​កម្ពុជា​នៅតែ​ត្រូវការ​ឲ្យ​ស៊ុយ​អ៊ែត​បន្ត​ផ្តល់ជំនួយ​ក្នុង​វិស័យ​ដោះមីន​

498
ចែករម្លែក
លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក យ៉ុ​ន ហាក់​ម៉ាគ ( Bjorn Haggmark )​ឯកអគ្គរដ្ឋទូត​ស៊ុយ​អ៊ែត​ប្រចាំ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង

ដោយៈ​មុនី​រ័ត្ន​/ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោក យ៉ុ​ន ហាក់​ម៉ាគ ( Bjorn Haggmark )​ឯកអគ្គរដ្ឋទូត​ស៊ុយ​អ៊ែត​ប្រចាំ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីស្តីការក្រសួង​។​


អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​កុយ គួ​ង បាន​ប្រាប់​ក្រុមអ្នកកាសែត​បន្ទាប់ពី​ជំនួប​ចប់​ថា នៅក្នុង​សវនាការ​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នូវ​ការស្វាគមន៍​និង​អបអរសាទរ​លោក​យ៉ុ​ន​ហាក់​ម៉ាគ​ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា​។​ស៊ុយ​អ៊ែត​និង​កម្ពុ​ជាមាន​ទំនាក់ទំនង​ជាមួយគ្នា​ជា​យូរ​មកហើយ​និង​បាន​ថែរក្សា​ទំនាក់​ដ៏​ល្អ​រវាង​គ្នា​ជា​រៀងដរាបមក​។​លោក​ឧ​បប​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ប្រទេស​ស៊ុយ​អ៊ែត​ដែល​កន្លងមក​បានផ្តល់​ជំនួយ​ជាច្រើន​ពាក់ព័ន្ធ​និង​វិស័យ​អភិបាលកិច្ច វិស័យ​អប់រំ ការងារ សិទ្ធិមនុស្ស វិស័យ​ដោះមីន និង​សាលាក្តី​ខ្មែរក្រហម​។ ជំនួយ​ទាំងនេះ បាន​ជួយ​ឲ្យ​មានការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ដល់​ប្រទេស​កម្ពុជា​។ លោក​ឧបនាយករដ្ឋមន្ត្រី​ត្រៀមខ្លួន​ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​ជា​មួ​យេ​ក​អគ្គរដ្ឋទូត​ស៊ុយ​អ៊ែត ដើម្បី​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ភា​ព​រឹងមាំ និង​ទូលំទូលាយ​ថែមទៀត​។​

​អ្នកនាំពាក្យ​ដដែល​បន្តថា​ជាការ​ឆ្លើយតប ឯកអគ្គរដ្ឋទូត​ស៊ុយ​អ៊ែត បាន​សម្តែង​នូវ​សេចក្តី​រីករាយ​ដែល​បានមក​បំពេញការងារ​នៅ​កម្ពុជា និង​បានលើកឡើង​អំពី​ផែនការ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ពី​ឆ្នាំ​២០២០-២០២៤ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​លោក​ក៏បាន​កោតសរសើរ​ដល់​ប្រទេស​កម្ពុជា​ដែល​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការបញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ទៅកាន់​ប្រទេស​ផ្សេងៗ ក្នុង​បេសកកម្ម​រក្សា​សន្តិភាព ក៏ដូចជា​បេសកកម្ម​នៅក្នុង​ការដោះមីន​នៅក្រៅ​ប្រទេស​ផងដែរ ។​នេះ​ជាការ​រួម​ចំណ​ក​ធ្វើ​ឲ្យ​ពិភពលោក​មាន​សុខសន្តិភាព​។​


លោក​ទូត​បាន​បញ្ជាក់ថា ផែនការ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​ដែល​ប្រទេស​ស៊ុយ​អ៊ែត​មាន​ពី​ឆ្នាំ​២០២០-២០២៤ គឺ​បាន​ផ្តោតទៅលើ​វិស័យ​ជាច្រើន​ដូចជា ការផ្លាស់ប្តូរ​អាកាសធាតុ បរិស្ថាន បម្រែបម្រួល​អាកាសធាតុ សិទ្ធិមនុស្ស វិស័យ​អប់រំ និង​វិស័យ​ផ្សេងៗ​ទៀត​។​ក៏​ផ្តោតលើ​វិស័យ​ពាណិជ្ជកម្ម​ផងដែរ ព្រោះ​កន្លងមក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នៅ​តិចតួច​នៅឡើយ​គឺ​ប្រមាណ ៧០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។


អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ជំនួយ​អភិវឌ្ឍន៍​ជា​ផ្លូវការ​របស់​ស៊ុយ​អ៊ែត​ឲ្យ​មក​កម្ពុជា​បើ​គិតពី​ឆ្នាំ​១៩៩២ មកដល់​ឆ្នាំ​២០១៨ មាន​ប្រមាណ ៥៤៥​លាន​ដុល្លារ ។​ជំនួយ​ផ្តោតទៅលើ​វិស័យ​ជាច្រើន​ដូចជា វិស័យ​អភិបាលកិច្ច សមភាព​យេនឌ័រ សិទ្ធិមនុស្ស អប់រំ ការងារ បរិស្ថាន និង​ការ​បម្រែបម្រួល​អាកាសធាតុ​។ ក្នុង​វិស័យ​សិទ្ធិមនុស្ស គឺ​កម្ពុជា និង​ស៊ុយ​អ៊ែត មាន​កិច្ចសន្ទនា​ផ្នែក​សិទ្ធិមនុស្ស​ទ្វេភាគី​។ ពាក់ព័ន្ធ​ជំនួយ​ខាង​ដោះមីន កន្លងមក​ស៊ុយ​អ៊ែត​បាន​ផ្តល់ជំនួយ​ក្នុងការ​ដោះមីន ប៉ុន្តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ គឺមាន​ការផ្អាក​ទៅវិញ ហើយ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់​សុខុន បានស្នើ​ដល់​ឯកអគ្គរដ្ឋទូត​ស៊ុយ​អ៊ែត​ថា​ឲ្យ​ពិចារណា​ក្នុង​ការបន្ត​ផ្តល់ជំនួយ​ក្នុង​វិស័យ​ដោះមីន​ដល់​កម្ពុជា​បន្តទៀត ពីព្រោះ​យើង​មាន​ផែន​ដោះមីន​នៅ​ឆ្នាំ​២០២៥ ឲ្យ​ស្អាត​នូវ​គ្រាប់​មិនទាន់​ផ្ទុះ​ក៏ដូចជា​គ្រាប់មីន​ផងដែរ​។ ចាប់តាំងពី​ឆ្នាំ​១៩៩៧​មក​កម្ពុជា​បាន​បោសសំអាត​មីន​លើ​ផ្ទៃដី​ប្រមាណ ១.៨០០​គីឡូម៉ែត្រ​ក្រឡា ហើយ​ផ្ទៃដី​មិនទាន់​សំអាត​នៅ​ប្រមាណ ១.៥០០ ទៅ​១.៨០០​គីឡូម៉ែត្រ​ក្រឡា​ទៀត​។ សង្ឃឹមថា រដ្ឋាភិបាល​ស៊ុយ​អ៊ែត​ពិចារណា​ក្នុង​ការបន្ត​ផ្តល់ជំនួយ​ក្នុង​វិស័យ​ដោះមីន​៕​srn

ទីតាំងផ្សាយពាណិជ្ជកម្ម