គណៈប្រតិភូ​ប្រមាណ​១៤០​ទីក្រុង​នឹង​មក​ចូលរួម​មហា សន្និបាត​​AIMF,​នៅ​ដើមខែ​ធ្នូ​ដែល​រាជធានី​​ភ្នំពេញ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​

472
ចែករម្លែក

ដោយ​:រ៉ា​ម៉ន​/ភ្នំពេញ​ ៖ ​នៅ​ដើមខែ​ធ្នូ​នេះ សាលា​រាជធានី​ភ្នំពេញ​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ​ប្រមាណ​១៤០​ទីក្រុង​ដែល​នឹង​មក​ចូលរួម​មហាសន្និបាត​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​លើក​ទី​៣៩​។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​ប្រធាន​នៃ​ការរៀបចំ​មហាសន្និបាត​បាន​គូសបញ្ជាក់​តាមរយៈកិច្ចប្រជុំ​ត្រួតពិនិត្យ​ការវិវឌ្ឍ​ន៏​ចុងក្រោយ​រសៀល​ថ្ងៃទី​២៨​វិច្ឆិកា​នៃ​ដំណើរការ​ត្រៀម​រៀបចំ​មហាសន្និបាត AIMF​ទាំង​១១​ចំណុច​សំខាន់ៗ ត្រូវ​បានរៀបចំ​រួចរាល់​ហើយ​តាមរយៈ​កិច្ចសហការ​គ្រប់ភាគី​ពាក់​ព័ន្ធ​ដែល​ធ្វើ​ឲ្យ​ការងារ​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ប្រកបដោយ​កិត្តិយស ។​លោក​បន្តថា​៖​គិត​ត្រឹម​ថ្ងៃទី​២៨​វិច្ឆិកា មាន​ប្រតិភូ​នៃ​សមាគម​អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​បាន​ឆ្លើយតប​ថា​នឹង​អញ្ជើញ​ចូល​រួមមាន​ចំនួន​៤០៤​រូប មកពី​១៤០​ទីក្រុង​និង​៤១​ប្រទេស​ ក្នុងនោះ​មាន​ឋានៈ​ជា​អភិបាលក្រុង​ចំនួន​៨៥​រូប​ រួមទាំង​វាគ្មិន និង​អ្នក​សារព័ត៌មាន​ជាច្រើន​ទៀត​ដែល​មហាសន្និបាត​នេះ​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣​ដល់ទី​៤​ធ្នូ ឆ្នាំ​២០១៩ ​នៅ​រាជធានី​ភ្នំពេញ​ ក្រោម​ប្រធានបទ​៖​ទីក្រុង​ដែលមាន​ភាព​ធន់ ការគិតគូរ​ពី​បញ្ហា​ប្រឈម និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​។

ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ អតីតអភិបាល​រាជធានី​ភ្នំពេញ​ជាច្រើនរូប​នឹងត្រូវ​បាន​អញ្ជើញ​ឲ្យ​ធ្វើជា​វាគ្មិន​ដើម្បី​បង្ហាញ​ពីបទ​ពិសោធ​ន៍ក៏​ដូច​បញ្ហា​ប្រឈម​ក្នុង​ដំណើរការ​អភិវឌ្ឍ​ន៏​ទីក្រុង​ផងដែរ​។​ជាមួយគ្នានេះ ក៏មាន​រៀបចំ​ការតាំង​ពិ​ព័រណ៍ធំ​មួយ​លើ​ដង​វិថី​ព្រះស៊ីសុវត្ថិ​ចម្ងាយ​៧០០​ម៉ែត្រ​ដើម្បី​បង្ហាញ​ពី​ដំណើរការ និង​ដំណាក់កាល​កសាង​ទីក្រុង​ក្នុង​រយៈពេល​៤០​ឆ្នាំ​កន្លងទៅ និង​ដើម្បី​អបអរសាទរ​ខួប​៤០​ឆ្នាំ​នៃ​ការបង្កើត​សមាគម​(AIMF)​ផងដែរ​។​

​ជាមួយគ្នា​នោះ​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​នៃ​ការរៀបចំ​មហាសន្និបាត​នេះ​បាន​ណែនាំ​ឲ្យ​មានការ​ពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​កម្រិត៦ខ្ពស់​សម្រាប់​កិច្ចប្រជុំ និង​ដើម្បី​សុវត្ថិភាព​ភ្ញៀវ​ចូលរួម​។​ក្នុងនោះ​លោក​អភិបាល​ក៏បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ ជាពិសេស​ខណ្ឌ​៣​គឺ​ខណ្ឌដូនពេញ​,​ជ្រោយចង្វា និង​ខណ្ឌចំការមន ត្រូវ​លើក​កម្ពស់​ការពង្រឹង​សន្តិសុខ​ឲ្យ​បាន​ខ្លាំងក្លា និង​ត្រូវ​ចាប់​អនុវត្ត​ការត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​តាម​គោលដៅ​សំខាន់ៗ​ចាប់ពី​ថ្ងៃទី​៣០​វិច្ឆិកា​តទៅ​៕​B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម