អភិបាលខេត្ត​សៀមរាប បញ្ជាក់ថា​ មិនមាន​ជនរងគ្រោះ​ស្ថិតនៅក្រោម​ គំនរ​អគារ​បាក់​នៃ​វត្ត​គោកចក​នោះ​ ទៀត​ទេ​

308
ចែករម្លែក

ដោយ​:គូលែន​/​សៀមរាប​ ៖ កាលពី​យប់ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព រដ្ឋបាល​ខេត្តសៀមរាប បាន​បញ្ជាក់ថា មិនមាន​ជនរងគ្រោះ​ស្ថិតនៅក្រោម​គំនរ​អគារ​រលំ​បាក់​នៃ​វត្ត​គោកចក​នោះ​ទៀត​ទេ​។​ដោយ​លោក​អះអាង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ​ដែល​ចេញប្រកាស​ផង​នោះដែរ​ថា ចំនួន​អ្នកស្លាប់​និង​រងរបួស​មិនមាន​ទៀត​ទេ ក្រៅពី​រកឃើញ​និង​សង្គ្រោះ​ហើយ​នោះ​។​

លោក ទៀ សីហា បានបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ទៀតថា វត្ត​ប្រាសាទ​គោកចក ស្ថិតក្នុង​ភូមិ​វាល សង្កាត់​គោកចក ក្រុង សៀមរាប មាន​ករណី​គ្រោះថ្នាក់​បាក់​អគារ​ធម្មសភា (​សាលាឆាន់​) នៅ​វត្ត​ប្រាសាទ​គោកចក កាលពី​វេលា​ម៉ោង ១៤៖១៥​នាទី​។ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កម្លាំងចម្រុះ​សង្គ្រោះ​ជនរងគ្រោះ​ដោយ​ករណី​បាក់​អគារ​ធម្មសភា (​សាលា ឆាន់​) ដោយមាន​ការចូលរួម​ពី​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត មន្ទីរជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ បន្ទាប់ពី​ទទួលបាន​ការ​ព័ត៌មាន​រួចហើយ​។​

ការសង្គ្រោះ​បាន​ប្រើប្រាស់​មធ្យោបាយ​ដូចខាងក្រោម ៖

– កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន ៧៥០​អង្គ​/​នាក់ រួមមាន នគរបាល ប្រជា​ការពារ កម្លាំង ១២០​នាក់ អាវុធហត្ថ កម្លាំង ៨០​នាក់ កងកម្លាំង​ភូមិភាគ ៤ និង​តំបន់​ប្រតិបត្តិការ​សឹក​រង កម្លាំង ២៥០​នាក់ និង ព្រះសង្ឃ បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ដោយ​ស្ម័គ្រ ចិត្ត ប្រមាណ ៣០០​នាក់​
– រថយន្ត​សង្គ្រោះ ចំនួន ៩​គ្រឿង រួមមាន អាវុធហត្ថ​ចំនួន ២​គ្រឿង ភូមិភាគ ៤ ចំនួន ៣​គ្រឿង និង​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន ៤​គ្រឿង​
– គ្រឿងចក្រ​មធ្យោបាយ​សង្គ្រោះ រួមមាន រថយន្តស្ទូច ៤​គ្រឿង​(​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ១​គ្រឿង អង្គភាព​អគ្គិសនី ១​គ្រឿង និង អាជ្ញាធរ​អប្សរា ២​គ្រឿង​) អេស្កាវ៉ាទ័រ ៣​គ្រឿង​(​រដ្ឋបាលខេត្ត ២​គ្រឿង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ១​គ្រឿង​) រថយន្ត អគ្គីសនី​ចល័ត​(​អង្គភាព​អគ្គីសនី​ខេត្ត​) ១​គ្រឿង រៀបចំ​ភ្លើង​បំភ្លឺ សម្រាប់​ប្រតិបត្តិការ​ពេលយប់​។​

គិត​ត្រឹម វេលា​ម៉ោង ១៧​និង​៥០​នាទី ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ កម្លាំង​បាន​ជួយសង្គ្រោះ ទទួលបាន​លទ្ធផល ដោយបាន​រុក​រកឃើញ​ជនរងគ្រោះ​សរុប​ចំនួន ១៦​អង្គ​/​នាក់​(​ព្រះសង្ឃ ២​អង្គ​) ក្នុងនោះ​៖

– រងរបួស​ធ្ងន់ ៤​នាក់​(​ជាងសំណង់ ៣​នាក់ និង​ប្រជា​ការពារ​១) រងរបួស​ស្រាល​ចំនួន ៩​អង្គ​/​នាក់ (​ព្រះសង្ឃ ២​អង្គ ប្រជា​ការពារ ១​នាក់ និង​ជាងសំណង់ ៧​នាក់​) កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ បង្អែក ខេត្ត​
– ស្លាប់​ចំនួន ៣​នាក់​តាម​ការបញ្ជាក់​របស់​ក្រុម​ជាង និង​កងកម្លាំង​ប្រជា​ការពារ​ដែល​ឈរជើង និង​ឃើញ​ហេតុការណ៍ បាន បញ្ជាក់ថា មិនមាន​ចំនួន​ជនរងគ្រោះ​ទៀតឡើយ​។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ដែល​ដឹកនាំ​បញ្ជា​ផ្ទាល់ បាន​ណែនាំ​ក្រុមការងារ​នឹង​បន្ត កាយ​គំនរ សំណង់ នៅ​ពេលយប់​បន្តទៀត ដោយ​បន្ថែម​កម្លាំង​រហូត​ទាល់តែ​អស់​គំនរ​សំណង់​ទាំងស្រុង៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម