មន្ត្រីជាន់ខ្ពស់​សង្គមកិច្ច​ដឹកនាំ​ប្រតិភូ​ទៅ​សិក្សា​របៀប​គ្រប់គ្រង​មណ្ឌល​សំចត​សង្គមកិច្ច​ពី​ថៃ​

516
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: ស្របតាម​ការអញ្ជើញរ​បស់​ភាគី ថៃ ហើយក៏​ជា​ផ្នែក​មួយ នៃ ការ​ឆ្ពោះទៅ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង ក្នុង​ការផ្តល់សេវា​ដល់​ជនរងគ្រោះ និង ងាយ​រងគ្រោះ ពី​ការ​ជួញ​មនុស្ស នៅ​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ នេះ លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​ដឹកនាំ​គណៈប្រតិភូ​មកពី​អន្តរក្រសួង ចាក​ចេញទៅ​ប្រទេស ថៃ ហើយ ដើម្បី សិក្សា​អំពី​របៀប​សាងសង់ ប្រើប្រាស់​មជ្ឈមណ្ឌល​សំចត​មួយ​ដែល​គ្រោង​នឹង​សាងសង់​នៅ ប៉ោយប៉ែត​។​

​លោក ញ៉ឹក វណ្ណា​រ៉ា រដ្ឋលេខាធិការ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ អំពី​គោលបំណង និង ក្តី​រំពឹង​ពី​ដំណើរ​ទស្សនកិច្ច នៃ ប្រតិភូ​មកពី​អន្តរក្រសួង​នាពេលនេះ​យ៉ាង​ថា “ ទី ១ យើង​ទៅ​សិក្សា​ថា តើ​ត្រូវ​សាងសង់​មជ្ឈមណ្ឌល​នោះ​ដោយ​របៀប​ណា បំពាក់​បរ​ក្ខា​អ្វីខ្លះ​ជាដើម ដើម្បី ឱ្យស្រប​ទៅតាម​លក្ខណៈ​បច្ចេកទេស​ផង ហើយ​ជាពិសេស យើង​ក៏​នឹង​ពិភាក្សា​អំពី​ថា​តើ​នឹង​រៀបចំ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​អ្វីខ្លះ​ដល់​ជនរ​ង្គ្រោះ និង ងាយ​រងគ្រោះ ដើម្បី កុំឱ្យ​ពួកគាត់​ក្លាយជា​ជនរងគ្រោះ ទៅ​ថ្ងៃក្រោយៗ​ទៀត ហើយ​យើង​ក៏​រំពឹង​ដែរ​ថា បន្ទាប់ពី​ទស្សនកិច្ច​នេះ​ទៅ យើង​រកឃើញ​នូវ​បទពិសោធន៍​ល្អៗ និង មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី ផ្តល់​សេវា​បណ្តុះបណ្តាល​ដល់​ពួកគាត់ បានល្អ​ប្រសើរ​“​។

​តាម​ការគ្រោងទុក ដំណើរ​ទស្សនកិច្ច​នេះ នឹង​ចាប់ពី​ថ្ងៃទី ២ ដល់​ថ្ងៃទី ៥ ខែ ធ្នូ នេះ ហើយ​សមាសភាព នៃ គណៈប្រតិភូ​នាពេលនេះ មាន​មន្ត្រី​តំណាង​ក្រសួង​សង្គមកិច្ច ក្រសួង​សេដ្ឋកិច្ច ក្រសួងការបរទេស ក្រសួងសុខាភិបាល ក្រសួង​ការងារ គណៈកម្មការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​នឹង​ក្លាយជា​អាជ្ញាធរ​ដែនដី នៃ មជ្ឈមណ្ឌល​មិត្តភាព​កម្ពុជា​-​ថៃ នោះ​។​

​សូមជម្រាបថា បន្ទាប់ពី​បាន​ពិភាក្សា​ជា​បន្ត​បន្ទាប់មក កម្ពុជា នឹង​សាងសង់​មជ្ឈមណ្ឌល​សំចត​មួយ​នៅលើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជា ១ ហិកតា នៅ ប៉ោយប៉ែត ដែល​គ្រោង​នឹង​ចាប់ផ្តើម​សាងសង់​នៅ​ដើមឆ្នាំ ២០២០ ខាងមុខនេះ ហើយ​មជ្ឈមណ្ឌល​នោះ​នឹង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​ជា ១ លាន ដុល្លារ​អាមេរិក ដែលជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល ថៃ ដើម្បី ជា​ចំណងដៃ​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ គឺ កម្ពុជា និង ថៃ ហើយ​តាម​ការគ្រោងទុក មជ្ឈមណ្ឌល នោះ មិន​គ្រាន់តែ​ជា​កន្លែង​សំចត​សម្រាប់​ជនរងគ្រោះ ងាយ​គ្រោះ ពី​អំពើ​ជួញដូរ​មនុស្ស ឬ ជួញដូរ​កម្លាំង​ពលកម្ម តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទីនោះ ក៏​មឹង​ក្លាយជា​កន្លែង​ផ្តល់​សេវា​ផ្សេងៗ ដូចជា​សេវា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​ជនរងគ្រោះ និង ងាយ​រងគ្រោះ​ផងដែរ​៕ ល​