​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ផ្តល់​អនុសាសន៍​៦​ចំណុច​ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​១​ធ្នូ​

361
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១​ខែធ្នូ​២០១៩​ជា​ថ្ងៃ​ដ៏​សំខាន់​មួយ​គឺ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​។​ប្រធានបទ​ឆ្នាំនេះ​គឺ​«​ទាំងអស់គ្នា​ចូលរួម​ជា​ចរន្ត​ជាតិ​មួយ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​និង​ជំងឺអេដស៍​»​។​ក្នុងឱកាស​នេះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិការ​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្លើយតប​មេរោគ​អេដស៍​និង​ជំងឺអេដស៍​នៅ​កម្ពុជា​បានចេញ​នូវ​សារលិខិត​ដើម្បី​ចូលរួម​ក្នុងឱកាស​ទិវា​ពិភពលោក ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ឆ្នាំ​២០១៩ នេះ​។​

​សារលិខិត​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​បាន​លើកឡើងថា​«​ក្នុងនាម​កាកបាទក្រហម​កម្ពុជា​ក្នុងនាម​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់ ខ្ញុំ​មាន​ក្តី​សោមនស្ស​រីករាយ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​សកម្មជន​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​អង្គការ​សង្គម​ស៊ីវិល​ដៃគូ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ​។​ក្នុងនោះ​ព្រមទាំង​ប្រជាជន​កម្ពុជា​និង​ប្រជាជន​នៅលើ​សកលលោក​ទាំងមូល​ក្នុងការ​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​១​ធ្នូ​ឆ្នាំ​២០១៩​ដែល​កម្ពុជា​បានកំណត់​ប្រធានបទ​៖​ទាំងអស់គ្នា​ចូលរួម​ជា​ចរន្ត​ជាតិ​មួយ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍ និង ជំងឺអេដស៍​»​។​

​ប្រធានបទ​ដែល​បានកំណត់​ឡើង​នេះ​មាន​គោលបំណង​គូសបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ​មោះមុត​ឈានទៅ​សម្រេចបាន​គោលដៅ បញ្ចប់​បញ្ហា​អេដស៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឆ្នាំ ២០២៥​។​ក្នុង​រយៈកាល​២៨​ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​រួមជាមួយ​ដៃគូ​សហប្រតិបត្តិការ​ជាតិ​-​អន្តរជាតិ​អង្គការ​សង្គម​ស៊ីវិល​វិស័យ​ឯកជន​ផ្នែក​សាសនា​និង​កាកបាទក្រហមកម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ ។​រហូត​សម្រេចបាន​នូវ​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​ជំងឺអេដស៍​ធ្វើឱ្យ​អត្រា​ផ្ទុកមេរោគ​អេដស៍​ក្នុងចំណោម​ប្រជាជន​ទូទៅ​ចាប់ពី​អាយុ​១៥​ទៅ​៤៩​ឆ្នាំ​បាន​ធ្លាក់ចុះ​ពី​១.៦​ភាគរយ​នៅ​ឆ្នាំ​១៩៩៨​ធ្លាក់​ចុះមក​នៅ​១​ភាគរយ​នៅ​ឆ្នាំ​២០០៦​និង​ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់មក​នៅ​០.៨​ភាគរយ​នៅ​ឆ្នាំ​២០១០ និង ០.៥​ភាគរយ​នៅ​ឆ្នាំ​២០១៩​នេះ​។​

​សារលិខិត​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ថ្លែង​បញ្ជាក់ថា ជាមួយគ្នានេះ របាយការណ៍​សង្ខេបរ​បស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឆ្នាំ​២០១៩ នេះ បានបង្ហាញ​ឱ្យដឹងថា កម្ពុជា​អាច​កាត់បន្ថយ​ការចម្លង​មេរោគ​អេដស៍​ថ្មី​បាន​ពី​២,៣០០​នាក់​ក្នុង​ឆ្នាំ​២០១០​មក​នៅត្រឹម​ចំនួន​ប្រមាណ​៨៨០​នាក់ ក្នុង​ឆ្នាំ​២០១៩​។ ចំណែកឯ​ការផ្តល់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​វិញ អាច​សម្រេចបាន ៩៩​ភាគរយ​ក្នុងចំណោម​អ្នក​ផ្ទុកមេរោគ​អេដស៍​ដែល​កំពុង​ត្រូវការ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​សេវា​ថែទាំ​ព្យាបាល​ហើយ​ដែលជា​លទ្ធផល​បានធ្វើឱ្យ​អត្រា​មរណភាព​ដោយសារ​ជំងឺអេដស៍​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ​។​លើសពីនេះទៅទៀត​អត្រា​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ក្នុងចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​បាន​កើនឡើង​ខ្ពស់​អត្រា​ចម្លង​ពី​ម្តាយ​ដែលមាន​ផ្ទុកមេរោគ​អេដស៍​ទៅ​កូន​និង​ស​ន្ទ​ស្សន៍​នៃ​ការរើសអើង មើលងាយ​អ្នក​ផ្ទុកមេរោគ​អេដស៍ អ្នកជំងឺ​អេដស៍ មានការ​ថយចុះ​ខ្លាំង​គួរ​ជាទី​មោទនៈ​។​

​ថ្វី​ត្បិត​កម្ពុជា​សម្រេចបាន​នូវ​សមិទ្ធផល​ធំធេង​និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​ស្ថានភាព​ជោគជ័យ​របស់​យើង​នៅ​ផុយស្រួយ​នៅឡើយ​ព្រោះថា​យើង​អាច​ភ្លេច​អេដស៍​តែ​អេដស៍​ពុំ​ភ្លេច​យើង​ឡើយ​។​បើ​យើង​ធ្វេសប្រហែស​តែ​បន្តិច​ដោយ​ប្រការ​ណាមួយ​នោះ​ការរីក​រាលដាល​មេរោគ​អេដស៍ នឹង​អាច​ផ្ទុះ​ឡើងវិញ​ជាមិនខាន​ឡើយ​ជាពិសេស​យើង​នៅមាន​ការព្រួយបារម្ភ​នៅក្នុង​ចំណោម ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស​ក្រុម​បំប្លែង​ភេទ​ក្រុម​អ្នកប្រើប្រាស់​និង​ចាក់​គ្រឿងញៀន​ក្រុម​ស្រី្ត​បម្រើ​ការងារ​ក្នុង​គ្រឹះស្ថាន​កម្សាន្ត​សប្បាយ​មនុស្សពេញវ័យ ក្រុម​យុវវ័យ ក្រុម​ប្រជាជន​ចំណាកស្រុក​ជាដើម​។​

​អាស្រ័យហេតុនេះ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ដែល​កំពុង​ស្ថិតនៅ​លើផ្លូវ​ត្រូវ​ក្នុង​ការកសាង​សង្គម​មួយ​ដែល​គ្មាន​បញ្ហា​អេដស៍​នៅ​ឆ្នាំ​២០២៥​គឺ​៩៥​ភាគរយ​នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍​បានដឹង​ពី​ស្ថានភាព​ផ្ទុកមេរោគ​អេដស៍​របស់ខ្លួន​៩៥​ភាគរយ​នៃ​អ្នក​ដែល​ដឹង​ពី​ស្ថានភាព​ផ្ទុកមេរោគ​អេដស៍​។​អ្នកជំងឺ​បានទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​និង​៩៥​ភាគរយ​នៃ​អ្នក​ដែល​បានទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​កាត់បន្ថយ​ចំនួន​មេរោគ​អេដស៍​នៅក្នុង​ខ្លួន ព្រមទាំង​បំបាត់​បាន​ទាំងស្រុង​នូវ​ការ​ស្អប់ខ្ពើម រើសអើង និង​មាក់ងាយ​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជំងឺអេដស៍​។​
​ជាមួយគ្នា​នោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​ថ្លែង​អំពាវនាវ ដល់​ពលរដ្ឋ​កម្ពុជា គ្រប់​វ័យ​រួមទាំង​យុវជន​និង​បងប្អូន​រួម​ជាតិ​«​រួម​កម្លាំង​គ្នា​ចូលរួម​ជា​ចរន្ត​ជាតិ​មួយ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​និង​ជំងឺអេដស៍​»​។​ជាពិសេស​អំពាវនាវ​ដ​ល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍន៍​ជាតិ​-​អន្តរជាតិ​អង្គការ​សង្គម​ស៊ីវិល​វិស័យ​ឯកជន​ផ្នែក​សាសនា​បន្ត​ចូលរួម​គាំទ្រ​និង​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ទូលំទូលាយ​និង​ពហុ​វិស័យ​ឆ្លើយតប​មេរោគ​អេដស៍​ជំងឺអេដស៍​លើក​ទី​៥​ឆ្នាំ​២០១៩=២០២៣​ដែលជា​ផែនទី​ចង្អុល​ផ្លូវ​តែមួយគត់​សម្រាប់​ការងារ​ប្រយុទ្ធ​ទប់ស្កាត់​ការ​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់​អនុសាសន៍​៦​ចំណុច​ដូចតទៅ​៖១៖ សូម​សាខា​កាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹង ពង្រីក សកម្មភាព​ផ្សព្វផ្សាយ អប់រំ លើកកម្ពស់​ការយល់ដឹង​ពី​បញ្ហា​អេដស៍​ឱ្យបាន​ដល់​សហគមន៍​ជនបទនិង​ត្រូវ​ផ្តល់​ការជួយឧបត្ថម្ភ​គាំពារ​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​អ្នកជំងឺ​អេដស៍​។​២៖​ចំពោះ​អ្នក​ដែល​សង្ស័យថា​ខ្លួន​បាន​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ សូម​ប្រញាប់​រួសរាន់​ទៅពិនិត្យ​ឈាម​រក​មេរោគ​អេដស៍ និង​ទៅ​ទទួល​សេវា​ថែទាំ ពី​មណ្ឌល​សុខភាព​ឱ្យបាន​ទៀងទាត់​ព្រមទាំង​ជៀសវាង​ដាច់ខាត​កុំ​ចម្លង​ទៅ​អ្នកដទៃ​និង​ចូលរួម​សហការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​។​

៣៖ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់​និង​ជាពិសេស​ឆាប់​ធ្វើតេស្ត​ឈាម ដើម្បី​ទទួល​សេវា​ការពារ​ការចម្លង​មេរោគ​អេដស៍​ទៅ​ទារក និង​ជម្រុញ​លើកទឹកចិត្ត​ដៃគូ​មក​ពិនិត្យ និង​ទទួល​សេវា​ព្យាបាល​ទាំងអស់គ្នា​។​៤៖​សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់​ត្រូវ​បន្ត​ស្វែងយល់​ពី​ការបង្ការ​មេរោគ​អេដស៍ និង​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​មេរោគ​អេដស៍​នេះ​ជាដាច់ខាត ជាពិសេស​ក្មួយៗ​ជា​យុវជន យុវនារី ត្រូវ​ប្រុងប្រយ័ត្ន និង​ចងចាំ​ថា​ការការពារ​គឺ​ចាប់ផ្តើម​ពី​ខ្លួន​អ្នក​ផ្ទាល់​។​

៥៖​មិនត្រូវ​មាក់ងាយ​និង​រើសអើង​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​អ្នក​ជំងឺអេដស៍​ជាដាច់ខាត​ហើយ​ត្រូវបង្កើត​បរិយាកាស​គាំទ្រ​ដល់​ក្រុម​ប្រឈម​ខ្ពស់​នៅ​គ្រប់​ទីកន្លែង​ដើម្បី​ទទួលបាន​សេវា​សុខភាព​សេវា​គាំពារ​សង្គម​និង​ការការពារ​ផ្លូវច្បាប់​។​៦៖​សូមអ្នក​ផ្ទុកមេរោគ​អេដស៍​កុំ​មានការ​ខ្មាសអៀន​និង​រើសអើង​ខ្លួនឯង​ហើយ​ត្រូវ​ប្រញាប់​រួសរាន់​ទៅ​ទទួល​ការប្រឹក្សា​និង​ការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​។​
​តាមរយៈ​សារលិខិត​មួយ​នេះ សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ជនរួមជាតិ​ទាំងអស់ ពិតជា​យល់ច្បាស់ និង​បន្ត​ផ្សព្វផ្សាយ​ទៅកាន់​សមាជិកគ្រួសារ បងប្អូន មិត្តភក្តិ និង​សហគមន៍​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ថែមទៀត​៕S/

​ចំណងជើង​រូបថត​៖​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​វេទិការ​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ឆ្លើយតប​មេរោគ​អេដស៍​និង​ជំងឺអេដស៍​នៅ​កម្ពុជា បានចេញ​នូវ​សារលិខិត​ដើម្បី​ចូលរួម​ក្នុងឱកាស​ទិវា​ពិភពលោក ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ១​ធ្នូ ឆ្នាំ​២០១៩

ទីតាំងផ្សាយពាណិជ្ជកម្ម