មន្ត្រីសង្គកិច្ច ប្រគល់ផ្ទះ និង អំណោយ​​​​​​​​​​​​​ដល់ជនពិការក្រីក្រ នៅខេត្ត តាកែវ

425
ចែករម្លែក

ដោយៈមេសា/ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ផ្ទះ១ ខ្នង ត្រូវបាន ប្រគល់ហើយជូនជនពិការក្រីក្រឈ្មោះ តុត ប្រុស ជាជនពិការជើងទាំង ២ បច្ចុប្បន្នរស់នៅជាមួយម្តាយមេម៉ាយក្នុងភូមិ ហង់ហេង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្ត តាកែវ ហើយពិធីប្រគល់នោះ ដឹកនាំដោយ លោក សៅ ឡែន អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និង ជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមូលនិធិជនពិការ គណៈអភិបាលស្រុកសំរោង តំណាងមន្ទីរសង្គមកិច្ច ខេត្ត សាខាមូលនិធិជនពិការខេត្តតាកែវ មន្រ្តីឃុំបឹងត្រាញ់ខាងត្បូង និងប្រជាពលរដ្ឋផងដែរ ។

លោក សៅ ឡែន បានថ្លែងថា កម្មវិធីប្រគល់ផ្ទះជូនជនពិការក្រីក្រនេះ គឺជាលើកទី ២ ហើយ ដែលកាលពីលើកមុន មូលនិធិជនពិការបានរៀបចំនៅខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ហើយការសាងសង់ផ្ទះនេះគឺបានប្រើប្រាស់ថវិកាមួយផ្នែកពីហិបប្រាក់វិភាគទានសប្បុរសធម៌មូលនិធិជនពិការ ដោយអស់ថវិកាសរុប១៤.២៨០.០០០ ( ១៤ លាន ២ សែន ៨ ម៉ឺន ) រៀល ហើយថវិកាមួយផ្នែកទៀត កន្លងមកមូលនិធិជនពិការ បានប្រើប្រាស់លើការទិញអំណោយសប្បុរសធម៌សម្រាប់ផ្តល់ជូនដល់ជនពិការក្រីក្រចំនួន ៩៤៦នាក់ ហើយក្នុងថ្ងៃនេះ មូលនិធិជនពិការ ក៏មានអំណោយសប្បុរសធម៌ សម្រាប់ផ្តល់លោក តុត ប្រុស និង ប្រជាពលរដ្ឋមួយចំនួន ក្នុងនោះ រួមមាន៖ ថវិកា អង្ករ ត្រីខ ទឹកស៊ីវអ៊ីវ ទឹកត្រី អំបិល និង មី ។

លោកបន្តថា កត្តាសុខសន្តិភាព និងការអភិវឌ្ឍបានជំរុញឱ្យជនពិការបានទទួលការគាំពារពីរាជរដ្ឋាភិបាល ដូចអ្វីដែលមាននៅទីនេះស្រាប់ គឺកម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្ររបស់មូលនិធិជនពិការនេះ គឺបានជួយលើកកម្ពស់ដល់ជីវភាពរបស់ជនពិការក្រីក្រ ក្នុងការរស់នៅប្រកបដោយសុខុមាលភាព និងសេចក្តីថ្លៃថ្នូរ ។ ក្រៅពីនេះជនពិការ ក៏ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល តាមរយៈការផ្តល់សេវាស្តារលទ្ធភាព​ពល​កម្មដោយឥតគិតថ្លៃ ការផ្តល់របបគោលនយោបាយពិនិត្យថែទាំសុខភាព ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញឱ្យទទួលបានការងារធ្វើ ការសម្របសម្រួលសមស្របសម្រាប់ជនពិការ និងការដាក់បញ្ចូលជនពិការទៅក្នុងសកម្មភាពសង្គម៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម