ប៉ូលិស​ទីក្រុង​ឡុង​ដ៍​បាញ់សម្លាប់​ជនសង្ស័យ​ម្នាក់ ដែល​ចាក់​សម្លាប់​ប្រជាជន​២​នាក់

341
ចែករម្លែក

បុរស​ពាក់​អាវកាក់​គ្រាប់បែក​ក្លែងក្លាយ​ម្នាក់​បាន​ចាក់​មនុស្ស​ជាច្រើន​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​វិច្ឆិកា​ក្នុង​ទីក្រុង​ឡុង​ដ៍ ដោយ​សម្លាប់​មនុស្ស​ពីរ​នាក់​នៅក្នុង​អ្វីដែល​ប៉ូលិស​ចាត់ទុកជា​ការវាយប្រហា​រ​ភេរវកម្ម មុនពេល​បុរស​នោះ​ត្រូវបាន​ចាប់​បោក​ផ្តួល​នឹង​ដី​ដោយ​ប្រជាជន ហើយ​បន្ទាប់មក​ត្រូវបាន​បាញ់សម្លាប់​ដោយ​មន្ត្រីប៉ូលិស​នៅឯ​ស្ពាន​ទីក្រុង​ឡុង​ដ៍​។​

​លោកស្រី ក្រេស​ស៊ី​ដា ឌី​ក មេ​ប៉ូលិស​ក្រុង បាន​និយាយថា ជនរងគ្រោះ​រង​ការចាក់​នឹង​កាំបិត​ពីរ​នាក់​បាន​ស្លាប់ និង មនុស្ស​រងរបួស​៣ នាក់​ទៀត​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ការវាយប្រហារ​ដែល​បានកើត​ឡើង​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​ទីតាំង​នៃ​ការវាយប្រហារ​ដោយ​ការបើក​រថយន្ត​ដឹកទំនិញ​បំ​បុក​និង​ការចាក់​ដោយ​កាំបិត​ដ៏​សាហាវ​ក្នុង​ឆ្នាំ​២០១៧​។​

​ក្រុមមន្ត្រី​សុខាភិបាល​បាន​និយាយថា អ្នករងរបួស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​មាន​សភាព​នឹងនរ ម្នាក់ទៀត​មាន​សភាព​នឹងនរ និង ម្នាក់​ផ្សេងទៀត​រងរបួស​ស្រាល​។​

​លោកស្រី​ឌី​ក​និយាយថា ប៉ូលិស​កំពុងធ្វើកា​រយ៉ា​ង​ពេញទំហឹង​ដើម្បី​កំណត់ថា​តើ​មាន​នរណា​ផ្សេងទៀត​ចូលរួម​ក្នុងការ​វាយប្រហារ​នេះដែរ​ឬ​អត់​។ លោកស្រី​មិន​និយាយថា​តើ​ជនសង្ស័យ​ត្រូវ​ប៉ូលិស​ស្គាល់​ឬ​យ៉ាងណា​នោះទេ ដោយ​គ្រាន់តែ​និយាយថា វា​ជា “​ការស៊ើបអង្កេត​រហ័ស​និង​ស្វាហាប់​”​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​រួមទាំង BBC និង Sky News ដែល​ដកស្រង់​ប្រភព​សន្តិសុខ បាន​និយាយថា ជន​វាយប្រហារ​នោះ​គឺជា​អតីត​អ្នកទោស​ដែលមាន​ទំនាក់​ទំនងជា​មួយក្រុម​អ៊ីស្លាម​ជ្រុលនិយម​។ កាសែត The Times of London បាន​និយាយថា បុរស​នេះ​បាន​ចាក់​មនុស្ស​នៅក្នុង​សន្និសីទ​វិទ្យាសាស្ត្រ​ទីក្រុង​ឡុង​ដ៍ ដែល​គាត់​កំពុង​ចូលរួម​។​

​ក្រុមមន្ត្រី​នឹងមិន​បញ្ជាក់​ពី​ព័ត៌មាន​លម្អិត​ទេ ប៉ុន្តែ​នាយករដ្ឋមន្ត្រី បូរី​ស ច​ន​សុន និយាយថា លោក​ធ្លាប់​តវ៉ា​ជា​យូរ​មកហើយ​ថា វា​ជា​កំហុស ដែល​អនុញ្ញាតឱ្យ​ឧក្រិដ្ឋ​ជនឃោរឃៅ​និង​ហិង្សា​ឆាប់​ចេញពី​ពន្ធនាគារ​ពេក​៕ ដោយ៖ កញ្ញាដាលីស

ជនសង្ស័យ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់ បន្ទាប់ពី​ចាក់​ស្លាប់​មនុស្ស​២​នាក់​និង​របួស​៣​នាក់​នៅលើ​ស្ពាន​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​សុក្រ

ទីតាំងផ្សាយពាណិជ្ជកម្ម