បង្ហាញ​ពី​អត្ថប្រយោជន៍​របស់​កម្ពុ​ជា​កើតចេញពី​មហាសន្និបាត​សមាគម​អន្តរជាតិ​,​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​លើក​ទី​៣៩​នៅ​ភ្នំពេញ​

418
ចែករម្លែក

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ដើមខែ​ធ្នូ​នេះ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ​ប្រមាណ​១៤០​ទីក្រុង​ដែល​នឹង​មក​ចូលរួម​មហាសន្និបាត​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​លើក​ទី​៣៩ ហើយ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​បាន​យល់ច្បាស់​ពី​អត្ថន័យ ខ្លឹមសារ​និង​អត្ថប្រយោជន៍​នៃ​មហាសន្និបាត​នេះ កាលពី​ព្រឹក​ថ្ងៃទី​២៩​វិច្ឆិកា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដោយមាន​ការ​សែត​ជាតិ អន្តរជាតិ​ចូលរួម​យក​ព័ត៌មាន​ជាច្រើន​អង្គភាព​ផងដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះ លោក​នួន ផា​រ័ត្ន​បាន​មានប្រសាសន៍​លើកឡើងថា មហាសន្និបាទ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​លើក​ទី​៣៩ ដែល​នឹង​ធ្វើឡើង​នៅ​ដើមខែ​ធ្នូ​នេះ​មាន​ប្រធានបទ​ឬ​កម្មវិធី​ចំនួន​៣​សំខាន់ៗ ក្នុងនោះ​រួមមាន កម្មវិធី​ទី​១ បើក​មហាសន្និបាត ដើម្បី​អនុមតិ​នូវ​ការងារ​សំខាន់​មួយចំនួន​និង​ការដាក់​ទិសដៅ​ការងារ​នៅ​ឆ្នាំ​បន្ទាប់​របស់​សមាគមន​។ ទី​២ ក្រោយ​បើក​មហាសន្និបាត ធ្វើ​សន្និសីទ​បច្ចេកទេស ពាក់ព័ន្ធ​ទៅ នឹង​ការរៀបចំ​ក្រុង​ឡើងវិញ​បន្ទាប់ពី​មាន​គ្រោះមហន្តរាយ​នានា​។ កម្មវិធី​ទី​៣ ជា​កម្មវិធី​ផ្លូវ​ការណ៍ ដោយមាន​កិច្ចប្រជុំ​អចិន្ត្រៃយ៍ ដែល​មានតែ​២៧​ទីក្រុង​ទេ ចូលរួម ដើម្បី​អនុមតិ​លើ​របាយការណ៍​សំខាន់ៗ​មួយចំនួន​។​

​លោក​បន្តថា ការបង្កើត​នូវ​សមាគម​នេះ​ឡើង​គឺ​ដើម្បី​ចងក្រង និង​ប្រទេស​ដែល​ប្រើ​ភាសា​បារាំង ដើម្បី​ចែករំលែក​បទ​ពី​សោធ ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ទីក្រុង ក៏ដូចជា​ដើម្បី​ពង្រឹង​នូវ​សម្ព័ន្ធមេត្រីភាព​រវាង​ទីក្រុង​និង​ទីក្រុង​ផងដែរ​។ ជាក់ស្តែង រាជធានី​ភ្នំពេញ​និង​ទីក្រុង​ប៉ារីស យើង​មាន​ទំនាក់ទំនង​ទ្វេភាគី ដោយ​ទីក្រុង​ប៉ារីស​បាន​ជួយ​រាជធានី​ភ្នំពេញ​ជាច្រើន ជាពិសេស​លើ បច្ចេកទេស​ក្នុងការ​រៀបចំ​ក្រុង​។​

​លោក​បញ្ជាក់​ផងដែរ​ថា​៖ ក្នុង​ក្របខណ្ឌ​នៃ​សមាជិក​AIMF​នេះ រាជធានី​ភ្នំពេញ ទទួលបាន​អត្ថប្រយោជន៍​ច្រើនជាងគេ ដោយ​បច្ចុប្បន្ននេះ យើង​មាន​គម្រោង​ចំនួន​៣​កំពុង​ធ្វើ ដែលជា​គម្រោង​មួយ​មាន​សារៈសំខាន់ ក្នុងនោះ​គម្រោង​ទី​១ ក្នុង​ក្របខណ្ឌ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) យើង​ទទួលបាន​មូ​និ​ធី​ពី​សហគមន​អឺ​រុ​ប​នូវ​ថវិកា​ជាង​១​លាន​ដុល្លារ ដើម្បី​ពង្រឹង​ការគ្រប់គ្រង​រដ្ឋបាល​នៅ​ថ្នាក់ក្រោម​ជាតិ លើ​ការរៀបចំ​តំបន់​មិន​រៀបរយ​មួយ​ធ្វើជា​គំរូ បង្ហាញ​នូវ​និតិ​វិធី​ឬ​វិធីសាស្ត្រ ក្នុងការ​រៀបចំ តំបន់​មិន​រៀបរយ​។ ទី​២ យើង​ទទួលបាន​ជំនួយ​បច្ចេកទេស តាមរយៈ​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) ដើម្បី​សិក្សា​លើ​ការ កសាង​ស្ថានីយ​កែច្នៃ​ពី​ភក់​បង្គន់​ដែល​ចេញពី​លូ​តាម​ផ្ទះ ទៅ​ដា​ក់នៅ​ស្ថានីយ​មួយ ដោយ​កែច្នៃ​ជា​ជីធម្មជាតិ ជៀសវាង​ការយក​ភក់​បង្គន់​ដែល​យកចេញ​ពី​លូ​តាម​ផ្ទះ​នេះ​ទៅ​បោះចោល​តាម​ប្រឡាយ បឹង បួរ ដែល​ធ្វើអោយប៉ះពាល់​បរិស្ថាន​នាពេលខាងមុខ​។ ទី​៣ យើង​ទទួលបាន​គម្រោង​បច្ចេកទេស​ក្នុងការ​សិក្សា​អំពី​លំហរ អាកាស​សាធារណៈ​និង​ការពារ​អគារ​បេតិកភណ្ឌ​។ ជាងនេះទៅទៀត​សមាគមន៍​នេះ​ត្រូវបាន​បង្កើតឡើង ដើម្បី​ចងក្រង ប្រមូលផ្តុំ​បណ្តា​ទីក្រុង​ទាំងអស់​ចែករំលែក​បទពិសោធន៍​គ្នា ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយគ្នា​និង​ជួយ​គ្នា​ទៅវិញទៅមក ពោលគឺ ទីក្រុង​ធំ ត្រូវ​ជួយ​មក​ទីក្រុង​ដែលមាន​តម្រូវការ​អភិវឌ្ឍ ដោយ​ជួយ​ជា​ជំនួយ​បច្ចេកទេស​ឬ​ផ្តល់​ជា​មូលនិធិ​ពី​អង្គការ​នានា​នៅលើ​ពី​ភព​លោក តាមរយៈ​សមាគម​នេះ ។​

​មហាសន្និបាត​សមាគម​អន្ដរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF)​នៅ​ថ្ងៃទី​០២ ដល់​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ​នា​រាជធានី​ភ្នំពេញ​នេះ ក្រោម​ប្រធានបទ «​ទីក្រុង​ដែលមាន​ភាព​ធន់ ការគិតគូ​ពី​បញ្ហា​ប្រឈម និង​ការស្ថាបនា​ទីក្រុង​ឡើងវិញ​» ។​លោក នួន ផា​រ័ត្ន បន្តថា​៖​ការរៀបចំ​មហាសន្និបាត​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​អ​អចិន្ត្រៃយ៍​របស់ AIMF ក្នុង​កិច្ចប្រជុំ​លើក​ទី​៣៨​របស់ AIMF នៅ​ទីក្រុង​នី​ល ប្រទេស​បារាំង កាលពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅ បានជ្រើសរើស​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៣៩​។​បើតាម​លោក នួន ផា​រ័ត្ន ការធ្វើជា​ម្ចាស់ផ្ទះ​លើក​នេះ ជា​លើក​ទី​១​ហើយ ដែល​នេះ​ជា​ឧិ​កាស​ដ៏​មានតម្លៃ​ដែល​រាជធានី​ភ្នំពេញ បង្ហាញ​ស្នាដៃ និង​បទពិសោធន៍ ក្នុងការ​អភិវឌ្ឍន៍​ទី​ក្រុង​ដែល​ងើប​ចេញពី វាលពិឃាត​ប្រល័យពូជសាសន៍​រហូត មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​លោក​អភិបាលរង​រាជធានី​ភ្នំពេញ​រូបនេះ បាន​អះអាង​ទៀតថា​៖ នៅក្នុង​អាស៊ីអាគ្នេយ៍ មានតែ​រាជធានី​ភ្នំពេញ មួយគត់ ដែលជា​សមាជិក សមាគម អន្តរជាតិ អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) ដែលមាន​ផលប្រយោជន៍​ដើម្បី​បង្ហាញ​ទៅដល់​ទីក្រុង ២៩៤​ទីក្រុង ពី​ភាពរឹងមាំ ពី​សក្តានុពល ជូនទៅ​ប្រទេស​ទាំងនោះ ពី​បញ្ហា​វិនិយោគ បេតិកភណ្ឌ​ពិភពលោក​លោក​រំពឹង និង​ជឿជាក់ថា តាមរយៈ​ការធ្វើជា​ម្ចាស់ផ្ទះ​នេះ រាជធានី​ភ្នំពេញ និយាយ​ដោយឡែក និង​និយាយ​ជារួម ប្រទេស​កម្ពុជា​ទាំងមូល នឹង​ទទួលបាន​បទពិសោធន៍​ថ្មី​បន្ថែមទៀត និង​ជា​ឱកាស​បង្ហាញ​អំពី​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា ប្រទេស​ផ្សេងទៀត​នៅក្នុង​ពិភពលោក​។ ឆ្លៀត​ក្នុង ឱកាស នៃ​កិច្ចប្រជុំ ប្រតិភូ​ប្រទេស​ដែល​មក​ចូលរួម នឹងធ្វើ​ទស្សនកិច្ច​ទៅកាន់​ទឹកដី​អង្គរ នៃ​ខេត្តសៀមរាប​ផងដែរ ដើម្បី​ទស្សនា​ប្រាសាទ​របស់​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​៖ សមាគម​អន្ដរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ត្រូវបាន​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៧៩ ដើម្បី​ចង​ក្រប​ប្រទេស​ប្រើប្រាស់​ភាសា​បារាំង ក្នុងន័យ​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​គំនិតល្អ​ឲ្យ​គ្នា​ទៅវិញទៅមក​។ រាជធានី​ភ្នំពេញ​បាន​ចូល​ជា​សមាជិក​នៃ​សមាគម​នេះ នៅ​ឆ្នាំ​១៩៩០ ហើយ​បាន​ក្លាយជា​សមាជិក​អចិន្ដ្រៃយ៍ នៅ​ឆ្នាំ​២០០៣៕

ទីតាំងផ្សាយពាណិជ្ជកម្ម