ហុងគ្រី រកឃើញ​រូង​ក្រោម​ដី​កាត់​ព្រំដែន​២ ដែល​ប្រើ​សំរាប់​ពួក​ជនអន្តោប្រវេសន៍​

982
ចែករម្លែក

​ប៉ូលិស​ហុងគ្រី​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​វិច្ឆិកា បាន​រកឃើញ​រូង​ក្រោម​ដី​ចំនួន​២ ដែល​ពួក​ជន​អន្ត​ប្រវេសន៍​ប្រើ​សំរាប់​ឆ្លង​ចូល​ពី​ប្រទេស​ស៊ែ​ប៊ីមក​ក្នុង​ហុងគ្រី​។​

​ប៉ូលិស​បាន​និយាយថា​រូង​ប្រវែង​៣៤​ម៉ែត្រ ត្រូវបាន​រកឃើញ​នៅ​ជិត​ភូមិ អា​សុ​ត​ថា​លុម កន្លែង​ដែល​ជនអន្តោប្រវេសន៍​៤៤​នាក់​ក៏​ត្រូវបាន​ចាប់ខ្លួន​ផង​ដែរ​។​មន្ត្រីប៉ូលិស​បាន​​និយាយ​ថា​ពលរដ្ឋ​ស៊ែ​ប៊ី​ម្នាក់​ត្រូវបាន​ចាប់​ឃាត់​ខ្លួន​ជាមួយ​ជនអន្តោប្រវេសន៍​ទាំងនេះ​ចំពោះ​ការ​ជាប់​សង្ស័យ​ពី​បទ​ជួញដូរ​មនុស្ស​។​

​រូង​នៅ​ជិត​ភូមិ​អា​សុ​ត​ថា​លុម​នេះ​មាន​មុខកាត់​កន្លះ​ម៉ែត្រ កំពស់​០,៦០​ម៉ែត្រ និង​ជំរៅ​៦​ម៉ែត្រ​ក្រោម​ផ្ទៃដី ដោយ​គ្មាន​ធ្នឹម ឬអ្វី​ទ្រ​ប្រឆាំង​ការបាក់​ទេ​។​

​ប៉ូលិស​បាន​អោយដឹងទៀតថា ការជីក​រូង​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​នេះ​និង​មិន​ប្រើ​គ្រឿង​ម៉ាស៊ីន​ទេ ជាហេតុ​នាំ​អោយ​ប៉ូលិស​មិនបាន​ចាប់អារម្មណ៍​។​

​ឥឡូវ មន្ត្រី​សន្តិសុខ ប្រើ​ដ្រូ​ន​និង​ឧបករណ៍​ស្គែ​ន​ដើម្បី​ស្វែងរក​រូង​ដទៃទៀត​។​

​រូង​មួយទៀត នៅក្នុង​ភូមិ ស៊ី​កេរៀ មាន​ប្រវែង​២១,៧​ម៉ែត្រ តែ​មិន​មាន​ការ​លួច​ឆ្លងកាត់​នៅឡើយ​ទេ​។​ប៉ូលិស​បាន​និយាយថា ខ្លួន​បាន​រកឃើញ​រូង​ទាំងពីរ​មិន​យូរ​ប៉ុន្មាន​ទេ​ក្រោយ​​ការជីក​រូង​នេះ​ត្រូវបាន​បញ្ចប់ និង​បាន​ចាក់ដី​លុប​រូង​ទាំង​ពីរ​ឡើង​វិញ​។​

​កាលពី​ឆ្នាំ​២០១៥ ចំ​ពេល​វិបត្តិ​អន្តោប្រវេសន៍​កើនឡើង​ខ្ពស់បំផុត ហុងគ្រី បាន​សង់​របងលួស​បន្លា​និងដាក់​ទាហាន​យាម​នៅ​តាម​ព្រំដែន​ខាងត្បូង​របស់ខ្លួន ដើម្បី​រារាំង ឬ​បញ្ចៀស​​ការហូរ​ចូល​មនុស្ស ភាគច្រើន​មក​ពី​តំបន់​មជ្ឈិមបូព៌ា​និង​អាស៊ី ដែល​ធ្វើអោយ​ហុងគ្រី​ក្លាយជា​ច្រក​របស់​ជនអន្តោប្រវេស​ន៍​ឆ្ពោះទៅ​កាន់​អឺរ៉ុប​ខាងលិច​៕​ដោយ​៖​វាសនា​

រូប​បង្ហាញ​ដោយ​ប៉ូលិស​ហុងគ្រី បង្ហាញ​មាត់​រូង​និង​ផ្នែក​ខាងក្នុង​រូង​នៅ​ជិត​ភូមិ​មួយ​នៅ​ហុងគ្រី​ខាងត្បូង​

ទីតាំងផ្សាយពាណិជ្ជកម្ម