ឯកអគ្គរដ្ឋទូត​ចិន​ទៅសួរសុខទុក្ខ​នាយក​ប្រតិបត្តិ Huawei កំពុង​ជាប់ឃុំ​ក្នុងផ្ទះ​នៅ​កាណាដា​

475
ចែករម្លែក

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​កាណាដា​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​វិច្ឆិកា​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​ចា​ស្ទី​ន ទ្រូ​ដូ “​កែ​កំហុស​របស់ខ្លួន​” ក្នុងការ​ឃុំខ្លួន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ា​វ​ចូ​វ កាលពី​ឆ្នាំមុន​តាម​ដីកា​បត្យាប័ន​របស់​សហ​រដ្ឋ​អាម៉េរិក​។​

​ឯកអគ្គរដ្ឋទូត​ចិន កុង ប៉ី​វូ បានចេញ​សេចក្តីថ្លែងការណ៍ បន្ទាប់ពី​បាន​ទៅ​ជួប​លោកស្រី​ម៉េង​នៅឯ​ភូមិគ្រឹះ​របស់លោក​ស្រី​នៅ​ទីក្រុង​វ៉ាន់​ខូ​វើ កន្លែង​ដែល​លោកស្រី​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​ក្នុងផ្ទះ ដោយ​រង់ចាំ​ការធ្វើ​បត្យាប័ន ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែមករា​។​

​លោក​កុង​និយាយថា​លោក​បាន​បញ្ជាក់ប្រាប់​ទៅ​លោកស្រី​ម៉េង​ថា​របប​ក្រុង​ប៉េកាំង​ប្តេជ្ញា​ការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ត្រឹមត្រូវ​និង​ស្របច្បាប់​របស់​ពលរដ្ឋ​និង​សហគ្រាស​របស់ខ្លួន​ហើយនឹង​បន្ត​ជំរុញ​ភាគី​កាណាដា​ឱ្យ​កែ​កំហុស​របស់ខ្លួន​និង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​”​។​

​លោក​បាន​និយាយថា “​យើង​រំពឹងថា (​លោកស្រី​ម៉េង​) នឹង​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ដោយ​សុខ​សុវត្ថិភាព​ឆាប់ៗ​ខាងមុខ​”​។​

​ការចាប់ខ្លួន​លោកស្រី​ម៉េង​កាលពី​ខែធ្នូ​ឆ្នាំមុន អំឡុង​ការឃាត់ខ្លួន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​វ៉ាន់​ខូ​វើ បាន​បង្កឱ្យមាន​ជម្លោះ​ការទូត​រវាង​កាណាដា​និង​ចិន​។​

​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ ចិន​បាន​ឃុំខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​ដែល​ម្នាក់​ជា​អតីត​អ្នកការទូត​ឈ្មោះ ម៉ៃ​ឃើ​ល កូវ​រីក និង​ម្នាក់ទៀត​ជា​អ្នកជំនួញ​ឈ្មោះ ម៉ៃ​ឃើ​ល ស្ព៉ា​វ៉ូ ទំនង​ជាការ​សងសឹក ហើយ​ក្រោយមក​បាន​រារាំង​ការនាំចេញ​សាច់គោ​និង​ប្រេងឆា​ខា​ណូ​ឡា​រប​ស់កា​ណា​តាត​ម្លៃ​រាប់ពាន់​លាន​ដុល្លារ មុនពេល​ស្ដារ​ការនាំ​ចូល​សាច់គោ​និង​សាច់ជ្រូក​របស់​ប្រទេស​នេះ​ឡើងវិញ​នៅ​ដើមខែ​នេះ​។​

​ទន្ទឹមនឹង​នេះដែរ កាណាដា​បានទទួល​ការគាំទ្រ​ពី​សម្ព័ន្ធមិត្ត​ដូចជា​អង់គ្លេស​បារាំង​អាល្លឺម៉ង់​សហរដ្ឋ​អាម៉េរិក​និង​អង្គការ​ណា​តូ​ដើម្បី​ជំរុញឱ្យមាន​ការដោះលែង​ពលរដ្ឋ​ទាំងពីរ​របស់ខ្លួន​។​

​នៅពេល​លោក​បាន​ជួប​សម​ភាគី​ចិន​លោក​វ៉ាង យី​នៅក្នុង​កិច្ចប្រជុំ G20 នៅ​ប្រទេស​ជប៉ុន​កាលពី​ចុង​សប្តាហ៍​មុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថ្មី​របស់​កាណាដា​លោក​ហ្វ្រ​ង់​ស័​រ ហ្វី​លី​ព សាំ​ប៉ា​ញ បាន​ហៅ​ការដោះលែង​ពួកគេ​ជា “​អាទិភាព​ដាច់ខាត​”​។​

​ប៉ុន្តែ​លោក​កុង ដែល​ត្រូវបាន​បញ្ជូនទៅ​បំពេញ​កាតព្វកិច្ច​ការទូត​នៅ​ទីក្រុង​អូ​តា​វ៉ា​កាលពី​ខែកញ្ញា បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាណាដា​ថា ការដោះលែង​លោកស្រី​ម៉េង​គឺជា “​បុ​រេ​លក្ខខណ្ឌ​” សម្រាប់​ទំនាក់ទំនង​ល្អប្រសើរ​ឡើងវិញ​៕ ដោយ៖ កញ្ញាដាលីស

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ា​វ​ចូ​វ

ទីតាំងផ្សាយពាណិជ្ជកម្ម