សម្តេច​តេ​ជោ​ហ៊ុនសែន​ចង់​ឲ្យ​មានការ​លើកស្ទួយ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​វិនិយោគ​នៅក្នុង​ចំណោម​ប្រទេស​និយាយ​ភាសា​បារាំង​ ​ ​

393
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ (Louise Mushikiwabo) អគ្គលេខាធិការ​នៃ​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​នៅ​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ នេះ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។

​នៅក្នុង​ជំនួប​នោះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​លើកឡើង​អំពី​កិច្ចសហការ​រវាង​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​នេះ​គប្បី​ណា​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​លើ​គម្រោង​មួយចំនួន​ដែល​អាចធ្វើ​ទៅបាន ។ ជាមួយគ្នានេះ​សម្ដេច​តេ​ជោ​ចង់​ធ្វើយ៉ាងណា​ដើម្បី​លើកស្ទួយ​ទំនាក់ទំនង​លើ វិស័យសេដ្ឋកិច្ច វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​ព្រោះថា​ទំនាក់ទំនង​នយោបាយ​គឺ​ចាប់​ផ្ដើមឡើង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​។​

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​ហ៊ុនសែន​បានឱ្យដឹងថា​៖​លោកស្រី Louise Mushikiwabo បាន​ជម្រាបជូន​សម្ដេច​តេ​ជោ ហ៊ុន សែន អំពី សកម្មភាព​របស់​កម្ពុ​ជា​នៅក្នុង​អង្គការ​និយាយ​ភាសា​បារាំង​និង​មានប្រសាសន៍ថា​កម្ពុជា​ពិត​ជាមាន​សកម្មភាព​យ៉ាងសកម្ម​ជាទីបំផុត​ក្នុងនាម​ជា​បិតា​ស្ថាបនិក​នៃ​អង្គ​ការនិយាយ​ភាសា​បារាំង​នេះ ​។​ជាមួយគ្នានេះ​លោកស្រី​សូម​គោរព​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហើយ​ក៏បាន​ស្នើសុំ​ធ្វើយ៉ាងណាឲ្យ​កម្ពុ​ជាមាន​សកម្មភាព​កាន់តែខ្លាំង​ឡើង​ថែមទៀត​នៅក្នុង​កិច្ចការងារ​នេះ​។​

​ទន្ទឹមនឹងនេះ​លោកស្រី​បាន​មានប្រសាសន៍ថា​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​នៅពេលនេះ​គឺ​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង​ឡើង​ថែមទៀត​ហើយនិង​ជំរុញ​នូវ​គម្រោង​ទាំងឡាយ​ឲ្យ​មាន​ភាពជាក់លាក់។​លោកស្រី​ក៏បាន​ស្នើ​ឲ្យ​កម្ពុជា​ចូលរួម​អនុវត្ត​គម្រោង​ដែលមាន​ភាពជាក់លាក់​ទាំ​ង​ឡាយ​នោះ​រួមមាន ៖១.​ការលើកស្ទួយ​ការបង្រៀន​ភាសា​បារាំង ,២.​ការលើកស្ទួយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​និយាយ​ភាសា​បារាំង​និង​៣.​ដើម្បី​រៀបចំ​នូវ​ខួប​ទី​៥០​ឆ្នាំ​នៃ​ការបង្កើត អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​នេះ​នៅ​ឆ្នាំ​២០២០​ខាងមុខ ។ លើសពីនោះ​ទៅទៀត​លោកស្រី​ក៏បាន​សម្ដែង​នូវ​ការអបអរ​ជូន​ដល់​កម្ពុជា​យើង​ដែលបានប្រែក្លាយ​ពី​ប្រទេសមួយ​ដែល​ធ្លាប់​ទទួល​កងទ័ព​មួក​ខៀវ​ពី​អង្គការសហប្រជាជាតិ​មកជា​ប្រទេសមួយ​ដែល​បញ្ជូន​ទ័ព​ទៅ​ជួយ​ប្រទេស​ជ្សេ​ងៗ​ក្រោម​ឆ័​ត្រអង្គការសហប្រជាជាតិ​។​ជាមួយ​នោះដែរ​លោកស្រី​ក៏បាន​លើកទឹកចិត្ត​ជាថ្មី​ម្ដងទៀត​ឲ្យ​កម្ពុជា​ចូលរួម​កាន់តែខ្លាំង​ឡើង​ថែមទៀត​ក្នុង​កិច្ចប្រតិបត្តិការ​ថែរក្សាសន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​កម្ពុជា​ក្នុងនាម​ជា​ស្ថាប និក​មួយ​នៃ​ការបង្កើត​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​នេះ​នឹង បន្តធ្វើ​សកម្មភាព​យ៉ាងសកម្ម​នៅក្នុង​ក្របខ័ណ្ឌ​អង្គការ​នេះហើយ​កម្ពុជា​ក៏​នឹងចូលរួម​រៀបចំ​ខួប​៥០ឆ្នាំ​របស់​អង្គការ​អន្តរជាតិ​និយាយ​ភាសា​បារាំង​នេះ ​។ តាមគោលការណ៍​និង​ការរៀបចំ​ឡើង​របស់​អង្គការ​នេះ​នឹង​អាច​រៀបចំ​ឲ្យ​និស្សិត​កម្ពុជា​ដែល​រៀន​ភាសា​បារាំង​នៅ​ប្រទេស​បារាំង​រៀប ចំ​សកម្មភាព​ផ្សេងៗ​ដើម្បី​ចូលរួម​អបអរ​នៅក្នុង​ខួប ៥០​ឆ្នាំនេះ​ផងដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ជូនពរ លោកស្រី Louise Mushikiwabo ទទួលបាន​សុខភាព​ល្អ និង ជោគជ័យ​ក្នុង​កិច្ចការងារ​ជា​បន្តបន្ទាប់​ទៀត ។​

​គួរបញ្ជាក់​ជូន​ថា​៖​ង្គ​ការ OIF​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧០​ដោយ​បិតា​ស្ថា​បិ​ក​ចំនួន​៤ រូប​គឺ​លោក Léopold Sédar Senghor ប្រមុខរដ្ឋ​ប្រទេស​សេ​ណេ ហ្កា​ល់ ,​លោក Habib Bourguiba ប្រមុខរដ្ឋ​ប្រទេស​ទុយ​នី​ស៊ី​, លោក Hamani Diori ប្រមុខរដ្ឋ​ប្រទេស​នី​ហ្សេ និង​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហា ក្សត្រ​នៃ​ប្រទេស​កម្ពុជា​ ។ នាពេល​បច្ចុប្បន្ននេះ​អង្គការ OIF បាន​ក្លាយជា​អង្គការ​អន្តររដ្ឋាភិបាល​ដ៏​ធំ​មួយ​នៅក្នុង ពិភពលោក​(​បន្ទាប់ពី​អង្គការសហប្រជាជាតិ​)​មាន​រដ្ឋ​និង​រដ្ឋាភិបាល​សមាជិក​ស​រុ​ប​ចំនួន ៨៨ (​សមាជិក​ពេញសិទ្ធិ​ចំនួន​៥៤​មិន​ពេញសិទ្ធិ​ចំនួន​៧​និង​សមា ជិ​ក​សង្កេតការណ៍​ចំនួន ២៧) ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម