវានុវត្តន៍​២០២០-២០៣០​។

​ពិព័រណ៍​វប្បធម៌​នេះ​មិន​ត្រឹមតែ​ជាការ​អបអរ​សាទរភាព​រុងរឿង​នៃ​អតីតកាល​ប៉ុណ្ណោះ​ទេវា​ជា​ការតភ្ជាប់​អតីតកាល​ជាមួយនឹង​បច្ចុប្បន្នកាល​ហើយ​ឆ្លុះបញ្ចាំង​ទៅ​អនាគត​។​កិច្ចសហប្រតិបត្តិការ​នៅក្នុង​ពិព័រណ៍​វប្បធម៌​នេះ​ធ្វើឡើង​ដើម្បី​កសាង​ស្ពាន បង្កើន​បណ្តាញ​ទំនាក់ទំនង និង​វេទិកា រវាង​សហគមន៍ និង​រដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​សន្តិភាព​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​តាមរយៈ​ការជំរុញ​ភាព​ចម្រុះ​នៃ​វប្បធម៌​”​។​

​ក្នុងកំឡុងពេល​នៃ​ការអញ្ជើញ​ចូលរួម​ពិធី​បិទ​នេះដែរ​គណៈប្រតិភូ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​លោក​លី​ឆុ​ល​អ៊ូ​អភិបាលខេត្ត​ឃ្យុ​ង​សាង​បុក​ដូ​និង​ជា​ប្រធាន​មូលនិធិ​ពិព័រណ៍​វប្បធម៌​ពិភពលោក​ឃ្យុ​ង​យូ​អំពី​ការលើកកម្ពស់​កម្រិត​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​កូរ៉េ​ឱ្យក្លាយ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ដើម្បី​ពង្រីក​នូវ​សក្តានុពលភាព​នៃ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​កា​រ​វិនិយោគ និង​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​។

​ក្រោយពី​ជំនួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ភាគី​ទំ​ង​ពីរ​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​និង​ខេត្ត​ឃ្យុ​ង​សាង​បុក​ដូ​ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​សិល្បៈ​មនុស្សសាស្ត្រ​និង​ការការពារ​បេតិកភណ្ឌ​ក្នុង​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​ប្រកបដោយ​ចីរភាព​តាមរយៈ​ការបណ្តុះបណ្តាល​ការហ្វឹកហាត់​និង​ការផ្លាស់ប្តូរ​ធនធានមនុស្ស​ទៅវិញទៅមក​។

​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ក៏បាន​ឯកភាព​លើ​គម្រោង​ជួសជុល​កែលំអ​និង​អភិរក្ស​មជ្ឈមណ្ឌល​អភិរក្ស​អង្គរ​ដើម្បី​ជាការ​បង្ហាញ​នៃ​ការអនុវត្ត​ការអភិរក្ស​បេតិកភណ្ឌ​រូបី​រួមគ្នា​។​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​នឹង​ផ្តល់នូវ​វេទិកា​មួយ​សម្រាប់​អនុវត្ត​គម្រោង​នេះហើយ​រដ្ឋាភិបាល​ខេត្ត​ឃ្យុ​ង​សាង​បុក​ដូ​នឹង​ផ្តល់នូវ​ជំនាញ​បច្ចេកទេស​។​

ជាមួយគ្នានេះ​ផងដែរ​លោក​សួស​យ៉ា​រ៉ា​អគ្គនាយក​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រវាង​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី និង លេខាធិការដ្ឋាន អង្គការ​ទីក្រុង​បេតិកភណ្ឌ​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក តំណាង​ដោយ លោក យាំង លី ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័ន​ទាំងពីរ​ក្នុង​កិច្ច​អភិរក្ស និង​អភិវឌ្ឍ​ទីក្រុង​បេតិកភណ្ឌ​។​

​គួរ​រំលឹក​ផងដែរ​ថា កម្ពុជា និង​កូរ៉េខាងត្បូង បាន​បង្កើត​ទំនាក់ទំនង​ជាមួយគ្នា​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៣០ ខែតុលា​ឆ្នាំ​១៩៩៧​។​ទំនាក់ទំនង​ថ្មី​នេះ​បាន​ធ្វើឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​នា​ឆ្នាំ​១៩៩៦​។

​ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​មួយ​ដ៏​សំខាន់​ក្នុងការ​ស្វះ​ស្វែងរក​លទ្ធភាព​បង្កើត​ចំណង​ការទូត​ជាមួយ​កូរ៉េខាងត្បូង​ជា​ប្រវត្តិសាស្ត្រ​។​ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា​និង​កូរ៉េខាងត្បូង​ក្នុង​រយៈពេល​ប្រមាណ​ជា​២២​ឆ្នាំ​មកនេះ​បាន​រីកលូតលាស់​ជា​លំដាប់​ហើយក៏​បាន​នាំមក​នូវ​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ចជាតិ​រវាង​ប្រទេស​ទាំងពីរ​គួរឱ្យកត់សម្គាល់​។​

​ក្នុង​គោលដៅ​រឹតចំណង​មិត្តភាព​កិច្ចសហប្រតិបត្តិកា​និង​ពង្រឹង​ភាពជា​ដៃគូ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​ប្រធាន​គណៈប្រតិភូ​កម្ពុជា​ក៏បាន​ជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ជូ​ណាក់​យាំង​អភិបាលក្រុង​ឃ្យុ​ង​យូ​និង​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​រៀបចំ​ពិ​ព័​ណ៍​ឯកឧត្តម​យូ​ហេ​លីម​អំពី​ភាពជា​អ្នកដឹកនាំ​សមត្ថភាព​របស់​ស្ថាប័ន​ក៏ដូចជា​ការគៀងគ​រធ​ន​ធាន​និង​កិច្ចសហប្រតិបត្តិការ​នា​នា​ក្នុង​គោលដៅ​បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ការពង្រឹង​បន្ថែម​នូវ​សមត្ថភាព​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​និង​ប្រវត្តិសាស្ត្រ​។​

​នៅក្នុង​ដំណើរ​ទស្សនៈកិច្ច​នេះ​លោកស្រី​ប្រធាន​គណៈប្រតិភូ​ក៏បាន​ទស្សនា​ទីតាំង​ប្រវត្តិសាស្ត្រ​ជាច្រើន​ដែលជា​ឧទ្យាន​បេតិកភណ្ឌ​ជាតិ​កូរ៉េ ក៏ដូចជា​ឧទ្យាន​បេតិកភណ្ឌ​ពិភពលោក ដែល​បង្ហាញ​ពីសា​សនា និង​រាជ្យ​វង្ស​សា​នុ​វង្ស​នៃ​ព្រះរាជាណាចក្រ​សីឡា​របស់​កូរ៉េ​កាលពី​១៣០០​ឆ្នាំមុន​។​

​ក្នុងអំឡុងពេល​នៃ​ពិព័រណ៍​វប្បធម៌​ពិភពលោក​ឃ្យុ​ង​យូ​-​ឆ្នាំ​២០១៩​រយៈពេល​៤៥​ថ្ងៃនេះ​មានការ​សម្តែង​សិល្បៈ​និង​ការតាំង​បង្ហាញ​ពិព័រណ៍​ចម្រុះ​ដែលមាន​ការចូលរួម​ពី​២៧​ប្រទេស​និង​មាន​ភ្ញៀវទេសចរ​ចូលរួម​សរុប​ប្រមាណ​មួយ​លាន​នាក់​។​សូម​ជម្រាប​ផងដែរ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បញ្ជូន​គណៈប្រតិភូ​សិល្បៈ ដឹកនាំ​ដោយ​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ទៅ​ចូលរួម​ក្នុង​ពិធី​បើក​និង​ការសម្តែង​សិល្បៈ​ក្នុង​ព្រឹត្តិការណ៍​នេះ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា​កាលពី​ថ្ងៃទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០០៦​ដល់​ថ្ងៃទី​៩​ខែមករា​ឆ្នាំ​២០០៧​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​កូរ៉េ​បាន​សហការ​រៀបចំ​ពិព័រណ៍​វប្បធម៌​ពិភពលោក​អង្គរ​-​ឃ្យុ​ង​យូ​នៅ​ខេត្តសៀមរាប ដោយ​ទទួលបាន​ការចូលរួម​ពី​ប្រទេស​ជាង​៣០ និង​ភ្ញៀវទេសចរ​ជាង​មួយ​លាន​នាក់​។ វប្បធម៌​មិន​ត្រឹមតែ​ជាការ​អភិរក្ស​បេ​តិ​ភណ្ឌ​រូបី​និង​អរូបី​ប៉ុណ្ណោះ​ទេ​វប្បធម៌​គឺជា​ប្រភព​យ៉ាងសំខាន់​មួយ​នៃ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​និង​មាន​អត្តសញ្ញាណ​ជាតិ​៕S/

​ចំណងជើង​រូបថត​៖​លទ្ធផល​នៃ​ការអញ្ជើញ​ចូលរួម​ក្នុង​«​ពិព័រណ៍​វប្បធម៌​ពិភពលោក​ឃ្យុ​ង​យូ​-​ឆ្នាំ​២០១៩» នៅ​កូរ៉េ​របស់ គណៈប្រតិភូ​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​

ទីតាំងផ្សាយពាណិជ្ជកម្ម