ស្ត្រី​ម្នាក់ ទើប​ចេះ​បើកឡាន​ជាន់​ហ្គា​​ថា​ហ្វ្រាំង ទៅបុក​គូទ​រថយន្ត​គេ ​ហើយ​បន្ត​បុក​ធុង​ទឹកអំពៅ រួច​ជ្រុល​​ចូល​របង​ផ្ទះ​អ្នកលក់​ភេសជ្ជៈ​

267
ចែករម្លែក

ដោយ:​បាយ័ន​/​សៀមរាប ​៖ ស្ត្រី​ម្នាក់ទើប​ចេះ​បើកឡានមិន​ប្រយ័ត្ន ដល់​ផ្លូវកែង ជាន់​ហ្គា ថា ហ្វ្រាំង បុក​គូទ​រថយន្ត​NISSAN បន្តិច ហើយ​ជ្រុល​ចង្កូត ទៅបុក​ធុង​ទឹកអំពៅ បណ្តាលឱ្យ​រងរបួស​អ្នកលក់​ទឺ​ក​អំពៅ​ត្រង់​ដៃស្តាំ រួច​ជ្រុល​ចូល​របង​ផ្ទះ​អ្នកលក់​ភេសជ្ជៈ ចែ ខួច បាក់​របង ផ្ទះ និង ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង និង ម៉ាស៊ីនភ្លើង​តូច ១ និង ម៉ូតូ​រឺ​ម៉ក លក់​ទឹកអំពៅ ព្រមទាំង​ខ្ទេច​ឡាន​ផ្នែក​ខាងមុខ​យ៉ាង​ធ្ងន់ តែ​សំណាងល្អ ម្ចាស់​មិនមាន​គ្រោះថ្នាក់​អ្វី​ឡើយ​។​

ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​៣​ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ផ្លូវកែង លោកតា​ណឺ​យ លើ​ដងផ្លូវ​លូទឹកស្អុយ ត្រង់​របង​ផ្ទះ លក់​ភេសជ្ជៈ យី ហោ ចែ ខួច ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្ត សៀមរាប​។​

បើតាម​មន្ត្រីនគរបាល​ចរាចរ​ណ៍​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា មុនពេល​កើតហេតុ​មាន​មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​សាលា​កំរើក​បាន​រាយការណ៍​មក​ថា មាន​ករណី​រថយន្ត ហាយ ឡិន​ឌឺ​(HIGHLANDER)​ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ស្ត្រី​ម្នាក់ បាន​បុក​ឡានតូច ហើយ ជ្រុល​បុក​ធុង​ទឹកអំពៅ ហើយ​បុក​ចូល​របង​ផ្ទះ​អ្នកលក់​ភេសជ្ជៈ​ទៀត​។​

ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​ខាង​ចរាចរណ៍ បាន​ចុះ​មកដល់​គោលដៅ ទើប​ធ្វើការ​វាស់វែង និង ជួយ​សម្រួល​ចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​សិស្ស​ដែល​ចេញពី​សាលា​ផងដែរ​។​

ប្រភព​បាន​បញ្ជាក់ថា ម្ចាស់​រថយន្ត ហាយ ឡិន​ឌឺ (HIGHLANDER) ឈ្មោះ ជា ស្រី ទូច ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប បណ្តាលឱ្យ​ខូចខាត​រថយន្ត​ផ្នែក​ខាងមុខ​ទាំងស្រុង តែ​សំណាងល្អ ម្ចាស់​មិនកើត​អី​។

ចំណែក​ម្ចាស់​រថយន្ត​ម៉ាក NISSAN ពណ៌​ស ​ដែល​ជិះ​ក្នុងនោះ​មាន​២​នាក់​ប្តី​ប្រពន្ធ មានឈ្មោះ​(​ប្តី​) មិញ ប៊ុន ឡា អាយុ​៥៣​ឆ្នាំ​និង​ប្រពន្ធ ឈ្មោះ សោ គឹម​តេង អាយុ​៦១​ឆ្នាំ ពាក់​ស្លាក​លេខ សៀមរាប ២.A.៤៧៤០ ខូចខាត​ផ្នែក​គូទ​ខាងក្រោយ​ត្រង់​ស្តុ​ប​និង​កាង ខាងស្តាំ ប៉ុន្តែ​ម្ចាស់​សុំឱ្យ​ជួសជុល​ឡើងវិញ មិន​ទាមទា​សំណង​អ្វី​ឡើយ​។​

រីឯ អ្នកលក់​ទឹកអំពៅ ឈ្មោះ ព្រំ សុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ម្ចាស់​រថយន្ត រ៉ាប់រង មើល​ជម្ងឺ​ឱ្យ​ប្អូនប្រុស​នោះ​ឱ្យ​ជា​។​

ដោយឡែក​ម្ចាស់ផ្ទះ​លក់​ភេសជ្ជៈ ដែល​ត្រូវ​រថយន្តបុក ចូល​របង​ផ្ទះ​នោះ ឈ្មោះ តាន់ ប៊ុន​លេង ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​មុខរបរ​លក់​ភេសជ្ជៈ សុំឱ្យ​ម្ចាស់​រថយន្ត ជួសជុល និង ធ្វើឱ្យ​ស្អាត​ដូចដើម​វិញ ពុំ​ទាមទា​សំណង បន្ថែម​អ្វី​ឡើយ​។​

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​អូស​យក​រថយន្ត បង្ក ទៅ​រក្សាទុក​នៅ​គោលដៅ សួនច្បារ​មាត់​ស្ទឹង មុខ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម