ពេជ្រ ចរណៃ តស៊ូ​គាំទ្រ​លើកស្ទួយ​ល្ខោនខោល រហូត​មហាជនពេញចិត្ត​

878
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង និង​តារា​ល្បី មាន​ជំងឺ​បេះដូង​ប្រហោង កញ្ញា ពេជ្រ ចរណៃ​ជាប់ជា​អ្នកតំណាង និង​តស៊ូ​មតិ​ឱ្យ​មហាជនកាន់តែ​គាំទ្រ និង​ស្រឡាញ់​វប្បធម៌​ជាតិ​លើកស្ទួយ​ល្ខោនខោល រហូត​ឈានដល់​ការបង្រួបបង្រួម​គ្នា មានការ​សម្តែង​ធំនៅ​សៀមរាប ដែល​ធ្វើឱ្យ​មហាជន​ជាច្រើនកាន់តែ​ស្គាល់​នាងនិង​ពេញចិត្ត​នាង​។

​កាលពី​ប៉ុន្មាន​ខែ​មុននេះ​ តារា​សម្តែង​ល្បី​រូបនេះ ​រួមគ្នា​ជាមួយ​ក្រុម​ល្បុក្កតោ​និង​ល្ខោនខោល ចេញ​សម្តែងតាមផ្លូវ​សាធារណៈ និង​ចុះ​តាម​ខេត្ត​ជាច្រើន ដើម្បី​អំពាវនាវ​មហាជន រួមគ្នា​បរិច្ចាគ និង​គាំទ្រ​ឱ្យ​ការសម្តែង​ដ៏​ធំនូវ​ល្ខោនខោល​របស់​ជាតិ​។

​កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ កញ្ញា ពេជ្រ ចរណៃ បាន​និយាយថា “​ខ្ញុំ​ឆ្ងល់​ថា ហេតុអ្វី​បានជា​ល្ខោនខោលមាន​សុទ្ធតែជា​បុរសជា​អ្នក​សម្ដែង​? ទើប​ខ្ញុំ​ខំ​សិក្សា​ស្រាវជ្រាវ​បន្តទៀត​។ បើតាម​សៀវភៅ​របស់លោក ពេជ្រ ទុំ ក្រវិល ស្ដីពី​ល្ខោនខោល​បាន សរសេរថា ក្នុងសម័យ​អង្គរ ល្ខោនខោល ត្រូវបាន​អភិវឌ្ឍ ដោយ​បុរស​ទាំងស្រុង ក្នុងការ​រាំប្រចាំ​នៅ​ព្រះបរមរាជវាំង​ខ្មែរ​។ ហេតុផល​ដែល​ពិតប្រាកដ​នៅតែ​មិនទាន់ដឹង​ច្បាស់​។

​នាង​ខ្ញុំ នឹង​ខិតខំ​សិក្សា​ស្រាវជ្រាវបន្ថែមទៀត ដើម្បីអោយ​ដឹង​ច្បាស់​ពី​រឿងនេះ​។​ដូចនេះ ខ្ញុំ​យល់ថា ចំណុច​ទី​១ បើ​រង់ចាំតែ​បុរសៗគាត់​ផ្សព្វផ្សាយ យើង​អាច​នឹង​ដើរ​យឺត​។ ដូច​ឃើញជាក់ស្ដែង កន្លងមក សិល្បៈ​បុរាណ​ខ្មែរ (​ល្ខោនខោល​) គ្មាន​ទីផ្សារ​ គ្មាន​ការគាំទ្រ សិល្បករគ្មាន​លទ្ធភាពបន្ត ក៏បាន​ចាកចេញ និង​បោះបង់​ម្ដង​បន្តិចៗ​ហើយ​។ ខ្ញុំ​ពិតជា​សោកស្ដាយ បើសិនជា​សិល្បៈ​បុរាណ​ខ្មែរដ៏​ល្អ​ផូរផង់​នេះ​លែងមាន​អ្នក​ហាត់ រៀន​បន្ត គ្មាន​អ្នក​ផ្សព្វផ្សាយ លែងមាន​ឈ្មោះនិង​រូបរាង​។​

​តារា​ស្រី​រូបនេះ បាន​និយាយថា ចំណុច​ទី​២ គឺខ្ញុំ​ទទូច​សុំឲ្យ​យុវជន​ទាំងអស់​ចូលរួម ឈឺឆ្អាល ហាត់រៀន លើកស្ទួយ និង​ផ្សព្វផ្សាយ​បន្ត ហើយ​ខ្ញុំ​គិត​ថាបើ​ខ្ញុំ​គ្រាន់តែ និយាយ តើ​ខ្ញុំ​អាចជួយ​អ្វី​បាន​ខ្លះ​? ខ្ញុំ​ក៏​ចាប់ផ្ដើមចូលរួម​បង្ហាញ​ពី​ខ្លួនឯង​ទៅ​។ ចំណុច​ក្រោយ ខ្ញុំ​ពិតជា​ស្រឡាញ់ និងចង់គ្រង​នូវ​សម្លៀកបំពាក់ ល្ខោនខោល​ដើម្បី​ផ្សព្វផ្សាយ​ឲ្យពិភពលោក បាន​ស្គាល់​ថា ជា​របស់​ខ្មែរ​។​

​ធ្លាប់ជា​អ្នកជំងឺ​បេះដូង​ប្រហោង តារា​ស្រី​រូបនេះ បាន​និយាយថា អាស្រ័យហេតុនេះ នាង​ខ្ញុំ​សូម​អភ័យទោសដល់​លោកគ្រូ អ្នកគ្រូ ដែល​នាងបាន​ស្លៀកពាក់នូវ​ឈុត​នេះ ដែល​មិនត្រូវ​ទៅតាម​ទម្រង់ ព្រោះតែ​នាង​ខ្ញុំស្រឡាញ់​ខ្លាំង និង​ចង់​ផ្សព្វផ្សាយ​។ សូមទោស​ទៅដល់ លោកគ្រូ អ្នកគ្រូ ពុក​ម៉ែ បងប្អូន បើសិនជា​ការសិក្សា ស្រាវជ្រាវ​ការយល់ឃើញ និង​ការសរសេរ របស់​នាង ខុសឆ្គង លើសលស់ ខ្វះខាត​ត្រង់ចំណុច​ណាមួយ សូមទាន​មេត្តា ជួយ​ណែនាំ​ផង ដោយ​ក្ដី​គោរព ពី​ក្មេងស្រី​ម្នាក់​ដែល​មិនសូវមានការចេះដឹង​។

​សូមបញ្ជាក់ថា នៅ​ទី​លានជល់ដំរី នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រុមយុវជន និង​អ្នក​អភិរក្ស​ល្ខោនខោល ទាំងអស់ បានរួម​គ្នា​បង្កើត ការសម្តែង​ទស្សនីយភាព​ដ៏​ធំ មិនដែល​ធ្លាប់មាន​ពីមុន នា​យប់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ដែលមាន​ឈ្មោះថា “ រាត្រី​ចងចាំ “ គឺ​ការសម្តែង​ល្ខោនខោល ទ្រង់ទ្រាយ​ធំ ដោយមានសិល្បករ ចំនួន ២៨០ នាក់ ចូលរួម​សម្តែងនៅ​ទី​លានជល់ដំរី ក្រុង​សៀមរាប អង្គរ ដើម្បី​អបអរសាទរ​ខួប ១ ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្ខោនខោល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​អ​រូបិយ នៃ​មនុស្សជាតិ នៅ​ថ្ងៃទី ២៨ ខែវិច្ឆិកា រៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ សហការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត ហើយ​នៅក្នុងរាត្រី​ចងចាំនេះ ក៏មាន​បញ្ចូលល្ខោន​ស្រមោល​ស្បែក​ធំ ផងដែរ ។​

​តាម​កម្មវិធី ដែល​បាន​គ្រោងទុក ទីទៃ​ពី​ការសម្តែង​ល្ខោនខោល ទ្រង់ទ្រាយ​ធំ​នេះ​ក៏មានកម្មវិធី​ទទួល​អាហារ ប្រពៃណី​ខ្មែរ សម្រាប់​ភ្ញៀវទេសចរ ដែល​ចូលរួម​ប្រមាណ ៣.០០០​នាក់​ផងដែរ ដូចជា បាយ និង ហហ្មុក​ត្រី , បាយដំណើប ត្រីផាត់ ណែម​ស្បែក ជ្រូក និង បង្អែម​ខ្មែរ ជាដើម ហើយ​កម្មវិធី នឹង​ប្រព្រឹត្តទៅ រយៈពេល ៧៥ នាទី ចាប់ពី​ម៉ោង ៦: ៣០ នាទី​ល្ងាច ។​

​សូម​រំលឹក​ផងដែរ​ថា កញ្ញា ពេជ្រ ចរណៃ ក្រោយពេល​វះកាត់ ព្យាបាល​ជំងឺ​បេះដូង​ហើយ បានជា​សះស្បើយ មួយរយ​ភាគរយ ដោយមាន​ការជួយ​សង្គ្រោះ​ជីវិត​ពី​អតីត​តារា​ជើងចាស់ លោក ខៃ ប្រសិទ្ធ ជា​អ្នក​ចំណាយលុយទៅ​ព្យាបាល​ប្រទេស​ថៃ​។

​ស្រី​ស្អាត​រូបនេះ ធ្លាប់បាន​បង្ហាញ​ស្នាដៃក្នុង​រឿង​ជាច្រើន មានដូចជា “​ស្រមោល​ស្នេហ៍អតីត​” “​រឿង​ព្រាយ​ចិញ្ចឹម​កូន​” “​កូនឥតខាន់ស្លា​” “​ចៅ​ស្រទបចេក​”​។ មួយរយៈ​ធំ​ក្នុង​ឆ្នាំ ២០១៩​នេះ នាង​បាន​ឧស្សាហ៍ ចេញមុខ​ដើរ​ជួយ​អ្នកក្រីក្រ ជាច្រើន មិនចេះ​ខ្ជិល​ឡើយ ហើយ​នាង ក៏បាន​បង្ហាញ​សកម្មភាព​សង្គម និង​សប្បុរ​ធម៌​ជាច្រើន​រហូតដល់​ថ្នាក់​ទុកការងារ​សិល្បៈនៅ​មួយ​ឡែក​ទៀត​៕ ដោយ​៖ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម