ប្រធានរដ្ឋសភា :បេសកកម្មរបស់​​ឯកអគ្គរដ្ឋទូតថ្មីសហភាពអឺរ៉ុប​ មានសារៈសំខាន់ក្នុងការលើកកម្ពស់​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជា

461
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ លោកស្រី ខាម៉ិន ម៉ូរ៉េណូ (H.E. Mrs. Carmen Moreno) ឯកអគ្គរដ្ឋទូត នៃសហភាពអ៊ឺរ៉ុប ប្រចំាព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។

ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មការទូតរបស់លោកស្រី។ សម្តេចមានក្តីសង្ឃឹមថា បេសកកម្មការទូតថ្មីរបស់ លោកស្រីខា​ម៉ិន ម៉ូរ៉េណូ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លំាងណាស់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអ៊ឺរ៉ុប ឱ្យកាន់តែរឹងមំា និងរីកចម្រើនថែមទៀត។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា កម្ពុជា-សហភាពអ៊ឺរ៉ុប មានកាតព្វកិច្ចដ៏សំខាន់​ក្នុងការរួមគ្នាកសាងនូវភាពសុខដុមរមនា និងភាពសំបូររុងរឿង ដល់ប្រជាជនទាំងសងខាង មិនតែប៉ុណ្ណោះមិត្តភាពនេះ ជាកំលាំងចលកររួមចំណែក ដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និង សកលលោកផងដែរ។ ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរអតីតឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបមុនៗ ដែលបានបំពេញតួនាទី ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដ៏សកម្មជាមួយកម្ពុជា។

លោកស្រី ខាម៉ិន ម៉ូរ៉េណូ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្នុងរយៈពេលប្រមាណជា ២៥ឆ្នាំកន្លងមកនេះ សហភាពអ៊ឺរ៉ុប បានក្លាយជាដៃគូសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា លើគ្រប់វិស័យ។ ហើយបេសកកម្មនេះ សហភាពអ៊ឺរ៉ុប នៅតែមាន​ឆន្ទៈអនុវត្តបន្តទៅមុខទៀត ដើម្បីគំាទ្រដល់ការរីកចម្រើនរបស់កម្ពុជា។

លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងបន្តថា ជំនួយគំាទ្ររបស់សហភាពអ៊ឺរ៉ុបមកកម្ពុជា នាពេលកន្លងមក មានទំាងខាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ លោកជំទាវ ខាម៉ិន ម៉ូរ៉េណូ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភា ដែលជាស្ថាប័នកំពូល មានតួនាទីសំខាន់នៅក្នុងការចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិ។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រ និងបេ្តជ្ញាក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យបេសកកម្មការទូតរបស់លោកជំទាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ។ សម្តេចសង្ឃឹមថា លោកជំទាវឯកអគ្គរដ្ឋទូត នឹងបានស្វែងយល់ពីស្ថានភាព ពិតនៅកម្ពុជា ពិសេសគឺ ការរក្សាបាននូវស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល នាំមកនូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ដែលផ្ទុយពីការបំពងសម្លេងពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយនោះ៕B/

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយ លោកស្រី ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូត នៃសហភាពអ៊ឺរ៉ុប ប្រចំាព្រះរាជាណាច ក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា