ប្រាក់ឧបត្ថម្ភដែលសម្តេចតេជោ ​ហ៊ុន សែន ជួយដល់អ្នកស្លាប់ម្នាក់ៗ​ចំនួន២០លានរៀល និងអ្នករបួស​​១៦នាក់ ក្នុម្នាក់ៗ៣លានរៀល បាន​បញ្ចូនទៅដល់ដៃហើយ

376
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រកាសឧបត្ថម្ភថវិកាប្រមាណ ២០លានរៀលសម្រាប់អ្នកស្លាប់ និង ៣លានរៀល សម្រាប់អ្នករងរបួសក្នុងហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប នេះគឺជាការបញ្ជាក់អោយដឹងពី លោក គន់ គីម នៅយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ឥលូវនេះបានបញ្ជូនដល់ដៃជនរងគ្រោះទាំងអស់រួចហើយ។

ប្រាក់ឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ត្រូវបានលោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប តំណាងឲ្យនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងតំណាងឲ្យសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន នាំយកថវិកាទាំងនោះទៅប្រគល់ជូនដល់ផ្ទាល់ដៃជនរងគ្រោះជាបន្តបន្ទាប់ នៅវេលាម៉ោង១២ពាក់កណ្តាលអាធ្រាត ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ។

នេះជាការបញ្ជាក់របស់លោកឧកញ៉ា សៀង ណាំតំណាងរាស្ត្រមណ្ឌលសៀមរាប នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩នេះ ដោយលោកបានពាំនាំនៅសេចក្តីរំលែកទុក្ខជូនដល់ក្រុមគ្រួសាររងគ្រោះនោះទាំងអស់ផង។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់នេះ ហើយសម្តេចទាំងទ្វេក៏សម្រេច ប្រកាសផ្តល់ជូនថវិកាដល់អ្នកស្លាប់ទាំង៣នាក់ភ្លាមៗ ដោយក្នុងម្នាក់ៗទទួលបានថវិកា២០លានរៀល និងអ្នករបួស១៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៣លានរៀល។

កាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ កើតមានហេតុការណ៍បាក់រលំប្លង់សេអគារសាលាឆាន់ នៅវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោក​ចក ក្រុងសៀមរាប។ ហេតុការណ៍នេះ បណ្តាលឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ១៣អង្គ/នាក់ រងរបួសធ្ងន់ស្រាល និង ៣នាក់បានស្លាប់បាត់បង់ជីវិត។ រហូតមកដល់យប់ថ្ងៃនេះ ក្រុមអ្នកជួយសង្គ្រោះបានអះអាងថា ជនរងគ្រោះទាំងអស់ត្រូវបានយកចេញពីគំនរប្លង់សេនេះអស់ហើយ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានពីរនាក់នៅក្នុងខេត្តសៀមរាប និងម្នាក់មានលំនៅឋានក្នុងខេត្តព្រៃវែង។ សពជនរងគ្រោះត្រូវបានអាជ្ញាធរចាត់ចែងដឹកទៅកាន់លំនៅឋាន ហើយរៀបចំធ្វើពិធីបុណ្យតាមប្រពៃណី។ នេះគឺជាគ្រោះសោកនាដកម្មមួយដែលកើតមានដោយមិនដឹងខ្លួនថែមថ្មីទៀត បន្ទាប់ពីរលំបាក់អគារ៧ជាន់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុនាពេលកន្លងទៅ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម