«​ផេះផង់​ធូលី​» រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​

​ជ័យ ផុនៈ គ្រូបង្រៀន​

760
ចែករម្លែក

រូបថត និង អត្ថបទ ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ឪពុក​របស់ខ្ញុំ​បាន​ស្លាប់​ដោយ​ជរាពាធ​មុនពេល​ដែល​របប​លន់ នល់ គ្រប់គ្រង​ប្រទេស​កម្ពុជា ដូច្នេះ​ម្តាយ​ខ្ញុំ​ក៏បាន​ប្រកប​របរ​លក់​កន្ទេល​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​របស់​យើង​។ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​នោះទេ ដូច្នេះហើយ​បងប្អូន​ប្រុស​របស់ខ្ញុំ​ពីរ​នាក់ បាន​ទៅ​រស់នៅ​វត្ត​ដោយ​បួស​ជា​ភិក្ខុសង្ឃ​។ នៅពេលដែល​ខ្ញុំ​មាន​អាយុ​៥​ឆ្នាំ ខ្ញុំ​បាន​ទៅ​រស់នៅ​ជាមួយ​ពួកគាត់​នៅ​វត្ត​ទៀត​។​ ​

​ខ្ញុំ​គឺជា​សិស្ស​ពូកែ​ម្នាក់ ដែល​តែងតែ​ជាប់​ចំណាត់ថ្នាក់​លេខ​១ ឬ​លេខ​២ នៅក្នុង​ថ្នាក់រៀន​។ បន្ទាប់ពី​ខ្ញុំ​បញ្ចប់​ការសិក្សា​នៅ​ខេត្តកណ្តាល ខ្ញុំ​បានមក​បន្ត​ការសិក្សា​រៀនសូត្រ​នៅ​សាលា​គរុកោសល្យ​នៅ​ទីក្រុង​ភ្នំពេញ​។ កេង វ៉ាន់​សាក់ គឺជា​នាយក​ហើយ សុន សេន (​ក្រោយមក​គាត់​គឺជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ខ្មែរក្រហម​) គឺជា​នាយក​ផ្នែក​កម្មវិធី​អប់រំ​នៅ​សាលា​។ សុន សេន គឺជា​កូនកាត់​ចិន​-​កម្ពុជា​។ គាត់​សង្ហារ និង​រួសរាយ​ខ្លាំងណាស់​។ បន្ទាប់ពី​ខ្ញុំ​បានបញ្ចប់​ការសិក្សា​ខ្ញុំ​បាន​ធ្វើជា​នាយក​សាលា​នៅ​ខេត្តកំពង់ចាម​។​ដោយសារតែ​សាលា​ខ្វះ​គ្រូបង្រៀន ខ្ញុំ​បាន​បង្រៀន​សិស្ស​ជាច្រើន​ថ្នាក់​។​

​នៅ​ឆ្នាំ​១៩៦២ ខ្ញុំ​បាន​រៀបការ​ជាមួយ​បងប្អូន​ស្រី​ជីដូនមួយ​របស់ខ្ញុំ​ឈ្មោះ ប៉ុល យ៉ែម​។ ចាប់តាំងពី​ឆ្នាំ​១៩៦៧​ដល់​ឆ្នាំ​១៩៧២ ខ្ញុំ​បាន​បង្រៀន​នៅ​សាលាបឋមសិក្សា​មួយកន្លែង​។ នាយក​សាលា​របស់ខ្ញុំ​បាន​ឃោសនា​ឲ្យ​ខ្មែរក្រហម ប៉ុន្តែ​ខ្ញុំ​មិន​ចូលរួម​ក្នុងការ​ឃោសនា​នោះទេ​។​

​នៅពេលដែល​គ្រាប់បែក​ចាប់ផ្តើម​ទម្លាក់ ប្រពន្ធ​របស់ខ្ញុំ​ហើយនឹង​ខ្ញុំ​បានសម្រេច​ចិត្ត​ផ្លាស់​ទីលំនៅ​ដោយ​យើង​បាន​ធ្វើជា​សន្តិសុខ​នៅឯ​ការិយាល័យ​ស្រុក​ក្បែរ​ទីក្រុង​ភ្នំពេញ​។ នៅពេលដែល​ស្ថានភាព​មិនបាន​ប្រសើរឡើង​នៅ​ឆ្នាំ​១៩៧៤ យើង​បាន​ផ្លាស់​ទៅ​ជាយក្រុង​ភ្នំពេញ ហើយ​ត្រឡប់​ទៅ​បង្រៀន​វិញ​។​

​នៅ​ឆ្នាំ​១៩៧៥ នៅពេលដែល​របប លន់ នល់ ដួលរលំ​យើង​ត្រូវបាន​ជម្លៀស​ទៅ​ភូមិកំណើត​របស់ខ្ញុំ​ស្ថិតនៅក្នុង​ខេត្តកណ្តាល​។ គ្រប់គ្នា​នៅ​ទីនោះ​ដឹងថា​ខ្ញុំ​ធ្លាប់​ធ្វើជា​គ្រូបង្រៀន​។ នៅពេលដែល​ប្រធាន​សហករណ៍​សួរ​ខ្ញុំ​អំពី​វិជ្ជាជីវៈ​របស់ខ្ញុំ ខ្ញុំ​បាន​ឆ្លើយ​ដោយស្មោះ​ត្រង់ ប៉ុន្តែ​មិនបាន​និយាយថា​ខ្ញុំ​គឺជា​សន្តិសុខ​នោះទេ​។ ប្រសិនបើ​ខ្មែរក្រហម​ដឹងថា ខ្ញុំ​ប្រើ​កាំភ្លើង ខ្ញុំ​នឹងត្រូវ​សម្លាប់​ជាមិនខាន​។​ខ្ញុំ​ក៏បាន​ប្រាប់ថា ខ្ញុំ​ចេះ​ស្ទូចត្រី​ដូច្នេះ​ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​នៅក្នុង​អង្គភាព​នេសាទ​ដែលមាន​មនុស្ស​ប្រុស​បីនាក់​។

​យើង​បានរស់នៅ​ជាមួយ​ប្រជាជន​មូលដ្ឋាន ប៉ុន្តែ​ប្រជាជន​មូលដ្ឋាន​មិន​ពេញចិត្ត​នឹង​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​គឺជា​ប្រជាជន​១៧​មេសា​។ ទោះជា​យ៉ាងណាក៏ដោយ ក៏​ខ្ញុំ​ដឹង​ពី​របៀប​ធ្វើ​ការងារ​ជាច្រើន​ប្រភេទ រួមមាន ស្ទូងស្រូវ នេសាទ ដេរ​សំណាញ់ ចាក់​ថ្នាំ និង ចេះ​កូតទ្រ ( ឧបករណ៍​តន្ត្រី​ប្រពៃណី​ជា​ខ្សែ​។ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​ធ្វើការ​របស់ខ្ញុំ​ទើប​ប្រជាជន​នៅ​មូលដ្ឋាន​ចាប់ផ្តើម​ចូលចិត្ត​ខ្ញុំ​។

​ជា​រៀងរាល់​យប់​ប្រធាន​សហករណ៍​បាន​ហៅ​ខ្ញុំ​ទៅ​កូតទ្រ ជាមួយ​សមាជិក​ផ្សេងទៀត​នៅក្នុង​ក្រុម​តន្ត្រី​។ ជាធម្មតា​យើង​លេង​បទ «​អតីតយុទ្ធជន និង​យុទ្ធ​នារី កសាង​ផ្លូវដែក​»​។ ខ្មែរក្រហម​បាន​ចាក់​បទ​ចម្រៀង​នេះ​ជាប្រចាំ​តាម​ឧបករណ៍​បំពង​សំឡេង ក្នុងអំឡុងពេល​ហូប​អាហារ​រួមគ្នា​នៅពេល​ល្ងាច ដូច្នេះ​ខ្ញុំ​បាន​រៀន​លេង​បទ​នេះ តាមរយៈ​ទ្រ​របស់ខ្ញុំ​។ ជា​រៀងរាល់​ពេលដែល​ខ្ញុំ​លេង​បទ​នេះ យោធា​បាន​ឲ្យ​បារី​មក​ខ្ញុំ​ជក់​។
​ប្រពន្ធ​របស់ខ្ញុំ​ត្រូវបាន​អង្គការ​ចាត់តាំង​ឲ្យ​ទៅធ្វើ​ស្រែ​នៅក្នុង​សហករណ៍​។ ការងារ​របស់គាត់​គឺ​ពិបាក​ខ្លាំងណាស់ ហើយ​គាត់​មិន​ដែលមាន​អាហារ​ហូប​គ្រប់គ្រាន់​នោះទេ​។ ជួនកាល​ខ្ញុំ​យក​ត្រី​ដែល​ខ្ញុំ​ចាប់បាន ហើយ​ឆ្អើរ​ទៅ​ឲ្យ​គាត់​។ ខ្ញុំ​មិនអាច​ហូប​ត្រី​ទាំងនោះ​តែម្នាក់ឯង​បានទេ ហើយ​ប្រសិនបើ​អង្គការ​រកឃើញថា​ខ្ញុំ​លួចលាក់​ត្រី​ខ្ញុំ​នឹង​ត្រូវបាន​អង្គការ​សម្លាប់​ជាមិនខាន​។​

​នៅ​ថ្ងៃមួយ​ពេលដែល​ខ្ញុំ​កំពុង​នេសាទ ស្រាប់តែ​ខ្ញុំ​បានឮ​សំឡេង​ស្រែក​រួច​ហើយក៏​ធ្លាក់ចូល​ទៅក្នុង​ទឹក​។ លុន ដែលជា​អ្នកនេសាទ​ជាមួយ​ខ្ញុំ​បាន​និយាយថា មានពេលខ្លះ​គាត់​បានឃើញ​សាកសព​អណ្តែត​នៅលើ​ទឹក​។ គាត់​បាន​ព្យាយាម​យក​សំណាញ់​របស់គាត់​ទាញ​ឡើង ប៉ុន្តែ​វា​មាន​សភាព​ធ្ងន់​ខ្លាំងណាស់​ធ្វើ​ឲ្យ​គាត់​មិនអាច​លើកឡើង​បានឡើយ ហើយ​បានឃើញ​សាកសព​អណ្តែត​ជាច្រើន​ទៀត​។ សាកសព​ត្រូវបាន​ចង​ដោយ​ខ្សែពួរ​ធ្វើ​ពី​ធាងត្នោត​។ សេនាជន​បាន​នាំយក​ប្រជាជន​ទៅ​ឆ្ងាយ​ពី​ភូមិ​ដើម្បី​សម្លាប់​ជា​រៀងរាល់​យប់​។ ខ្ញុំ​មិនដែល​បាន​សម្រាន្ត​លក់​ស្កប់ស្កល់​នោះទេ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច​ហើយក៏​មិនដឹងថា​វេន​បន្ទាប់​គឺជា​វេន​របស់​អ្នកណា​ដែរ​។ អង្គការ​ចង់យក​ខ្ញុំ​ទៅ​អប់រំ ប៉ុន្តែ​ជា​សំណាងល្អ​ប្រជាជន​ក្នុងភូមិ​បាន​អង្វរ​ដល់​កម្មាភិបាល កុំ​ឲ្យ​យក​ខ្ញុំ​ទៅ​ព្រោះ​ខ្ញុំ​មិនដែល​ឈ្លោះ​ជាមួយ​អ្នកណា​ទេ​។​

​នៅ​ឆ្នាំ​១៩៧៩ នៅពេលដែល​វៀតណាម​ចូល​មកដល់​ប្រទេស​កម្ពុជា កម្មាភិបាល​ខ្មែរក្រហម​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ជួយ​ចម្លង​ពួកគេ​ឆ្លងទន្លេ ដោយ​ប្រើ​ទូក​នេសាទ​របស់ខ្ញុំ​៖ ពួកគេ​កំពុង​រត់​។ ខ្ញុំ​មិនមាន​ភាពក្លាហាន​គ្រប់គ្រាន់​ក្នុងការ​បដិសេធ​ជាមួយ​ខ្មែរក្រហម​នោះទេ ព្រោះ​ខ្មែរក្រហម​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​។ ទោះជា​យ៉ាងនេះ​ក្តី ខ្ញុំ​បាន​យក​ពូថៅ​មកជា​មួយ ប៉ុន្តែ​គ្មាន​នរណាម្នាក់​ក្នុងចំណោម​ខ្មែរក្រហម​ទាំងនោះ​ព្យាយាម​ធ្វើបាប​ខ្ញុំ​ទេ​។​
​នៅ​អំឡុងពេល​របប​ខ្មែរក្រហម ខ្ញុំ​បាន​លាក់​រូបថត​ទាំងនេះ​នៅក្នុង​បាវស្រូវ​។ កម្មាភិបាល​បាន​ឆែកឆេរ​របស់របរ​រ​បស់​យើង​ទាំងអស់ ប៉ុន្តែ​មិនបាន​រកឃើញ​នោះទេ​។ រូបថត​នេះ គឺជា​ប្រពន្ធ​របស់ខ្ញុំ​ដែល​បាន​ថត​នៅពេលដែល​គាត់​គឺជា​សិស្ស​។ គាត់​បាន​រួច​ផុតពី​របប​នេះ ហើយ​បាន​ស្លាប់​ដោយ​រោគាពាធ​បន្ទាប់ពី​ឆ្នាំ​១៩៧៩​។ គាត់​មាន​អាយុ​៥០​ឆ្នាំ​។ យើង​មានកូន​៨​នាក់ បច្ចុប្បន្ន​នៅសល់​ត្រឹមតែ​៥​នាក់​ប៉ុណ្ណោះ​។ កូនស្រី​របស់ខ្ញុំ​ម្នាក់​បាន​ស្លាប់​ដោយ​អណ្តាតភ្លើង នៅពេលដែល​ចង្កៀងប្រេងកាត​ប្រពន្ធ​របស់ខ្ញុំ​បាន​កំពប់​និង​ឆាបឆេះ​។​

​បងប្អូន​របស់ខ្ញុំ និង​ខ្ញុំ​បាន​ថតរូប​នេះ សម្រាប់​ជា​អនុស្សាវរីយ៍​។ អ្នក​នៅ​ខាងឆ្វេង​ដៃ​គឺ​បង ជ័យ ផន គាត់​ធ្លាប់​ធ្វើជា​ទាហាន​ហើយ​ក្រោយមក​គាត់​បាន​ធ្វើជា​បុគ្គលិក​ពេទ្យ​នៅឯ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​។ គាត់​ត្រូវបាន​ជម្លៀស​ទៅ​ខេត្តបាត់ដំបង គឺជា​ទីកន្លែង​ដែល​គាត់ និង​គ្រួសារ​របស់គាត់​បាន​ស្លាប់​ដោយសារ​អត់ឃ្លាន​។ អ្នក​នៅ​បន្ទាប់​គឺ ជ័យ ស្បោង គាត់​គឺជា​ព្រះសង្ឃ​នៅ​វត្ត​សុ​វ​តី ដែល​បាន​ស្លាប់​បន្ទាប់ពី​របប​ខ្មែរក្រហម​។ ជ័យ ផាន់ បាន​បួស​ជា​ព្រះសង្ឃ​នៅពេលដែល​គាត់​មាន​អាយុ​១២ ឬ​១៣​ឆ្នាំ​។ គាត់​បាន​បាត់​ខ្លួន​នៅ​ឆ្នាំ​១៩៧៥ នៅពេលដែល​គាត់​ត្រូវបាន​ជម្លៀស​ទៅ​ខេត្តបាត់ដំបង​។ បង​ប្អូនស្រី​របស់ខ្ញុំ​ឈ្មោះ ជ័យ ស៊ី​ផាន់ ក៏បាន​ស្លាប់​ដែរ​៕ ល​