រថយន្តមួយគ្រឿងពន្លះជាមួយ​ម៉ូតូ នៅក្រុងតាខ្មៅ របួសធ្ងន់​ដាច់កជើង ម្នាក់, ម្ចាស់រថយន្ត​រត់គេចខ្លួន

259
ចែករម្លែក

ដោយ:ឆាយានាថ/កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាកកាមរី បុកជាមួយម៉ូតូសង់សេ១២៥ បណ្តាលឲ្យភាគីម៉ូតូរបួសធ្ងន់ដាច់កជើង និងម្នាក់ទៀតរបួសស្រាល ។ ចំណែកភាគីម្ចាស់រថយន្តរត់គេចខ្លួនបាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២ ខែធ្នូ វេលាម៉ោង១៩ៈ២០នាទី នៅចំណុចច្រកចូលផ្ទះសំណាក់អង្គរជ័យ លើផ្លូវជាតិលេខ២ កែងផ្លូវ៧មករា ស្ថិតនៅភូមិក្រពើហាខាងកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តមួយ​គ្រឿងម៉ាកកាមរីពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2Z-0739 អ្នកបើក​រថយន្តមិនទាន់ស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីជើងទៅត្បូង រួចបត់ឆ្វេង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BP-9330 មិនពាក់មួកសុវត្ថិភាពនិងគ្មាន​កញ្ចក់មើលក្រោយ បានបុករថយន្ត ផ្នែកខាងស្ដាំផ្នែកខាងមុខដោយអ្នកបើក​ម៉ូតូមានឈ្មោះពៅ ពិសី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រែកឡុង សង្កាត់តាក្ដុល ក្រុងតាខ្មៅ រងរបួសដាច់កជើងខាងស្ដាំ ត្រូវបាន​រថយន្តសង្រ្គោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដឹកយកទៅ​សង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះនិងអ្នករួមដំណើរពីក្រោយឈ្មោះអាន សុខហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ រងរបួសស្រាល ទៅមន្ទីរពេទ្យដោយខ្លួនឯង។

ចំពោះករណីនេះ សមត្ថកិច្ចបាននាំយកមធ្យោបាយដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាម​នីតិវិធី៕B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម