​មេ​តុងទីន​ជំពាក់​លុយ​មិន​សង កូន​តុងទីន​យក​កាំបិត​ទៅ​គំរាម​ទារលុយ​

335
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​បុរស​ដែលជា​មេ​តុងទីន​ម្នាក់​ត្រូវ​កូន​តុងទីន​របស់ខ្លួន​យក​កាំបិត​មក​គំរាម​ដើម្បី​ទារលុយ​ដែល​មេ​តុងទីន​ជំពាក់​ហើយ​បង្ក​មានការ​ភ្ញាក់ផ្អើល​ដល់​ស​ម​ត្ថ​កិច្ច​មូលដ្ឋាន​។​ហេតុការណ៍ នេះ​បាន​កើតឡើង​ស្ថិតនៅ​ផ្ទះ​របស់​មេ​តុងទីន​តែម្តង​ក្នុងភូមិ​បន្ទាយស្រី​ឃុំ​ដំ​ដែក​ស្រុក​សូទ្រនិគម​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម បាន​និយាយថា បុរសរងគ្រោះ​ជា​មេ​តុងទីន​មានឈ្មោះ យុន ប៉ូ​ណាត​អាយុ​៣៩​ឆ្នាំ​បាន​ជំពាក់​លុយ​កូន​តុងទីន​ដែលជា​ប្រពន្ធ​របស់​ជនសង្ស័យ​មាន​ចំនួន​២២​លាន​និង​៥០​ម៉ឺន​រៀល​។​សមត្ថកិច្ច​បាន​បន្តថា​កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កន្លងទៅនេះ​ជន​ស​ង្ស័​ឈ្មោះ​ម៉ិ​ក​ផា​អាយុ​៣៩​ឆ្នាំ​បាន​ឌុប​ប្រពន្ធ​ឈ្មោះ​មេសា​មក​ទារលុយ​តុងទីន​ពី​មេ​តុងទីន​តែ​មិនបាន​។​

​លុះដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ​បានចេញ​ពី​ផ្សារ​ស្រាប់តែ​ឃើញ​ផ្ទះ​មេ​តុងទីន​បើកទ្វារ​របង​ក៏​ជិះ​ម៉ូតូ​ចូលទៅ​ដោយ​កាន់​កាំបិត​ទៅ​សម្លុត​គំរាម​ទារលុយ​ដែល​មេ​តុងទីន​បាន​ជំពាក់​។​សមត្ថកិច្ច​បាន​បន្តថា​ពេលនោះ​ជនរងគ្រោះ​បាន​ភ័យ​ហើយក៏​លោត​ផ្លោះ​របង​ចេញពីផ្ទះ​របស់ខ្លួន​ទៅផ្ទះ​ឈ្មោះ​គីន​ដែល​នៅ​ខាងកើត​ផ្ទះ​បណ្តាលឱ្យ​បាក់ជើង​ខាងឆ្វេង​។​ពេលនោះ​ជនសង្ស័យ​ក៏បាន​លោត​ទៅតាម​ហើយ​បិទ​ទ្វាររបង​និង​ចាក់សោរ​ជាប់ រួច​និយាយថា បើ​មិន​សងលុយ​ទេ គេ​នឹង​កាប់​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា ពេល​សមត្ថកិច្ច​ទៅដល់ ជនសង្ស័យ​មិន​ព្រម​ទំលាក់​កាំបិត​ចុះ​ទេ លុះត្រាតែ​បាន​លុយ​សិន​។​ក្រោយពី​កើតហេតុ​បងប្អូន​ជនរងគ្រោះ​រកលុយ​បាន​ចំនួន​២២​លាន​រៀល យកទៅឱ្យ​ប្រពន្ធ​ជនសង្ស័យ ទើប​ជនសង្ស័យ​ព្រម​ដាក់​កាំបិត​ចុះ ហើយ​ត្រូវបាន​ឃាត់ខ្លួន​ភ្លាមៗ​។​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូនមក​តុលាការ​ខេត្តសៀមរាប​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/

​រូបភាព​: មេ​តុងទីន​ជំពាក់​លុយ​មិន​សង កូន​តុងទីន​យក​កាំបិត​ទៅ​គំរាម​ទារលុយ​៕​គូលែន​

ទីតាំងផ្សាយពាណិជ្ជកម្ម