វត្តមាន​សមាគម​សហគ្រិន​ស្ត្រី​ចិន​នៅ​កម្ពុជា ជួយ​បង្កើន​ការវិនិយោគ​និង​ជំរុញ​សេដ្ឋកិច្ច

389
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុម​វិនិយោគិន​ចិន​និង​កម្ពុជា​បាន​បង្កើត​សមាគម​មួយ​ហៅថា​“​សមាគម​សហគ្រិន​ស្ត្រី​ចិន​ច​ន​សាម​នៅ​កម្ពុជា​”​ក្នុង​គោលបំណង​បង្កើត​បណ្តាញ​អ្នកជំនួញ​ស្ត្រី​ចិន​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​ការផ្លាស់ប្តូរ​បទពិសោធន៍​ពត៌មាន​និង​ការសម្រួល​ពាក់ព័ន្ធ​ការវិនិយោគ​។​ក៏ដូចជា​បង្កើត​ឱកាស​ចាប់​ដៃគូ​ពាណិជ្ជកម្ម​និង​ការផ្សព្វផ្សាយ​វប្បធម៌​ចិន​ផងដែរ​។​“​សមាគម​សហគ្រិន​ស្ត្រី​ចិន​ច​ន​សាម​នៅ​កម្ពុជា​”​បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល កោះ​ពេជ្រ ដោយមាន​ការចូលរួម​ពី​ពាណិជ្ជករ និង​វិនិយោគិន​ចិន និង​កម្ពុជា ប្រមាណ​ជាង​២០០​នាក់​។​


លោក ឯក សំអុល ប្រធាន​សមា​គ​មិត្តភាព កម្ពុជា​-​ចិន​ដែល​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​សម្ពោធ​ជា​ផ្លូវការ “​សមាគម​សហគ្រិន​ស្ត្រី​ចិន​ច​ន​សាម​នៅ​កម្ពុជា​”​បាន​ថ្លែងថា​៖​សមាគម​សហគ្រិន​ស្ត្រី​ចិន​ច​ន​សាម​នៅ​កម្ពុជា​បង្កើតឡើង​ដោយ​សហគ្រាស​ចិន​។​ក្នុងនោះ​មាន​លោក​ជា​សឿន​ជា​ប្រធាន​ដឹកនាំ​ប្រមូលផ្តុំ​ដោយ​សហគ្រិន​ឆ្នើម​ដែល​ភាគច្រើន​គឺជា​ស្ត្រី​មាន​សមត្ថភាព​និង​វិនិយោគ​លើ​វិស័យ​ជាច្រើន​នៅ​កម្ពុជា​ដូចជា​វិស័យ​វាយ​ន​ភណ្ឌ​រោងចក្រ​ភោជនីយដ្ឋាន​ស​ម្ភ​ស្ស​និង​ផ្សព្វផ្សាយ​ដែលមាន​សារៈសំខាន់​ក្នុងការ​ចូលរួម​ជំរុញ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។

​លោក​បាន​លើកឡើងថា​៖​មិត្តភាព​កម្ពុជា​-​ចិន មាន​ប្រវត្តិ​យូរអង្វែង​។ ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម និង​ជា​ប្រភព​វិនិយោគ​ដ៏​ធំ​សម្រាប់​កម្ពុជា​។​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​ការពង្រឹង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ចិន​។​ក្នុងនាម​សមាគម​មិត្តភាព​កម្ពុជា​-​ចិន​លោក​សង្ឃឹមថា​សមាគម​សហគ្រិន​ស្ត្រី​ចិន​ច​ន​សាម​នឹង​បន្ត​ពង្រីក​វិនិយោគ​ខ្លួន​ឱ្យ​កាន់តែច្រើន​វិស័យ​ថែមទៀត​ដើម្បី​ចូលរួម​ជំរុញ​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​

​លោក​ឧកញ៉ា​ជា​សឿន​ប្រធានកិត្តិយស​សមាគម​សហគ្រិន​ស្ត្រី​ចិន​ច​ន​សាម​នៅ​កម្ពុជា​និង​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ផងដែរ​ថា​៖​វត្តមាន​សមាគម​សហគ្រិន​ស្ត្រី​ចិន​នៅ​កម្ពុជា​គឺជា​ឱកាស​មួយ​បានទទួល​ការពិភាក្សា​ការផ្លាស់ប្តូរ​គំនិត​យោបល់​ការចាប់​ដៃគូ​ពាណិជ្ជកម្ម​រវាង​អ្នក​បណ្តាក់ទុន​ចិន​និង​ជា​ឱកាស​មួយ​ជួយ​បង្កើន​វិនិយោគទុន​និង​ជំរុញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ព្រមទាំង​ជាការ​រឹតបន្តឹង​មិត្តភាព និង វប្បធម៌​រវាង​ចិន​និង​កម្ពុជា​។​

​លោកស្រី​វ៉ាង​យ៉ុង​ម៊ី​នាយិកា​សមាគម​សហគ្រិន​ស្ត្រី​ចិន​ច​ន​សាម​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖​សមាគម​សហគ្រិន​ស្ត្រី​ចិន​នៅ​កម្ពុជា​នេះ​ផ្តោតលើ​ការអភិវឌ្ឍ​និង​ការវិនិយោគ​នៅ​កម្ពុជា​។​សមាគម​ប្រមូលផ្តុំ​សហគ្រិន​ស្ត្រី​ចិន​ឆ្នើមៗ​មកពី​គ្រប់​វិស័យ​ដើម្បី​ធ្វើ​អាជីវកម្ម​និង​វិនិយោគ​នៅ​កម្ពុជា​។​លោកស្រី​បាន​សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​សមាគម​ឱ្យ​កាន់តែ​រីកចម្រើន​និង​ជោគជ័យ​នាពេល​អនាគត​ក៏ដូចជា​រួមចំណែក​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​កម្ពុជា​៕S/

​ចំណងជើង​រូ​បថ​តៈ​“​សមាគម​សហគ្រិន​ស្ត្រី​ចិន​ច​ន​សាម​នៅ​កម្ពុជា​”​បាន​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ល្ងាច​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល កោះ​ពេជ្រ​(​រូប សុផល​)

ទីតាំងផ្សាយពាណិជ្ជកម្ម