ប្រធានាធិបតី​ប្រេ​ស៊ី​ល​បន្ទោស​ឌី​កា​ព្រី​យ៉ូ​ចំពោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​អា​ម៉ា​ហ្សូ​ន

412
ចែករម្លែក

​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក ជែ​រ បូល​សូ​ណា​រ៉ូ បាន​ស្តីបន្ទោស​តារា​សម្តែង ឡេ​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ ចំពោះ​ការបរិច្ចាគ​ដល់​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ ដែល​លោក​អះអាងថា​ស្ថិតនៅ​ពីក្រោយ​អគ្គិភ័យ​មួយចំនួន​នៅក្នុង​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​

​លោក​បូល​សូ​ណា​រ៉ូ​បាន​ប្រាប់​អ្នកគាំទ្រ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​វិច្ឆិកា​ថា “​ឌី​កា​ព្រី​យ៉ូ​គឺជា​បុរស​ឡូយ​ណាស់ មិន​អ៊ីចឹង​? បរិច្ចាគ​ប្រាក់​ដើម្បី​ដុត​ព្រៃ​អា​ម៉ា​ហ្សូ​ន​”​។​

​អង្គការ​បរិស្ថាន​រប​ស់​ឌី​កា​ព្រី​យ៉ូ​បាន​សន្យា​ផ្តល់ប្រាក់ ៥ លាន​ដុល្លារ​ដើម្បី​ជួយ​ការពារ​ព្រៃ​អា​ម៉ា​ហ្សូ​ន បន្ទាប់ពី​អគ្គិភ័យ​បាន​បំផ្លាញ​ផ្នែក​ដ៏​ធំ​នៃ​ព្រៃ​ទឹកភ្លៀង​នេះ​កាលពី​ខែកក្កដា​និង​សីហា​។​

​នៅ​គ្រានោះ​តារា​សម្តែង​រូបនេះ​បាន​ជំរុញ​ឱ្យ​ប្រជាជន​ពិចារណា​បរិច្ចាគ​ដល់​អង្គការ​ជួរមុខ​ទាំងអស់នោះ​នៅក្នុង​សម្ព័ន្ធ​ព្រៃ​អា​ម៉ា​ហ្សូ​ន​និង​ព្រៃ​ទឹកភ្លៀង ដែល​ជួយ​ដល់ “​ព្រៃ​ត្រូពិច​ងាយ​រងគ្រោះ​បំផុត​នៅលើ​ពិភពលោក​”​។​

​ឌី​កា​ព្រី​យ៉ូ​បានចាត់ទុក​បញ្ហា​មួយផ្នែក​គឺ​ដោយសារ​ប្រធានាធិបតី​ប្រេ​ស៊ី​ល ជែ​រ បូល​សូ​ណា​រ៉ូ ដែល​គាត់​និយាយថា​បានអនុញ្ញាត​ឱ្យ​កសិករ​និង​អ្នក​កាប់​ឈើ​ទន្ទ្រាន​ដីព្រៃ បន្ទាប់ពី​ចូលកាន់​តំណែង​កាលពី​ខែមករា​។​

​ការអត្ថាធិប្បាយ​របស់​លោក​បូល​សូ​ណា​រ៉ូ​ធ្វើឡើង​បន្ទាប់ពី​មានការ​ឆ្មក់​ចូល​របស់​ប៉ូលិស​ទៅក្នុង​ទីស្នាក់ការ​កណ្តាល​នៃ​អង្គ​ការមិន​រកប្រាក់​ចំណេញ​ចំនួន​ពីរ​នៅក្នុង​រដ្ឋ​ប៉ា​រ៉ា​នៃ​តំបន់​ព្រៃ​អា​ម៉ា​ហ្សូ​ន​។​

​អ្នក​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​ជាច្រើន​នាក់ ដែល​បដិសេធ​មិនបាន​ធ្វើ​អី​ខុស​នោះ ត្រូវបាន​ចាប់ខ្លួន ហើយ​ក្រោយមក​ក៏​ដោះលែង​វិញ​។

​ប៉ូលិស​ប្រេ​ស៊ី​ល​និយាយថា ពួក​អ្នក​ទាំងនោះ​កំពុង​ត្រូវបាន​ស៊ើបអង្កេត​ទាក់ទិន​នឹង​ការចោទប្រកាន់ថា​ពួកគេ​បាន​ដុត​ព្រៃ​ដើម្បី​ទទួលបាន​ជំនួយ​តាមរយៈ​អង្គការ​៕ ដោយ៖ កញ្ញាដាលីស

លោក​បូល​សូ​ណា​រ៉ូ​បន្ទោស​ឌី​កា​ព្រី​យ៉ូ​ចំពោះ​ភ្លើងព្រៃ​អា​ម៉ា​ហ្សូ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម