ចោរ​ព្រួត​វាយ​កាប់​ប្លន់​យក​ម៉ូតូ​ទាំង​បែក​កង់​ទៅ​បាត់ ម្ចាស់​របួស​ដេរ​៧​ថ្នេរ​

606
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: សកម្មភាព​បទល្មើស​ប្លន់ ក្នុង​រាជធានី​ភ្នំពេញ មួយ​រយៈពេល​ចុងខែ​វិច្ឆិកា​នេះ ហាក់ដូចជា​កម្រើក​ឡើង ជនសង្ស័យ​ដើរ​ធ្វើ​សកម្មភាព ភ្ជង់ កាប់ វាយ​ប្លន់ ដូច​គ្មាន​ញញើត​នឹង​សមត្ថកិច្ច ហើយ​នៅ​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ​ផងដែរ ម៉ូត​សេ​១២៥ សេរី​២០១៧ មួយគ្រឿង សូម្បីតែ​បែក​កង់​ជិះ​មិនទាន់​កត​ផង ក៏​ត្រូវបាន​ក្រុមចោរប្លន់ ប្រដាប់​ដោយ​ដំបង កាំបិត ព្រួត​វាយ​កាប់​លើ​ជនរងគ្រោះ ប្លន់​យក​ម៉ូតូ​បែក​កង់​បណ្តើរ​រត់គេច​ទៅ​បាត់​ដោយ​សុ​វត្តិភាព ម្ចាស់​រងរបួស​ដេកពេទ្យ​ដេរ​៧​ថ្នេរ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ផ្លូវ​ច្រកចូល​ដី​ឡុង​ឈិន​ចំណុច​ភូមិ​ផ្សារ​លិច សង្កាត់​ព្រគ​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។​

​ជនរងគ្រោះ​ឈ្មោះ ញ៉ែម បញ្ញា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ ជាង​ពិ​ដាន មាន​ទីលំនៅ​ភូមិ សំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រងរបួស​ដៃ​ឆ្វេង ។​

​តាម​សម្តី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ម៉ូតូ​របស់ខ្លួន​មិនបាន​ចាំ​ស្លាក​លេខ សេរី​២០១៧ ពណ៌​ខ្មៅ ហើយ​កង់​ម៉ូតូ​បែកធ្លាយ​ទៀត ។ មុន​កើតហេតុ កាលពី​វេលា​ម៉ោង​ខាងលើ គ្រា​ដែល​វិលត្រឡប់​មកពី​ដើរលេង​នៅ​វិមាន​ឈ្នះ ឈ្នះ វិញ ម៉ូតូ​បែក​កង់​ក្រោយ បណ្តើរ​ផង ជិះ​ផង ធ្វើដំណើរ​ទៅផ្ទះ ស្រាប់តែ​មកដល់​ចំណុច​ខាងលើ ឃើញ​ស្ងាត់ ក៏​ឡើង​ជិះ​ម៉ូតូ​ទាំង​កង់​ម៉ូតូ​បែក បើក​តិចៗ ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​គ្នា​៦​នាក់ ជិះ​ម៉ូតូ​២​គ្រឿង ប្រដាប់​ដោយ​ដំបង កាំបិត មក​ធ្វើ​សកម្មភាព វាយ កាប់ ប្លន់​យក​ម៉ូតូ ទោះជា​ដឹងថា បែក​កង់​ក៏ ក្រុម​ជនសង្ស័យ ដណ្តើមយក​បណ្តើរ​រត់​គេច​ទៅ​បាត់ បណ្តាល​ឲ្យ​រងរបួស​ដៃ​ដេ​៧​ថ្នេរ ដេក​សម្រាក​នៅ​មន្ទីរពេទ្យបង្អែក​ព្រែក​ព្នៅ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម