​មន្ត្រី​បកស្រាយ​ពី​ផែនការ​បន្លាស់​ទី​ពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ឱ្យ​ឡើង​រស់នៅ​លើគោក​

652
ចែករម្លែក

​ដោយ​ឬ​ទ្ធិ​ស័ក្តិ​/​កំពង់ឆ្នាំងៈ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​បានឱ្យដឹងថា​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​មាន​សាធារណមតិ​ជាច្រើន​លើ​បណ្តាញ​ផ្សព្វផ្សាយ​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​ចាប់អារម្មណ៍​បញ្ចេញយោបល់​ពាក់ព័ន្ធ​ផែនការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ឱ្យ​ឡើង​រស់នៅ​លើគោក​វិញ​។​

ជាមួយ​នោះបាន​ភ្ជាប់​ទៅនឹង​ដី​៤០​ហិកតា​ដែល​អាជ្ញាធរខេត្ត​រៀបចំ​។​មជ្ឈដ្ឋាន​ខ្លះ​បាន​ចោទប្រកាន់ថា​រាជរដ្ឋាភិបាល​កាត់​ដី​ឱ្យ​យួន​។​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​មតិយោបល់​របស់​សាធារណជន​ទាំងអស់​។​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​មាន​កិត្តិយស​សូមបញ្ជាក់​ជូន​ជា​ព័ត៌មាន​មួយចំនួន​ដូចតទៅ​៖

១.​នៅតាម​ដង​ទន្លេសាប​ក្នុង​ខេត្តកំពង់ឆ្នាំង​កន្លងមក​មាន​ប្រជាពលរដ្ឋ​ខ្មែរ​,​ខ្មែរ​អី​ស្លាម​និង​អន្តោប្រវេសន៍​វៀតណាម រួមទាំង​មូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ​មួយចំនួន​ផង​ប្រមាណ ៣.៨៥១​ខ្នង​ផ្ទះ​ស្មើ​និង​ប្រមាណ ៤.៥៦៣​គ្រួសារ​បានរស់នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ជា​ប្រភេទ​ផ្ទះ​បណ្តែត​ទឹក​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​/​សង្កាត់​ចំនួន​៩​។​

២.​យោងតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​និង​ដោយមាន​ការឯកភាព​ពី​ថ្នាក់លើ​ក្រុមប្រឹក្សា​ខេត្ត​,​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​បានដាក់​ចេញ​ផែនការ​រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ទាំងអស់​បន្លាស់​ទី​មក​តាំងទី​លំនៅ​លើដី​គោក​វិញ​គិត​ទាំង​ប្រជាពលរដ្ឋ​ខ្មែរ ខ្មែរ​អី​ស្លាម​និង​អន្តោប្រវេសន៍​វៀតណាម​ផងដែរ​។​ក្នុង​គោលបំណង​ថែរក្សា​ទន្លេសាប​,​ថែរក្សា​បរិស្ថាន​ទឹក​,​ថែរក្សា​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។​

៣. រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ក៏បាន​ទទួល​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល និង​ក្រសួង​មហាផ្ទៃ​ឱ្យ​ចាត់ចែង​អនុវត្ត​ផែនការ​នេះ​ដោយ​ម៉ត់ចត់​ទាន់ពេលវេលា​និង​ប្រុងប្រយ័ត្ន​ខ្ពស់​ស្របតាម​ច្បាប់​កម្ពុជា​និង​ច្បាប់​អន្តរជាតិ​ផងដែរ​។​ព្រមទាំង​ខិតខំ​ដោះស្រាយ​សេវា​រដ្ឋបាល​នៅ​កន្លែង​ថ្មី​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។​

៤.​នៅពេល​រដ្ឋបាលខេត្ត​បានចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ​លោកស្រី​រ៉ូ​ណា​ស៊ីត​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​និង​ក្រុមការងារ​របស់លោក​ស្រី​បាន​អញ្ជើញ​មក​ពិនិត្យ​តាមដាន​និង​ឃ្លាំមើល​ដោយ​យកចិត្តទុកដាក់​បំផុត​។​ជាពិសេស​ពាក់ព័ន្ធ​ជាមួយ​កិច្ចការពារ​សិទ្ធិមនុស្ស​ជាសំខាន់​។​

ក្នុងពេល​ជួប​ធ្វើការ​ជាមួយ​រដ្ឋបាលខេត្ត​លោកស្រី​រ៉ូ​ណា​ស៊ីត​បាន​សង្កត់ធ្ងន់​ឱ្យ​រដ្ឋបាលខេត្ត​យកចិត្តទុកដាក់​រៀបចំ​ការងារ​នេះ​ឱ្យបាន​ល្អប្រសើរ​ដូចជា​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​,​ទឹកស្អាត​,​ភ្លើងអគ្គិសនី​,​សាលារៀន​,​សុខាភិបាល​,​សន្តិសុខ​និង​ការគោរព​ទំនៀម​ទំលាប់​ប្រពៃណី​។​ល​។​

៥.​លើក​ជា​សំណួរ​ថា​៖​បើ​មិនឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ដែល​ពួកគាត់​កំពុង​រស់នៅ​លើ​ផែនការ​របស់​រដ្ឋបាល​ខេត្ត​ឱ្យ​ពួកគាត់​ទៅ​រស់នៅ​ទីណា​វិញ​?​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សូមបញ្ជាក់​ជូន​ដូចតទៅ​:​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​និង​ខ្មែរឥស្លាម​មួយចំនួន​ពួកគាត់​ត្រូវ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​របស់គាត់​ពី​ក្នុង​ទន្លេសាប​ឡើងមក​តាំងទី​លំនៅ​លើដី​គោក​វិញ​ដែល​ស្ថិតនៅ​ក្នុងភូមិ​ឃុំ​ស្រុក​របស់​ពួកគាត់ ស្របតាម​ការរៀបចំរ​បស់​អាជ្ញាធរ​មូលដ្ឋាន ។

​អាជ្ញាធរ​មូលដ្ឋាន​មាន​ភារកិច្ច​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការផ្តល់សេវា​នានា​ជូន​ពួកគាត់​ស្របតាម​ភូមិសាស្ត្រ​នីមួយៗ​។​ដោយឡែក​ចំពោះ​អន្តោប្រវេសន៍​វៀតណាម​រួមជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​និង​ខ្មែរ​អី​ស្លាម​មួយចំនួនទៀត​ពួកគាត់​ជួប​លំបាក​ក្នុង​ការរក​កន្លែង​រស់​នៅលើ​គោក​។​

ដូច្នេះ​ដើម្បី​សម្របសម្រួល​ដោះស្រាយ​ឱ្យ​ដំណើរ​ការល្អ​រដ្ឋបាលខេត្ត​បាន​សហការ​ជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន​ដែលមាន​ដីស្រែ​ឡើង​ទឹក​នៅ​ភូមិ​ដំបូក​កកោះ​ឃុំ​ស្វាយជ្រុំ​ស្រុក​រលាប្អៀរ​ចំនួន​៤០​ហិកតា​លើកសំណើ​ជូន​រាជរដ្ឋាភិបាល​ស្របតាម​នីតិវិធី​ធ្វើ​អនុ​ប​យោគ​ដើម្បី​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យបាន​សមស្រប​និង​រៀបចំ​តំបន់​នេះ​សម្រាប់​ប្រជាពលរដ្ឋ​អាច​រស់​នៅបាន​។​

​ចំពោះ​ការ​ចូលមក​រស់នៅ​លើ​ទីតាំង​ដី​៤០​ហិកតា​នេះ​បើ​គាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ឬ​ខ្មែរ​អី​ស្លាម​គាត់​ចង់​មក​រស់នៅ​គាត់​ត្រូវ​ទិញ​ក្នុងតម្លៃ​សមរម្យ​។​ដោយឡែក​អន្តោប្រវេសន៍​វៀតណាម​គាត់​ត្រូវ​ជួល​ស្របតាម​ច្បាប់​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ការផ្តល់​សំណុំបែបបទ​នានា​ដល់​អន្តោប្រវេសន៍​វៀតណាម​រដ្ឋបាលខេត្ត​អនុវត្តតាម​ច្បាប់​និង​គោលការណ៍​ណែនាំ​។​

៦.​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សូមបញ្ជាក់​បន្ថែមថា​៖​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​តាំង​ទីលំនៅ​អចិន្ត្រៃយ៍​ឬ​ធ្វើ​មូលដ្ឋាន​អាជីវកម្ម​ផ្សេងៗ​នៅផ្ទះ​បណ្តែត​ទឹក​ទៀត​ទេ​។​អនុញ្ញាត​ឱ្យមាន​បែរ​ចិញ្ចឹម​ត្រី​ដោយ​មិនមាន​លំនៅស្ថាន​រស់នៅ​អចិន្ត្រៃយ៍​។​ប៉ុន្តែ​ត្រូវ​រៀបចំ​តាម​បច្ចេកទេស​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​រដ្ឋបាលខេត្ត​បន្ត​ជំរុញ​និង​រៀបចំ​ផែនការ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​យ៉ាង​ម៉ឺងម៉ាត់​រហូតដល់​រួចរាល់​ជា​ស្ថាពរ​។​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សូម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត​អនុវត្ត​គម្រោងការ​នេះ​ឱ្យសម្រេចបាន​លទ្ធផល​ល្អ​ដើម្បី​រួមចំណែក​ការពារ​ទន្លេសាប​,​បរិស្ថាន​ទឹក​,​ជីវៈចម្រុះ និង​ធនធានធម្មជាតិ​ឱ្យ​បានល្អ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

៧.​សេចក្តីសន្និដ្ឋាន​រួមការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ឱ្យ​ឡើង​រស់នៅ​លើគោក​គឺ​មានន័យថា​យើង​ផ្លាស់ប្តូរ​ទីកន្លែង​រស់នៅ​របស់​ពួកគាត់​ដែល​កំពុង​រស់នៅ​។​បញ្ហា​នេះ​ជាប់​ពាក់ព័ន្ធ​យ៉ាងសំខាន់​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​,​មុខរបរ​,​កូនចៅ​ទៅ​រៀនសូត្រ​,​សុខភាព​សាធារណរ​ស្តី​មាន​ផ្ទៃពោះ​និង​តម្រូវការ​ទឹកស្អាត​ភ្លើងអគ្គិសនី​។​ល​។​

​អាស្រ័យ​ហេតុនេះហើយ​ទើប​រដ្ឋបាលខេត្ត​ត្រូវ​ចាត់វិធានការ​ឱ្យបាន​ត្រឹមត្រូវ​និង​ដោយ​ប្រុងប្រយ័ត្ន​ស្របតាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ស្របតាម​ច្បាប់​អន្តរជាតិ​ជាពិសេស​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស​។​ការចាត់​វិធាន​ស្របតាម​ច្បាប់​ជាតិ​និង​ច្បាប់​អន្តរជាតិ​គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការជួយ​ឱ្យ​ប្រទេស​កម្ពុជា​ទទួលបាន​ការ​គាំទ្រ​យ៉ាង​ធំធេង​ពី​មជ្ឈដ្ឋាន​ជាតិ​និង​សហគមន៍​អន្តរជាតិ​។​

​បើ​មិន​រៀបចំ​ទីកន្លែង​សមស្រប​ពួកគាត់​និង​បន្ត​រស់នៅ​ផ្ទះ​បណ្តែត​ទឹក​ដដែល​ទៀត​។​ការចោទប្រកាន់ថា​រាជរដ្ឋាភិបាល​ឬ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​កាត់​ដី​ឱ្យ​យួន​គឺ​មិនមែន​ដូច្នោះ​ទេ​។​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ខិតខំ​សម្របសម្រួល​រៀបចំ​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​និង​ដូច​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​ផងដែរ​។​

ដូចគ្នា​បច្ចុប្បន្ននេះ​ក៏មាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយចំនួន​កំពុង​រស់នៅ​ជា​អន្តោប្រវេសន៍​ក្រៅប្រទេស​ផងដែរ​។​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​ដែល​បាន​បកស្រាយ​ពន្យល់​នូវ​សភាពការណ៍​នេះ​ជូន​សាធារណជន​។​អាស្រ័យហេតុនេះ​សូម​សាធារណជន​មេត្តា​ជ្រាប​ជា​ព័ត៌មាន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម