​បង្ក្រាប​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៧​កន្លែង​នៅ​ខេត្តកណ្តាល​-​តាកែវ​

715
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ខេត្តកណ្តាល​និង​ខេត្តតាកែវ​បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​លួចលាក់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៧​កន្លែង​។​ក្នុងនោះ​ខេត្តតាកែវ​មាន​ចំនួន​៤​កន្លែង​,​ខេត្តកណ្តាល​មាន​ចំនួន​៣​កន្លែង​រួមទាំង​ដកហូត​វត្ថុតាង​មួយចំនួន​។​ប្រតិបត្តិ​ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​២៨-២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​ទីតាំង​លួចលាក់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៣​កន្លែង ស្ថិតនៅ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ត្រូវ​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ​លី សុជាតិ ស្នងការរង​នគរបាល សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​ចុះបង្ក្រាប​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដោយ​រឹបអូស​ស្ករត្នោត​ក្លែងក្លាយ​ប្រមាណ​ជាង ២​តោន រួមទាំង​សម្ភារ​មួយចំនួន​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ម្ចាស់​ទីតាំង​លួចលាក់​ផលិត​កែច្នៃ​ស្ករត្នោត​ក្លែងក្លាយ​ទាំង​៣​កន្លែង​ត្រូវបាន​សមត្ថកិច្ច​ហៅ​មក​ណែនាំ​និង​អប់រំ​ធ្វើ​កិច្ចសន្យា​លែង​ប្រព្រឹត្ត​តទៅទៀត​។​ចំពោះ​វត្ថុតាង​ដែល​ដកហូត​មានដូចជា​ម៉ូ​ទ័​រ​កូរ​ស្ករ​,​ឆ្នាំងខ្ទះ​,​ស្ករស​,​និង​ស្ករត្នោត​ក្លែងក្លាយ​កែច្នៃ​រួច​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិដ្ឋាន​នគរបាល​ស្រុក​អង្គរ​ស្នួល ដើម្បី​បន្ត​នីតិវិធី​។​

​ម្ចាស់​ទីតាំង​លួច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​មានដូចជាៈ​១.​ឈ្មោះ​ជុន​មុំ​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​នៅ​ភូមិ​រំលេច ឃុំ​ទួល​ព្រិច ស្រុក​អង្គរ​ស្នួល ខេត្តកណ្តាល​។ ទី​២. ឈ្មោះ ជឹម​ជុន​អាយុ​៣៥​ឆ្នាំមាន​ទី​នៅ​ភូមិ​ម៉ឺន​រៀម ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​ទី​៣. ឈ្មោះ យ៉ិ​ន រ៉ុ​ន ភេទ​ស្រី​អាយុ​៥៦​ឆ្នាំមាន​ទីលំនៅ ភូមិ​ច្រក​ក​ហរ​សាំង ឃុំ​ទួល​ព្រេច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

​វត្ថុតាង​ដកហូត​រួមមានៈ ម៉ូ​ទ័​រ​កូរ​ស្ករ​ចំនួន ៥​គ្រឿង ខ្ទះ​រំងាស់​ស្ករ​ចំនួន​៦ ស្ករស​ចំនួន ៤៥​បាវ ស្មើនឹង ២.២៥០​គីឡូ​ស្ករត្នោត​ក្លែងក្លាយ​ផលិត​រួច​ចំនួន​៧៤​ធុង​ស្មើនឹង​២.២៥០​គីឡូក្រាម​។​ចំណែក​ទីតាំង​លួចលាក់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ចំនួន​៤​កន្លែង​ធំៗ​ដែល​ស្ថិតនៅ​ខេត្ដ​តាកែវ​ត្រូវបាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​និង​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ចុះបង្ក្រាប​ដោយ​រឹបអូស​បាន​វត្ថុតាង​ជាច្រើន​កាលពី​រសៀល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ធ្វើឡើង​នៅក្នុង​ភូមិ​ព្រៃខ្លា ឃុំ​កុមា​រាជា ស្រុក​បាទី​។

​វត្ថុតាង​ដកហូត​មានដូចជា ម៉ូ​ទ័​រ​១១​គ្រឿង ធុង​ដាក់​ស្ករត្នោត​ក្លែងក្លាយ​ចំនួន ១០៩​ធុង ខ្ទះ​កូរ ចំនួន​២០ ជញ្ជីង​២​ធុង​ដែក​២​ស្ករស​១៣៧​បាវ​រថយន្ត​ម៉ាក​ស៊ាំ​យ៉ុង​សម្រាប់​ដឹក​ជ​ញ្ជួ​ន​២​គ្រឿង​និង​រថយន្ត​កូរ៉េ​ចំណុះ​១​តោន​១​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​រឹបអូស​។​ស្ករត្នោត​ក្លែងក្លាយ​ទាំង​១០៩​ធុង​ត្រូវបាន​អាជ្ញា​ធរមាន​សមត្ថកិច្ច យកទៅ​ដុត​បំផ្លាញចោល​ភ្លាមៗ​។​

​អភិបាលស្រុក​បាទី​លោក​ភួ​ន​ឈី​ម​បានឱ្យដឹងថា​ឈ្មួញ​ទុច្ចរិត​បាន​ប្រើ​ស្ករ​សលាយ​ជាមួយនឹង​វត្ថុ​ធាតុ​នានា រួម ទាំង​ទឹក​និង​ប្រេងឆា​ផង យកមក​លាយ​ជាមួយគ្នា​បង្កើតជា​ស្ករត្នោត​កែច្នៃ​ទាំងនេះ​។
​អភិបាលស្រុក​បាទី​បានធ្វើ​ការណែនាំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​លួចលាក់​ផលិត​ស្ក​ត្នោត​ក្លែងក្លាយ​ទាំងអស់​ត្រូវ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​តទៅទៀត​។​ដោយ​ងាក​ទៅ​ប្រកបមុខរប​ផ្សេង​ដែល​ត្រឹមត្រូវ​ទៅតាម​ច្បាប់​បើសិនជា​អាជ្ញាធរ​ចាប់ខ្លួនបាន​ពីបទ​លួចលាក់​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទៀត​នោះ​និង​ត្រូវ​បញ្ចូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕S/

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ